ការរើសអើងស្ត្រីក្នុងវិស័យនយោបាយ ការដាក់ឲ្យស្រ្តីឈរឈ្មោះជាបេក្ខភាពបោះឆ្នោតនៅលេខរៀងក្រោយគេ និងកង្វះការផ្សព្វផ្សាយព័ត៌មានជុំវិញភាពជាអ្នកដឹកនាំរបស់ស្ត្រី គឺជាកត្តាសំខាន់ៗដែលធ្វើឲ្យចំនួនតំណាងស្ត្រីកម្ពុជាក្នុងវិស័យនយោបាយនៅតែមានចំនួនតិចតួច។ កង្វះចំនួនស្រ្តីក្នុងវិស័យនយោបាយ បានធ្វើឲ្យគោលនយោបាយជាតិកម្ពុជា មិនទាន់អាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ស្ត្រីកម្ពុជាបាន។
បើទោះជាស្ត្រីនៅកម្ពុជាមាន៥២% នៃចំនួនប្រជាជនសរុបក្តី ប៉ុន្តែចំនួនស្ត្រីដែលមានតួនាទីក្នុងកិច្ចការនយោបាយ និងធ្វើសេចក្តីសម្រេចចិត្តទៅលើបញ្ហាសំខាន់ៗក្នុងសង្គមនៅតែមានចំនួនតិចតួចនៅឡើយ។ ការរើសអើងលើស្ត្រីក្នុងវិស័យនយោបាយ ការមិនឲ្យតម្លៃស្ត្រីជាបេក្ខនារីក្នុងការដណ្តើមយកសំឡេងឆ្នោត និងកង្វះការផ្សព្វផ្សាយព័ត៌មានជុំវិញភាពជាអ្នកដឹកនាំរបស់ស្ត្រី គឺជាឧបសគ្គរាំងស្ទះចម្បងៗដែលមិនអនុញ្ញាតឲ្យស្ត្រីក្លាយជាតំណាងស្ត្រីក្នុងវិស័យនយោបាយ។ នេះបើយោងតាមកិច្ចពិភាក្សាមួយក្នុងកម្មវិធីប្រកាសបើកការអនុវត្តគម្រោងស្ត្រីក្នុងវិស័យនយោបាយ នាថ្ងៃពុធនេះ ស្របពេលដែលការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨កាន់តែខិតជិតមកដល់។
គម្រោងស្ត្រីក្នុងវិស័យនយោបាយនេះ ត្រូវបានរំពឹងថា នឹងអាចរួមចំណែកធ្វើឲ្យតំណាងរបស់ស្ត្រីកម្ពុជាក្នុងវិស័យនយោបាយមានការកើនឡើង ហើយស្ត្រីវ័យក្មេងកម្ពុជានឹងចូលរួមក្នុងសកម្មភាពនៃដំណើរការបោះឆ្នោតខាងមុខច្រើនជាងមុន។
ថ្លែងនៅក្នុងកម្មវិធីបើកការអនុវត្តគម្រោងនេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា ចំនួនស្ត្រីកម្ពុជាចូលរួមក្នុងនយោបាយ កំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ បើប្រៀបធៀបនឹងបណ្តាប្រទេសដទៃទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ាន។ លោកស្រីលើកឡើងពីមូលហេតុ ដែលស្រ្តីគប្បីចូលរួមនយោបាយឲ្យកាន់តែច្រើន។
លោកស្រីរដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ស្ត្រីក៏ចង់បានស្រ្តីជាសំឡេងខ្លួនដែរ លើកបញ្ហារបស់ខ្លួនឯង ដែលកន្លងមកស្ត្រីឃើញថា អ្នកដែលធ្វើនយោបាយ លោកមិនបានលើកបញ្ហាខ្លួនឲ្យពិតជាក់ស្តែង ដោយសារលោកមិនបានជួបបញ្ហាហ្នឹងដោយខ្លួនគាត់។ ទី២ ស្ត្រីដឹកនាំជីវិតខ្លួនខុសពីបុរស។ យើងពាក់ព័ន្ធលើរឿងសង្គមកិច្ចច្រើន។ ទី៣ តាមរដ្ឋធម្មនុញ្ញចែងថា តាំងពីកំណើតមក ប្រជាពលរដ្ឋគ្រប់រូបទាំងបុរស និងស្ត្រីមានសិទ្ធិស្មើគ្នា»។
លោកស្រី អ៊ឹង កន្ថាផាវី អះអាងថា រដ្ឋាភិបាលមិនត្រឹមតែចង់ឲ្យមានចំនួនស្ត្រីច្រើនក្នុងឆាកនយោបាយប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ចង់ឲ្យស្ត្រីមានសមត្ថភាពអាចបំពេញតួនាទីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធភាព រាប់ទាំងភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងការតស៊ូមតិ។
លោកស្រី អ៊ឹង កន្ថាផាវី ពន្យល់ថា៖ «កន្លងមក យើងឃើញថា ស្ត្រីខ្លួនឯងនៅមិនទាន់មានជំនឿចិត្តលើស្ត្រីខ្លួនឯងទេ។ អាហ្នឹងដោយសារអ្វី ហេតុអ្វីបានយើងមិនសូវជឿលើស្ត្រី។ នេះជាបញ្ហាមួយ គុណភាពនៃបេក្ខភាព ដែលប្រឡូកក្នុងវិស័យនយោបាយ។ សមត្ថភាពគាត់ឲ្យរឹងមាំ មានចំណេះដឹង ពេលគាត់និយាយទៅ ឲ្យគាត់មានជំនឿបោះឆ្នោតជូនគាត់»។
គម្រោងស្ត្រីក្នុងវិស័យនយោបាយនេះ មានសកម្មភាពធំៗចំនួន៣ជាអាទិ៍ ការអភិវឌ្ឍសមត្ថភាពបេក្ខនារី ទៅលើជំនាញទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយទំនើប យុទ្ធនាការផ្សព្វផ្សាយព័ត៌មានដល់ស្រ្តីវ័យក្មេង អំពីដំណើរការបោះឆ្នោត ព្រមទាំងការផ្សព្វផ្សាយអំពីបញ្ហា និងតម្រូវការរបស់ស្ត្រី។ គម្រោងនេះមានរយៈពេល៣ឆ្នាំនេះ និងធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៣ទៀតគឺ កំពង់ធំ បាត់ដំបង និងសៀមរាប។
លោកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការ ដែលឃ្លាំមើលការវិវត្តស្ថានភាពនយោបាយកម្ពុជា និងធ្វើការលើកកម្ពស់តម្លៃស្ត្រីនៅកម្ពុជា បញ្ជាក់ប្រាប់ VOA ថា ស្ត្រីកម្ពុជាដែលមានសមត្ថភាពមានចំនួនច្រើន ប៉ុន្តែមិនមានឱកាសចូលរួមវិស័យនយោបាយ។ លោកស្រីគូសបញ្ជាក់ពីផលវិជ្ជមាននៃសមាមាត្ររវាងស្រ្តី និងបុរសក្នុងឆាកនយោបាយ។
លោកស្រី ធីតា ឃឹះ ថ្លែងប្រាប់ VOA៖ «ទី១ ស្ត្រីក្លាយជាអ្នកធ្វើគោលនយោបាយរបស់ជាតិ ស្ត្រីធ្វើសេចក្តីសម្រេចចិត្តទៅលើតម្រូវការសង្គម។ ចឹងទៅ ក្នុងការធ្វើគោលនយោបាយ ឬក្នុងការអនុម័តថវិកា ស្ត្រីអាចយកចិត្តទុកដាក់លើបញ្ហាសង្គមកិច្ចច្រើន ពីព្រោះថវិកា បើប្រុសៗអ្នកធ្វើ ភាគច្រើនការសម្រេចរបស់គេ វាធ្លាក់ទៅលើអាទិភាពមនុស្សប្រុស។ មួយទៀត កាលណាមិនសូវមានស្រ្តីក្នុងនយោបាយ វាមិនសូវមានគំរូល្អដល់កូនស្រី ប្អូនស្រីយើងទៅថ្ងៃអនាគត ក្នុងការឲ្យស្រីៗ យើងមានចិត្តក្លាហាន ហ៊ានសួរ ហ៊ានថា ហ៊ានធ្វើការសម្រេចចិត្ត»។
យ៉ាងណាក៏ដោយ លោកស្រី ធីតា ឃឹះ អះអាងថា ការរើសអើងចំពោះស្ត្រីក្នុងនយោបាយនៅតែមាន ជាពិសេសការដាក់ឲ្យស្រ្តីឈរឈ្មោះជាបេក្ខភាពបោះឆ្នោតនៅលេខរៀងក្រោយគេ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោកស្រីបន្ថែមថា វិធានការផ្ទៃក្នុង និងផ្លូវច្បាប់ដើម្បីធានាឲ្យចំនួនស្ត្រីអាចកើនឡើងដល់៥០%ក្នុងវិស័យនយោបាយត្រូវតែមាន។
ការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រនារីរតនៈ ដើម្បីបង្កើនសមាមាត្រស្ត្រីក្នុងវិស័យសាធារណៈ និងនយោបាយ ព្រមទាំងអភិវឌ្ឍសមត្ថភាពស្រ្តីក្នុងការបំពេញមុខងារសាធារណៈ។ ក៏ប៉ុន្តែ កាលពីឆ្នាំ២០១៥កន្លងទៅ កម្ពុជាមិនបានសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សនៃអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយ ដែលធានាឲ្យមានការកើនឡើងតំណាងស្ត្រីក្នុងសភាជាតិឱ្យបានដល់៣០ភាគរយ (ឬ៣៦រូប)៕