សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអាស៊ីខាងកើត នៅថ្ងៃព្រហស្បតិ៍នេះ បានស្វាគមន៍ការដាក់ទណ្ឌកម្មតឹងតែងជាងមុនបន្ថែមទៀតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដល់ប្រទេសកូរ៉េខាងជើង នៅក្នុងសេចក្ដីសម្រេចលេខ ២៣២១ ដែលបានអនុម័តកាលពីថ្ងៃពុធម្សិលមិញ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានចេញសេចក្ដីប្រកាសគាំទ្រសេចក្ដីសម្រេចថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ ដោយបានលើកឡើងថាសេចក្ដីសម្រេចនេះ «ឆ្លុះបញ្ចាំងពីគោលបំណងរបស់សហគមន៍អន្តរជាតិក្នុងការចាត់វិធានការតឹងតែងនានា ដែលខុសទាំងស្រុងពីវិធានការកាលពីលើកមុនៗ»។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានជំរុញឲ្យប្រទេសកូរ៉េខាងជើងផ្ដោតការយកចិត្តទុកដាក់ចំពោះការព្រមានរបស់សហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន បើមិនដូច្នេះទេ កូរ៉េខាងជើងនឹងប្រឈមជាមួយនឹងផលលំបាកនានាបន្ថែមទៀតជាមិនខាន។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងលោក Cho June-hyuck បាននិយាយថា៖ «កូរ៉េខាងជើងនឹងមិនគ្រាន់តែជួបប្រទះនូវផលលំបាកផ្នែកសេដ្ឋកិច្ច និងភាពឯកោផ្នែកការទូតនោះទេ ប៉ុន្តែសិទ្ធិ និងបុព្វសិទ្ធិរបស់ប្រទេសនេះក្នុងឋានៈជាសមាជិករបស់អង្គការសហប្រជាជាតិ ក៏ត្រូវគេផ្អាកផងដែរ»។
ការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះសេចក្ដីសម្រេចនេះ ក៏មានសារៈសំខាន់ណាស់ដែរ ដោយហេតុថា លំហូរពាណិជ្ជកម្មកូរ៉េខាងជើង ៩០ ភាគរយ ជាទូទៅគឺចូលទៅកាន់ប្រទេសចិន ឬឆ្លងកាត់ប្រទេសចិន។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មជាច្រើនដល់ប្រទេសកូរ៉េខាងជើងតាំងពីឆ្នាំ ២០០៦ មក។ អ្នកការទូតនានាបាននិយាយថា វិធានការទាំងនេះបានពន្យារពេលកូរ៉េខាងជើងមិនឲ្យសម្រេចបានកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែ កន្លងមក វិធានការទាំងនេះមិនបានធ្វើឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងលះបង់មហិច្ឆតាអាវុធបរមាណូរបស់ខ្លួននោះទេ៕