វេជ្ជបណ្ឌិតខ្មែរនៅសហរដ្ឋអាមេរិក (ស.រ.អ) ថ្លែងថា មានថ្នាំព្យាបាលជំងឺថ្លើមប្រភេទ សេ (C) ឲ្យជាសះស្បើយដល់ទៅ៩០ភាគរយ ដែលអាចរកទិញបាននៅស.រ.អ។
តម្លៃថ្នាំថ្មីទាំងនោះអាចដល់ទៅ១០០០ (១ពាន់ដុល្លារ) ក្នុង១គ្រាប់ ឬក៏១០០,០០០ (១សែនដុល្លារ) ក្នុងមួយរយៈពេលនៃការព្យាបាលពី៣ ទៅ ៦ខែនោះ បើធៀបនឹង ប្រទេសឥណ្ឌាដែលមានតម្លៃថោកជាង គឺត្រឹមប្រមាណពី៥០០០ ទៅ៦០០០ ដុល្លារ តែប៉ុណ្ណោះ។
Your browser doesn’t support HTML5
នេះបើតាមការលើកឡើងរបស់លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរ នៅទីក្រុង Jacksonville រដ្ឋ Florida ស.រ.អ ដែលបានថ្លែងក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍។
លោកថា ថ្នាំព្យាបាលថ្លើមមាន ដូចជា HARVONI (Ledipasvir/Sofosbuvir), VIEKIRA PAK (Ombitasvir/Paritaprevir/Ritossavir/Dasabuvir), ZEPATIER (Elbasvir/Grazoprevir),EPCLUSA (Sofosbuvir/Velpatasvir )។
ក៏ប៉ុន្តែ លោក តាំង តេកហុង សង្កត់ធ្ងន់ថា នៅកម្ពុជាមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ក្រោមកម្មវិធីជំនួយរបស់អង្គការគ្រូពេទ្យគ្មានព្រំដែន មានការព្យាបាលដោយមិនគិតថ្លៃ ប្រសិនបើអ្នកជំងឺត្រូវគេពិនិត្យទៅរកឃើញថា មានជំងឺថ្លើមមែន។
លោកបន្ថែមថា អ្នកកើតជំងឺថ្លើមមិនអាចទទួលទានស្រា និងគ្រឿងស្រវឹងជាដាច់ខាត៕