ពលរដ្ឋអបអរ​មេធាវី​អន្តរជាតិ​ប្តឹង​មន្ត្រី​កម្ពុជា​ពីបទ​ដេញ​មនុស្ស​ចេញ​ពី​ទីក្រុង

អ្នក​ភូមិ​កម្ពុជា ​​បាន​រង​ប៉ះពាល់​ដោយ​ការ​បាត់បង់​ដីធ្លី​នៅ​ព្រៃ​ឡង់ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស បន់ស្រន់​នៅ​ទីសក្ការៈ​បូជា​មួយ​កន្លែង​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១១។

ក្រោយ​ពេល​មេធាវី​អន្តរជាតិ​ម្នាក់​បាន​ដាក់​ពាក្យប្តឹង​ក្រុម​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​បណ្តេញពលរដ្ឋ​ចេញពី​ផ្ទះ​សម្បែងនិង​ជម្លៀសពលរដ្ឋ​ចេញ​ពីដី​ធ្លី​របស់​ពួក​គេ​នោះ​ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​និង​ជន​រងគ្រោះ​នៅ​តាម​សហគមន៍​មួយ​ចំនួន​មាន​ការ​ត្រេកអរ​ជាមួយ​នឹង​វិធានការ​ថ្មី​នេះ។​

ការ​ដាក់​ពាក្យ​ប្តឹង​របស់​មេធាវី​ជនជាតិ​អង់គ្លេស​ម្នាក់​គឺ​លោក​រីឆាត​ រ៉ចជឺ​ (Richard ​Rogers)​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​ជន​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​ជា​ច្រើន​ និង​ពីក្រុម​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ​ ដោយ​ពួក​គេ​ចាត់​ទុក​ថា​ បណ្តឹង​នេះ​ ទោះជា​តុលាការ​ចាត់​ការ ​ឬ​មិន​ចាត់​ការ​ក៏អាច​ជួយ​កាត់​បន្ថយ​ការ​រំលោភ​បំពាន​ដីធ្លី​ និង​ជា​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​រំលោភ​បំពាន​ដីធ្លី​ដ៏​ធ្ងន់ធ្ងរ​នេះ​ដែរ។​

លោក​មេធាវី ​រីឆាត រ៉ចជឺ​ តំណាង​ឲ្យ​ពលរដ្ឋ​ក្នុង​សមាគមន៍​ជា​ច្រើន​ដែល​មាន​ពល​រដ្ឋ​ជាង​៧​សែន​នាក់​រងគ្រោះ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ បាន​ប្តឹង​ឥស្សរៈជន​ក្នុង​ជួរ​រដ្ឋាភិបាល​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការ​បណ្តេញ​ចេញ​ ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា។​ នេះ​ជា​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សិទ្ធិ​មនុស្ស​មួយ​របស់​អឺរ៉ុប​ឈ្មោះ​ FIDH។ ​ ឥស្សរៈជន​ទាំង​នោះ​មិនត្រូវ​មេធាវី​រូប​នេះ​បញ្ចេញ​ឈ្មោះ​ទេ។ ​តែជា​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដីធ្លី​ក្នុង​រាជ​ធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​ផង​ដែរ។​

អ្នកស្រី​យ៉ោម បុប្ផា ​សកម្មជន​ដីធ្លី​បឹងកក់​ និង​ជា​ជន​រងគ្រោះ​ បាន​ថ្លែង​ថា ​អ្នក​ស្រី​គាំទ្រ​ការ​ប្តឹង​នេះ​ដើម្បី​បំបាត់​អំពើ​រំលោភ​បំពាន​ដីធ្លី​និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។​

«បើ​សិន​ជា​ដំណើរ​ក្តីក្តាំ​ហ្នឹង​ត្រូវ​តុលាការ​អន្តរជាតិ​ហ្នឹង​លូក​ដៃ​ យើង​ជា​ប្រជា​ពលរដ្ឋ​ហ្នឹង ​ប្រាកដ​ជា​នឹង​រីករាយ​មែន​ទែន​ ហើយ​វាជា​រឿង​មួយ​ដែល​ប្រជា​ពលរដ្ឋ​សាទរ​ដែរ។​ ហើយ​យើង​ជឿ​ជាក់​ថា ​មន្ត្រី​ដែល​មាន​អំណាច​ហ្នឹង​ក៏​ញញើត​នឹង​តុលាការ​(អន្តរជាតិ)​ខ្លះ​ដែរ ​មិន​ហ៊ាន​ធ្វើ​អ្វី​ផ្តេសផ្តាស់​តាម​តែ​អំពើ​ចិត្ត​ដូចពី​មុន​ទៀត»។​

អ្នកស្រី​ថា​ សម័យ​នេះ​មិន​គួរ​កើត​មានការ​ជម្លៀស​ដូច​សម័យ​ខ្មែរក្រហម​ ហើយ​តុលាការ​គួរ​តែ​ផ្តល់យុត្តិធម៌​ដល់​ពលរដ្ឋ។​

«ពេល​ខ្លះ​គឺយើង​មិន​ដែល​មាន​សង្ឃឹម​ថា​ ពេល​ដែល​ទៅ​តវ៉ា​ ហើយ​ត្រឡប់​មក​វិញ​មាន​សុវត្ថិភាព​ អាច​មក​ដល់ផ្ទះ​បាន​ផង។​ អញ្ចឹង​នេះ​ជា​ទុក្ខ​វេទនា។​ ចង់​និយាយ​ថា​ រដ្ឋាភិបាល​ប្រើ​វិធី​បណ្តេញ​ចេញ​ទាំង​បង្ខំ​ហ្នឹង​យក​មក​ធ្វើ​បាប​ប្រជាជន​ហ្នឹង​ អត់​មាន​ខុស​អី​ពី​សម័យ​ប៉ុល ពត​ អញ្ចឹង​ព្រោះ​សម័យ​ប៉ុល ពត​ក៏​ជម្លៀស​ប្រជាជន​ចេញ​ ហើយ​សម័យ​នេះ​ហើយ​ក៏​នៅ​តែ​ជម្លៀស​ប្រជាជន​ចេញ​ទៀត​ ដែល​នេះ​គឺ​ជា​ការ​សម្លាប់​ដោយ​ឈាម​ត្រជាក់»។​

លោក​សាល់ ហ្នើយ​ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​រតនគីរី​ដែល​រងគ្រោះ​ បាន​អះអាង​ថា​ លោក​ចង់​ឲ្យ​តុលាការ​អន្តរជាតិ​មក​មើល​ជាក់​ស្តែង​ពីផល​ប៉ះពាល់​ និង​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ដោយ​ផ្ទាល់។​

«ការ​ដាក់​ពាក្យ​បណ្តឹង​នៅតុលាការ​អន្តរជាតិ​នេះគឺ​ថា ​ប្រជា​ពលរដ្ឋ​ហ្នឹង​អរណាស់។​ គេ​សប្បាយ​ចិត្ត​នឹង​ការហ្នឹង»។​

អ្នកស្រី​អ៊ុម សុភីមក​ពី​សហគមន៍​រង​គ្រោះ​នៅ​ក្នុង​ឃុំ​ឡពាង​ ខេត្ត​កំពង់​ឆ្នាំង​ គាំទ្រ​ការ​ដាក់​ពាក្យ​ប្តឹង​របស់​មេធាវី​អន្តរជាតិ ​ដោយសារ​សហគមន៍​អ្នកស្រី​មិន​ទទួល​បាន​យុត្តិធម៌​ពី​ការ​ខិតខំ​ប្រឹងប្រែង​តវ៉ា​ជា​ច្រើន​ឆ្នាំ។​

«បើ​មេធាវី​មាន​ការ​ដាក់ពាក្យ​ទៅ​តុលាការ​អន្តរជាតិ​ ខ្ញុំ​នឹង​រីករាយ​សាទរ​ក្នុង​ការ​ចូលរួម​ ក្នុង​ការ​ប្តឹង​ដែរ​ ព្រោះ​ថា​ តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គាត់​មិន​មាន​ភាព​ឯករាជ្យ​ ហើយ​ក៏​គ្មាន​ភាព​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ ​ដូចជា​ពួក​ខ្ញុំ​ដែរ​ព្រោះ​ពួក​ខ្ញុំ​បាន​ធ្លាប់​ប្តឹង​ចូល​ទៅ​តុលាការ​ដែរ ​តែតុលាការ​គ្មាន​ការ​កាត់ក្តី​ឲ្យ​បាន​សមរម្យ​និង​យុត្តិធម៌​សម្រាប់​ពួកខ្ញុំ​ទេ»។​

អ្នកស្រី​អះអាង​ថា​ អាជ្ញាធរ​មិន​ត្រឹម​តែ​មិន​ដោះស្រាយ​ទេ​ តែ​បាន​ចាប់​តំណាង​សហគមន៍​៥​នាក់​ដាក់គុក​ និង​ធ្វើ​ទុក្ខ​បុកម្នេញ​ថែម​ទៀត ​ដែល​អ្នកស្រី​បាន​អំពាវនាវ​ឲ្យ​មាន​វិធាន​ការពី​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ។​

«ខ្ញុំ​សូម​ឲ្យ​តុលាការ​អន្តរជាតិ​ក្តី​ធ្វើ​ការ​ឲ្យ​មាន​យុត្តិធម៌ ​ដាក់​ទោស​ទៅ​លើ​អ្នក​រំលោភ​បំពាន​ដីធ្លី​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ ឲ្យ​ពួក​គាត់​ទទួល​ទោស​ទៅ​តាម​ច្បាប់​ដែល​អន្តរជាតិ​បាន​ចែង»។​

លោក​ចាន់ សុខឿន​ តំណាង​សហគមន៍​រងគ្រោះ​ថ្ពង​ ខេត្ត​កំពង់ស្ពឺ​ បាន​ដឹង​អំពី​មេធាវី​អន្តរជាតិ​ទទួល​ពាក្យ​បណ្តឹង​ពី​តាម​សហគមន៍​នានា​ដែល​រង​ការ​បណ្តេញ​ចេញ​ក្នុង​ប្រទេស​កម្ពុជា។

«សហគមន៍​ពួក​ខ្ញុំ​បាន​ឮ​បញ្ហា​ហ្នឹង។​ ពួក​គាត់​មានការ​សប្បាយ​ចិត្ត​ ទាំងរូប​ខ្ញុំ​ក៏​ដោយ ​ទាំង​ប្រជា​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី​ក៏​ដោយ ។ ​ចំណែក​រូបខ្ញុំ​ ចំពោះ​តុលាការ​ក្នុង​ស្រុក ​យើង​ខ្ញុំ​គ្មាន​សង្ឃឹម​ទាល់តែ​សោះ។ ​បើតុលាការ​អន្តរជាតិ​ ទោះ​បី​ជា​គាត់​មិន​បាន​ចាត់ការ​ឆាប់ៗ​ក៏​អាច​ជះ​ឥទ្ធិពលដល់​ថ្នាក់​ដឹកនាំ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែរ​បាទ»។​

បញ្ហា​រំលោភ​បំពាន​ដីធ្លី​បាន​កើត​ឡើង​ដោយសារ​ការ​ផ្តល់​ដី​សម្បទាន​របស់​រដ្ឋាភិបាល ​និង​ការរំលោភ​បំពាន​ពី​ក្រុម​មន្ត្រី​ជាន់ខ្ពស់​និង​អ្នក​មាន​ធនធាន​ដែល​ស្និទ្ធ​នឹង​គណបក្ស​កាន់អំណាច ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​ជន​ជាតិ​ដើមភាគ​តិច​ និង​ពលរដ្ឋ​រង​គ្រោះ​នៅ​កន្លែង​ផ្សេងៗ​ទៀត។​ ការ​ប៉ះពាល់​ទាំង​នោះ​គឺ​ប៉ះពាល់​ទាំង​ជីវភាព​រស់នៅ ​ដោយ​ព្រៃ​ឈើ​ត្រូវ​គេ​បំផ្លាញ​និង​រឹបអូស​ មិន​ឲ្យ​ចូល​កន្លែង​ព្រៃ​អារក្ស​សម្រាប់​ប្រតិបត្តិ​សាសនា។​ ទំនៀម​ទម្លាប់ ​ប្រពៃណី​ត្រូវ​គេ​រិបអូស​ ដីស្រែ​ចំការ​វិល​ជុំ​ក៏ត្រូវគេ​រិបអូស​យក​ ដោយ​គ្មាន​ដំណោះ​ស្រាយ​ ហើយ​ការ​វិនិយោគ​ក៏​មិន​ត្រូវគេ​ពិភាក្សា​ជាមួយ​នឹង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច។​ ការ​លំបាក​ទាំងនេះ​គឺ​ស្រដៀង​គ្នា​នឹង​ពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែរ​ គឺ​នៅ​តំបន់​បឹងកក់​ និង​បូរីកីឡា​ ដែល​ជន​រងគ្រោះ​មាន​ការ​ប៉ះពាល់​ដល់​ជីវភាព​ ការ​សិក្សា​របស់​កូន​ពួក​គេ​ មុខ​របរ ​បាត់បង់​លំនៅដ្ឋាន ​បាត់បង់​សុភមង្គល​ក្នុង​គ្រួសារ​ បែក​បាក់​គ្រួសារ ​និង​ខ្លះ​ធ្វើ​អត្តឃាត​ជា​ដើម ​ក្រោយ​ពេល​មិន​អាច​ពឹងពាក់​តុលាការ​ក្នុង​ប្រទេស​និង​រដ្ឋាភិបាល​ ​ឬ​អាជ្ញាធរ​ដែល​អាច​ជួយ​រក​យុត្តិធម៌​បាន។​

លោក​អៀង វុទ្ធី ​ប្រធាន​អង្គការ​សមធម៌​កម្ពុជា​ ដែល​ធ្វើការ​តស៊ូមតិ​រឿង​ដីធ្លី​បាន​អះអាង​ថា៖​

«រាល់​ការ​បណ្តេញ​ចេញ​ឬ​ការ​រិបអូស​ដីធ្លី​ហ្នឹង​គឺ​មាន​ជាប់ពាក់​ព័ន្ធ​នឹង​មន្ត្រី​ធំៗ​ក៏​ដូចជា​ក្រុមហ៊ុន​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ការ​បណ្តេញ​ចេញ​ហ្នឹង​យើង​ឃើញ​ថា ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​យ៉ាងខ្លាំង​ ហើយ​នឹង​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ សុវត្ថិភាព​ផង​ដែរ»។​

លោក​ចង់​ឃើញ​យន្តការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​បន្ថែម​ទៀត ​ជា​ប្រចាំ​ និង​ដោះស្រាយ​ជូន​ដល់​ជន​រងគ្រោះ​គ្រប់ៗ​គ្នា។​

«កន្លង​មក​យើង​ឃើញ​ថា​ បញ្ហា​ដែល​រាំង​ស្ទះ​ទៅ​ដល់​ដំណើរការ​ដោះស្រាយ​ដី​ធ្លី​ហ្នឹង​គឺ​ដោយ​សារតែ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ធំៗ​នឹង​ជួរ​រដ្ឋាភិបាល ​ហើយ​ជា​ពិសេស​អ្នក​មាន​ធនធាន​និង​ឥទ្ធិពល​ហ្នឹង​ឯង។​ តែ​ទោះបី​ជាយ៉ាងណា​ យើង​សង្កេត​ឃើញ​ថា ​រដ្ឋាភិបាល​មាន​ការ​ប្រឹង​ប្រែង​ដែរ​កន្លង​មក​នេះ ​ហើយ​មាន​ការ​បង្កើត​ជា​គណៈ​កម្មការ​ ឬ​ក៏​យន្តការ​ជា​ច្រើន​ដើម្បី​ធ្វើការ​ដោះស្រាយ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ»។​

លោក​សៀ ភិរម្យ ​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បាន​អះអាង​ថា ​តាម​ការ​សង្កេត​របស់​លោក​កន្លង​មក​ ការ​ដោះស្រាយ​ដីធ្លី​ដោយ​អាជ្ញាធរ ​និង​រដ្ឋាភិបាល​ជូន​ដល់​អ្នក​រងគ្រោះ​នៅ​សហគមន៍​បូរី​កីឡា​ និង​បឹងកក់​គឺ​ទាល់តែ​មាន​ការ​រងទុក្ខ​ទោស​ខ្លាំង​ ទើប​មាន​លទ្ធផល​ខ្លះ។​

«អញ្ចឹង​យើង​ឃើញ​ថា ​លទ្ធផល​ដែល​បាន​គឺ​បាន​តិចតួច​ណាស់​ ហើយ​ដោយសារ​តែ​ការ​បូជា​ជីវិត ​ការ​បូជា​ខ្លួន​ប្រាណ ​ឲ្យ​គេ​ឆក់ ​ឲ្យ​គេ​ធាក់ ​ឲ្យ​គេ​ទាត់​ ឲ្យ​គេ​ចាប់​ដាក់គុក​ រឿង​ហ្នឹង​ទើប​បាន​លទ្ធផល​ហ្នឹង​។ ហើយ​បើសិន​ជា​អ្នក​មិន​ហ៊ាន​លះបង់​អាយុ​ជីវិត​ លះបង់​កាយ​ឲ្យ​គេ​ចាប់​ គេ​ធាក់​ គេ​ឆក់ទេ​ នឹង​មិន​មាន​លទ្ធផល​ហ្នឹង​ទេ​បាទ។​ អញ្ចឹង​វា​ជា​រឿង​មួយ​ដែល​គាត់​ជួប​ការ​លំបាក​ខ្លាំង​មែន​ទែន»។​

បច្ចុប្បន្ន​នេះ​ សហគមន៍​ទាំង​ពីរ​និង​សហគមន៍​ផ្សេងទៀត​ក្នុង​រាជធានី​ភ្នំពេញ​នៅ​មិន​ទាន់​ដោះ​ស្រាយ​ចប់​ទេ​ ដោយ​លោក​សង្ឃឹម​ថា ​ការ​ចាប់​ផ្តើម​សំណុំ​រឿង​ដីធ្លី​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គឺជា​រឿង​ដែល​ជំរុញ​ឲ្យ​តុលាការ​ក្នុង​ស្រុក​ខ្មាស់​អៀន​ និង​កែ​ប្រែ​អ្វី​ដែល​ពលរដ្ឋ​មិន​ទុកចិត្ត​ ដូច​ចំណាត់​ការ​របស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ ​ICC​ ហើយ​ឲ្យ​រដ្ឋាភិបាល​គិត​គូរ​ឡើង​វិញ។​

«ទោះ​បីជា​មិនទាន់​បាន​ដី​ភ្លាមៗ​មក​គាត់​វិញ​ក៏ដោយ​ ក៏​អ្នក​ដែល​តុលាការ​អន្តរជាតិ​រក​ឃើញ​ហ្នឹង​ គាត់​អាច​ប្រឈម។ ​ប្រសិន​បើ​គាត់​ធ្វើ​ដំណើរ​ធ្វេស​ប្រហែស​អី​ ច្រឡំ​ចូល​ក្នុង​ប្រទេស​ដែល​គេ​គោរព​សិទ្ធិ​សញ្ញា​អន្តរជាតិ​ហ្នឹង ​អាច​នឹង​ត្រូវ​គេ​ចាប់​ខ្លួន។​ រឿង​នេះ​ជា​ការ​ពញ្ញាក់​មួយ​ដែរ​ទៅ​ដល់​រដ្ឋាភិបាល​ ឬ​ក៏​អ្នក​ដឹកនាំ ​ឬ​ក៏​អ្នក​មាន​ទាំងឡាយ ​សេដ្ឋី​ទាំងឡាយ​ ដែល​រក​ស៊ី​មិន​សុចរិត​ហ្នឹង​ត្រូវតែ​គិត​គូរ​ពិចារណា​រឿង​ហ្នឹង​ឡើង​វិញ»។​

លោក​អំ សំអាត ​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​បាន​រៀបរាប់​ត្រួសៗ​ថា​ បញ្ហា​ដីធ្លី​ដែល​ពលរដ្ឋ​គ្មាន​ដំណោះស្រាយ ​ហើយ​ក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ​គឺ​ដូច​ជា​សហគមន៍​បឹងកក់​ បូរី​កីឡា​ សហគមន៍​តាម​បណ្តា​ខេត្ត​ ដូចជា​ឡពាង​ ស្ករ​អំពៅ​នៅ​កោះកុង ​នៅ​ឧត្តរ​មានជ័យ​ជា​ដើម​ នៅ​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។​

«យើង​ជា​ប្រជា​ពលរដ្ឋ​កម្ពុជា ​យើង​មិន​ចង់​ឃើញ​មាន​បណ្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ​ទេ។​ យើង​ចង់​ឃើញ​រដ្ឋាភិបាល​ហ្នឹង​ត្រូវតែ​ចាត់​វិធាន​ការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​យុត្តិធម៌​ និង​ទទួល​បាន​ដំណោះ​ស្រាយ​គ្រប់​ករណី ​ហើយនឹង​បញ្ឈប់​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញពី​ដីធ្លី​និងផ្ទះ​សម្បែង»។​

លោក​ថ្លែង​ថា៖​

«ខ្ញុំ​គិត​ថា ​បញ្ហា​នេះ​ក៏ជា​ការ​មួយ​លើក​ទឹកចិត្ត​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ ​បញ្ហា​ដីធ្លី​ជាបន្ត​ទៀត ​ជាពិសេស​គឺ​ជា​ការ​ជំរុញលើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​នោះ​បាទ​ ​ដោយ​គាត់​គិត​ថា ​សូម្បី​តែ​អន្តរជាតិ​ក៏​មាន​ការ​ជួយ​គាំទ្រ​លើ​បញ្ហា​ដីធ្លី​ផង​ដែរ»។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​ឲ្យ​ដឹក​ថា ​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​សប្តាហ៍​នេះ​ បាន​ចោទ​ប្រកាន់​ថា ​ការ​រំលោភ​បំពាន​ដីធ្លី​គឺ​ធ្វើ​ឡើង​រាលដាល​ពាសពេញ​ប្រទេស ​និង​ជា​ប្រព័ន្ធ​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​កាន់​អំណាច​ជាង​១​ទស​វត្សរ៍។​

លោក​ការីម ឡាហ៊ីដជី ​(Karim Lahidji)​ នាយក​អង្គការ​សិទ្ធិ​មនុស្ស ​FIDH​ ​បាន​ថ្លែង​ថា៖​

«ដោយសារ​តែប្រព័ន្ធ​អាជ្ញាធរ​ច្បាប់​កម្ពុជា​តែងតែ​ខកខាន​ក្នុង​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋ​កម្ម​ដ៏ធ្ងន់ធ្ងរ​ទាំងនេះ ​ហើយ​មិន​ផ្តល់​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ដល់​ជន​រងគ្រោះ​ទាំង​នោះ​ តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ ​ICC ​ពេល​នេះ​បង្ហាញ​ថា​ ​ជា​វិធី​សមរម្យ​បំផុត​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ»។​

​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​នោះ លោក​មេធាវី​ រីឆាត រ៉ចជឺ​បាន​អះអាង​ថា៖​

«ក្នុង​ជំនាន់​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាក់ទង​នឹង​ដីធ្លី​បាន​កើន​ដល់​កម្រិតដ៏​រន្ធត់។​ បណ្តឹង​នេះ​នឹង​ផ្តល់​ឲ្យ​ការិយាល័យ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ​នូវ​ឱកាស​ដ៏​កម្រដើម្បី​បញ្ជាក់​ពី​តួនាទី​ដ៏សំខាន់​នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្នុង​ការ​ការពារ​ឲ្យពល​រដ្ឋរស់​នៅ​បាន​សុខសាន្ត​នោះ​ រួច​ពី​ការ​ជម្លៀស​ចេញ​ដោយ​បង្ខំ។​ ហើយ​អន្តរាគមន៍​របស់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាគិតគូរ​ពី​ចំណាត់ការ​របស់​ខ្លួន​ចំពោះ​ការ​រំលោភ​ដីធ្លី ​និង​ការ​ជិះជាន់​ដល់​ក្រុម​អ្នក​តវ៉ា»។​

លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​មួយ​រូប​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​ការពារ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ដោយ​ចាត់ទុក​ថា ​ពាក្យ​បណ្តឹង​នេះ​គឺ​ជា​សិទ្ធិ​របស់​អ្នក​ប្តឹង។​

«រី​ឯ​ការ​ប្តឹង​ផ្តល់​ទៅ​លើ​ឆាក​អន្តរជាតិ​គឺ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់គេ​ តែ​អ្វី​ដែល​ជា​ដែន​សមត្ថ​កិច្ច​នៃ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ហ្នឹង​ ខ្ញុំ​មើល​មិន​ឃើញ​នូវ​អ្វី​ដែល​ធ្វើ​មាន​ការប្រែប្រួល​ដំណោះ​ស្រាយ​នេះ​ទេ​ គ្រាន់តែ​ជា​ការ​វាយ​ប្រហារ​ ហើយ​គ្រាន់​តែ​ជា​ការ​លើក​ឲ្យ​គេ​ចាប់​អារម្មណ៍​នៅ​លើ​ឆាក​អន្តរជាតិ​តែ​ប៉ុណ្ណោះ»។​

លោក​បាន​អះអាង​ថា ​ពលរដ្ឋ​បាន​ធ្វើ​កិច្ចការ​ជា​បណ្តើរៗ​ហើយ។​

«យើង​ឃើញ​ថា​ ឥឡូវ​នេះ ដំណោះស្រាយ​តាម​រយៈ​កំណែ​ទម្រង់ស៊ី​ជម្រៅប្រឆាំង​នឹង​ការ​រំលោភ​ដីធ្លី ​ជា​យន្តការ​គោល​ការណ៍​ដោះស្រាយ វិធាន​ការ​ដោះ​ស្រាយ។​ យើង​ទទួល​បាន​នូវ​ជោគជ័យ​ជាច្រើន​ ហើយ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ណា​មួយ​មាន​ឱកាស​ក្នុង​ការ​កេញ​ប្រវ័ញ្ច​ ឬ​ឆក់​យក​ដី​អ្នកស្រុក​ទេ។​ យើង​ឃើញ​ថា ​ឥឡូវ​នេះ​យើង​មាន​ជាង​១៧០០​ករណី។ ​ហើយ​យើង​បាន​ដោះ​ស្រាយ​បាន​ជាង​៣០០​ករណី​ ហើយ​កំពុង​ដោះស្រាយ​បន្ត​ទៅ​ទៀត។ ​ដូច្នេះ​គ្មាន​មន្ត្រី​ណា​មួយ​ ឬ​វរៈជន​ណា​អាច​រំលោភ​លើដី​ប្រជា​ពលរដ្ឋ ​ឬ​ដី​សាធារណៈ​ទេ​ឥឡូវ​នេះ។​ ហើយ​ក្រុម​ហ៊ុន​មួយ​ចំនួន​ ដែល​មិន​បាន​ឆ្លើយតប​នឹង​លក្ខខណ្ឌ​របស់​រាជ​រដ្ឋាភិបាល​ ទោះ​ជា​ទទួល​បាន​អាជ្ញាបណ្ណ​ជា​សម្បទាន​សេដ្ឋកិច្ច​ ​ឬ​ក៏​សង្គម​កិច្ច ​រដ្ឋាភិបាល​បាន​ដក​ហូត​យកមក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ​ឥឡូវ​នេះ»។​

ទោះជា​យ៉ាងណា​ លោក​ធន សារ៉ាយ ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ថ្លែង​ថា​ ​រដ្ឋាភិបាល​គួរតែ​មាន​វិធានការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ និង​មាន​យុត្តិធម៌​ជាង​នេះ​ដើម្បី​ជៀសវាង​ការ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ និង​បញ្ហា​ស្មុគស្មាញ​ក្នុង​ប្រទេស។​

«ដោយ​សារ​តែ​ប្រព័ន្ធ​តុលាការ​យើង​មិន​បាន​ឈរ​នៅ​កណ្តាល​ផ្តល់​យុត្តិធម៌​នេះ​ឯង​ដែល​ធ្វើឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ ហើយ​មាន​សហគមន៍​មួយ​ចំនួន​លោក​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បែប​នេះ ​ដោយសារ​តែ​លោក​អស់​សង្ឃឹម​នឹង​ការ​ដោះស្រាយ​ដោយ​ប្រព័ន្ធ​តុលាការ​ជាតិ​នេះ​ឯង។​ អញ្ចឹង​បញ្ហា​ទៅ​មុខ​ទៀត​ត្រូវតែ​មាន​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់​ ហើយ​ឲ្យ​បាន​យុត្តិធម៌​ជា​អតិបរមា​ ដែល​អាច​ធ្វើ​ទៅ​បាន​ ទើប​អាច​មាន​បញ្ហា​ធូរ​ស្បើយ​វិញ​រឿង​បញ្ហា​ដីធ្លី​នេះ»។​

លោក​បាន​ចាត់​ទុក​ថា ​ការ​ចូលរួម​ក្នុង​បណ្តឹង​គឺ​ជា​រឿង​ត្រឹមត្រូវ​សម្រាប់​ជន​រងគ្រោះ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​តាម​រយៈ​វិធីផ្សេងៗ​ ហើយ​ទោះ​ជា​តុលាការ​ចាត់​ការ​យ៉ាង​ម៉េច​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​ពី​តុលាការ​ជាតិ​និង​រដ្ឋាភិបាល​ដែរ។​

«ខ្ញុំ​ឃើញ​ថា ​លទ្ធផល​បាន​ដាក់​ទណ្ឌកម្ម​មួយ​រួច​ស្រេច​ហើយ​ទៅ​លើ​គណបក្ស​កាន់​អំណាច​អំពី​កំហុស​ឆ្គង​នៃ​នយោបាយ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយ​មិន​មាន​ការ​គិត​គូរ​ដល់​ការ​ប៉ះពាល់​ទៅ​លើ​ដី​ប្រជា​ពលរដ្ឋ​ ព្រៃ​ឈើ​របស់​សហគមន៍ ​ដី​អារក្ស​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច។ ​នេះ​ជា​ការ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ខឹងសម្បារ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ជាច្រើន ​លោក​ស្រែក​ទាមទារ​តវ៉ា​នៅ​គ្រប់​ទីកន្លែង​ ដែល​យើង​បាន​ដឹង​ទាំងអស់​គ្នា»។​

លោក​បាន​រំឭក​ថា​ ការដោះ​ស្រាយ​បញ្ហា​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក​និង​ទៅ​មុខ​ទៀត​ អាជ្ញាធរ​មិន​គួរ​គិតតែ​ពី​ផល​ប្រយោជន៍​អ្នកមាន ​និង​អ្នក​មាន​អំណាច​ហួសហេតុ​ពេក​ទេ។ ​គេ​គួរ​យក​ចិត្ត​ទុកដាក់​សុខទុក្ខ​ជន​ក្រីក្រ​នៅ​តាម​ជនបទ​ជាពិសេស​ជនជាតិ​ដើមភាគ​តិច​ ដែល​លោក​រស់​នៅ​ពឹង​ផ្អែក​លើ​ដីធ្លី​និង​ព្រៃ​ព្រឹក្សា។​

គេ​មិន​ដឹង​ ថា​តើពាក្យ​បណ្តឹង​ចុង​ក្រោយ​នេះ​នឹង​ចូល​ក្នុង​យុត្ដាធិការ​របស់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ ឬ​យ៉ាង​ណា​ទេ។ ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ធ្លាប់​មិន​ចាត់​ការ​សំណុំ​រឿង​ដីធ្លី​ ដែល​មេធាវី​អន្តរជាតិ​ម្នាក់​បាន​ប្តឹង​ម្តង​រួច​មក​ហើយ​ ដែល​ប្តឹង​ចំៗ​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ តែ​ការ​ប្តឹង​របស់​មេធាវី​ក្រោយ​ប្រកប​ដោយ​យុទ្ធសាស្ត្រ​នេះ​គឺ​ត្រូវ​គេ​ដឹង​ថា ​សំដៅ​ទៅ​លើ​មន្ត្រី​ជាន់ខ្ពស់​ ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​រំលោភ​បំពាន​ដីធ្លី​ផ្ទាល់ៗ​ ហើយ​ត្រូវ​គេ​យល់​ថា ​នឹង​ធ្វើ​ឲ្យ​មាន​ការ​គិតគូរ​ឡើង​វិញ​ចំពោះ​ការ​រក​ដំណោះ​ស្រាយ​ពី​រដ្ឋាភិបាល​និង​មាន​ការ​រាថយ​ក្នុង​ការ​រំលោភ​យកដី​ធ្លី​ ឬ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន៕