ក្រសួងសង្គមកិច្ចបានសរសេរចប់សេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនិតិជនដែលនឹងត្រូវឆ្លងការអនុម័ត និងការជជែកពិភាក្សានៅក្នុងសភានៅពេលខាងមុខនេះ។
មន្រ្តីនានបាននិយាយកាលពីសប្តាហ៍មុនថា សេចក្តីព្រាងច្បាប់ថ្មីនេះមានគោលបំណងផ្តល់នូវឱកាសស្តារនីតិសម្បទាសម្រាប់អនិតិជនជាជាងការដាក់ទោសពួកគេ និងដើម្បីគ្រប់គ្រងអនិតិជនស្របតាមស្តង់ដារអន្តរជាតិ។
មានអ្នកទោសចំនួន១៦៥០០នាក់ក្នុងពន្ធនាគារដ៏ចង្អៀតណែននៅក្នុងប្រទេសកម្ពុជាដែលក្នុងនោះមានអ្នកទោសចំនួន៥០៤ជាអនិតិជន ហើយក្នុងនោះ២៨នាក់ជាក្មេងស្រី។
លោកគង់ ឆាន ទីប្រឹក្សានៃក្រសួងសង្គមកិច្ច បាននិយាយថា ច្បាប់ថ្មីនេះគឺជាលទ្ធផលនៃការស្រាវជ្រាវ និងដំណើរទស្សនកិច្ចរបស់ក្រុមការងារដើម្បីស្វែងរកបទពិសោធន៍ពីប្រទេសអូស្ត្រាលី ណូវែលសេឡង់ និងប្រទេសថៃ។ ច្បាប់នេះផ្តល់ឱកាសក្នុងការធ្វើកំណែទម្រង់ដោយខ្លួនឯងជាជាងការកាត់ទោសឱ្យអនិតិជននៅក្នុងពន្ធនាគារ តាមក្រមព្រហ្មទណ្ឌថ្មី។ អនិតិជនអាចនឹងត្រូវដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់មាតាបិតា និងមន្រ្តីសង្គមជាជាងជាប់ពន្ធនាគារ។
«វាអាចជួយឱ្យពួកគេកែខ្លួន និងធ្វើសមាហរណកម្មក្នុងសង្គម»។
លោកគង់ ឆានបានបន្ថែមថា ច្បាប់នេះអាចនឹងធ្វើឲ្យមនុស្សមួយចំនួនដែលមិនយល់ពីច្បាប់នេះ មិនសប្បាយចិត្ត។ គាត់បាននិយាយថា៖ «យើងបង្វែរកុមារពីប្រព័ន្ធតុលាការទៅសហគមន៍។ មនុស្សខ្លះនិយាយថា នេះជាការដោះលែង។ វាមិនមែនជាការដោះលែងទេ»។
លោកគឹម សន្តិភាពជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា៖ «យើងបានពិនិត្យឡើងវិញ និងបានបញ្ជូនវាទៅ [ក្រសួងសង្គមកិច្ច] រួចហើយ។ បន្ទាប់ពីគេពិនិត្យឡើងវិញ គេអាចផ្ញើវាទៅទីស្តីការគណៈរដ្ឋមន្រ្តី»។
សេចក្តីច្បាប់នេះត្រូវបានរដ្ឋាភិបាលព្រាងអស់រយៈពេលជិតមួយទសវត្សដោយមានការគាំទ្រពីអង្គការ Unicef និងពីអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត។ Iman Morooka អ្នកនាំពាក្យរបស់អង្គការ Unicef បាននិយាយថា ការតាក់តែងច្បាប់យុត្តិធម៌អនិតិជនបានត្រឹមត្រូវនឹងធានាថា សិទ្ធិរបស់កុមារត្រូវបានការពារ។ គាត់បាននិយាយថា ពន្ធនាគារគួរតែជាជម្រើសចុងក្រោយ។
គាត់បានបន្ថែមថា៖ «អង្គការ Unicef គិតថា រដ្ឋាភិបាលត្រូវការច្បាប់នេះខ្លាំងណាស់ ពីព្រោះកុមារត្រូវការជាបន្ទាន់នូវប្រព័ន្ធយុត្តិធម៌អនិតិជន ដែលដាច់ដោយឡែកពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌមនុស្សពេញវ័យ។ កុមារដែលបានប្រព្រឹត្តបទឧក្រិដ្ឋគឺខុសគ្នាពីមនុស្សពេញវ័យ។ ពួកគេមានសមត្ថភាពខ្ពស់ក្នុងការផ្លាស់ប្តូរ។ ពួកគេសមនឹងទទួលបានឱកាសដើម្បីកែប្រែខ្លួនគេ»៕