អ្នកធ្វើការនៅក្នុងប្រទេសអូស្ត្រាលីរាប់លាននាក់ឥឡូវនេះអាចលែងមានអារម្មណ៍តានតឹងក្នុងចិត្ត ដោយសារច្បាប់ថ្មីមួយមិនតម្រូវឱ្យពួកគេទទួលទូរស័ព្ទនិងអានអ៊ីមែលរបស់និយោជករបស់ខ្លួនក្រោយម៉ោងធ្វើការ។ ច្បាប់នេះបានអនុម័តកាលពីខែកុម្ភៈនិងបានចូលជាធរមានកាលពីថ្ងៃទី ២៦ ខែសីហាកន្លងទៅនេះ។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងកន្លែងការងារអូស្ត្រាលីលោក Murray Watt បានប្រាប់អ្នកយកព័ត៌មាននៅក្នុងរដ្ឋ Queensland ថា វាជា «ការមិនអាចទទួលយកបាន» សម្រាប់អ្នកធ្វើការក្នុងការ «ទទួលការហៅទូរស័ព្ទឬអានអ៊ីមែលជាប្រចាំ...នៅពេលដែលពួកគេមិនបានទទួលប្រាក់កម្រៃដើម្បីធ្វើដូច្នេះនោះ»។
ការស្រាវជ្រាវបានបង្ហាញថា និយោជិកអូស្ត្រាលីម្នាក់ៗបានធ្វើការដោយមិនបានទទួលប្រាក់កម្រៃជាមធ្យមចំនួន ៥ ម៉ោង ៤០ នាទីក្នុងមួយសប្តាហ៍ ដែលគិតជាប្រាក់ឈ្នួលសរុបសម្រាប់និយោជិកទាំងអស់មានតម្លៃរាប់ពាន់លានដុល្លារ។
អ្នកស្រី Sally McManus ប្រធានក្រុមប្រឹក្សាសហជីពការងារអូស្ត្រាលី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ABC កាលពីថ្ងៃទី ២៦ ខែសីហាថាច្បាប់ថ្មីនេះគឺមានយុត្តិធម៌ត្រឹមត្រូវ។
អ្នកស្រីថ្លែងដូច្នេះថា៖ «និយោជិកអូស្ត្រាលីឥឡូវនេះមានសិទ្ធិមិនទាក់ទងដែលនេះគឺពិតជាអស្ចារ្យ។ និយោជកមួយចំនួនបានធ្វើហួសព្រំដែនកំណត់ទាំងនោះដោយរំពឹងថានិយោជិករបស់ពួកគេនៅបន្តឆ្លើយតបអ៊ីមែលនិងទូរស័ព្ទរបស់ខ្លួន»។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននានាបានទទូចថាច្បាប់ស្ដីពី «សិទ្ធិមិនទាក់ទង» នេះអាចធ្វើឱ្យប៉ះពាល់ដល់ផលិតភាព ហើយពួកគេត្អូញត្អែរអំពីការិយាធិបតេយ្យដែលកាន់តែខ្លាំងឡើង។
និយោជកណាដែលគេរកឃើញថាប្រព្រឹត្តល្មើសនឹងវិធានការនេះអាចប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរ។
ទោះជាយ៉ាងណាក៏ដោយ ការបដិសេធណាមួយរបស់និយោជិកក្នុងការមិនឆ្លើយតបទៅនឹងការទាក់ទងពីនិយោជករបស់ខ្លួននៅក្រោយម៉ោងធ្វើការត្រូវតែចាត់ទុកថាជា «រឿងសមហេតុផល» ក៏ប៉ុន្តែ គេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើវាចង់មានន័យយ៉ាងដូចម្តេច។
លោក Brent Ferguson នៃសមាគមឧស្សាហកម្មអូស្ត្រាលី (Australian Industry Group) បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថាវាជាស្ថានភាពលំបាកមួយ។
លោកថ្លែងដូច្នេះថា៖ «អ្វីដែលសមហេតុផលឬមិនសមហេតុផលនោះគឺអាស្រ័យលើកាលៈទេសៈនីមួយៗ ហើយភាពស្រពិចស្រពិលនោះគឺជាផ្នែកមួយនៃការលំបាកដែលវិស័យនេះកំពុងរកមធ្យោបាយដោះស្រាយនៅពេលនេះ»។
ច្បាប់នេះគ្របដណ្តប់តែក្រុមហ៊ុនណាដែលមានបុគ្គលិកជាង ១៥ នាក់ឡើងទៅតែប៉ុណ្ណោះ។ សម្រាប់បុគ្គលិករបស់ក្រុមហ៊ុនតូចជាងនេះនឹងមានសិទ្ធិមិនទទួលទូរស័ព្ទនិងអានអ៊ីមែលរបស់និយោជករបស់ខ្លួនបាននៅក្នុងរយៈពេលមួយឆ្នាំក្រោយ។
អ្នកជំនាញនានាបាននិយាយថា វិបត្តិជំងឺកូវីដ១៩ និងការធ្វើការពីផ្ទះបានធ្វើឱ្យមានភាពមិនស្រពិចស្រពិលរវាងការងារនិងជីវិតឯកជនរបស់អ្នកធ្វើការ។
ពួកគេជឿថា «ច្បាប់មិនទាក់ទង [ក្រៅម៉ោងធ្វើការ]» របស់ប្រទេសអូស្ត្រាលីនេះគឺជាការប៉ុនប៉ងធ្វើឱ្យមានតុល្យភាពឡើងវិញនៃថ្ងៃធ្វើការនិងការពារពេលវេលាឯកជនរបស់និយោជិករាប់លាននាក់៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន