គម្រោង«ផ្ទះថ្មី ច្បាប់​ថ្មី»កំពុង​ជួយ​អ្នក​ចំណូល​ស្រុក​ថ្មី​រស់​នៅ​ក្នុង​អូស្រ្តាលី

  • Phil Mercer

រូបភាពឯកសារ៖ Opera House ត្រូវ​បាន​គេ​ថត​ពី​កំពង់ផែ​ HMAS Sydney ។

សិស្សានុសិស្ស​នៅ​សាលារៀន​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​សាលារៀន​ដែល​មាន​វប្បធម៌​ចម្រុះ​ខ្លាំង​បំផុត​ក្នុង​​ទីក្រុង​ស៊ីដនី កំពុង​ផលិត​វីដេអូ​នានា​ដើម្បី​ពន្យល់​អំពី​ច្បាប់​​ដ៏​ស្មុគស្មាញ​មួយ​ចំនួន​របស់​អូស្រ្តាលី​ដល់​ជន​ចំណូល​ស្រុក​ថ្មី។

នៅ​ក្នុង​ឆ្នាំ១៩៤៩ អូស្រ្តាលី​បាន​រៀបចំ​ពិធី​ទទួល​ពលរដ្ឋ​ថ្មី​ដំបូង​បំផុត។ វា​មាន​រយៈពេល​ជិត​២៥ឆ្នាំ​ហើយ​មុន​នឹង​គោលនយោបាយ​ដែល​រើស​អើង​ប្រឆាំង​នឹង​ជនភៀស​ខ្លួន​ដែល​មិន​មាន​សម្បុរ​ស បើក​ឱកាស​ដល់​វប្បធម៌​ចម្រុះ​និយម។​

​ជាង​មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជនអូស្ត្រាលី​កើត​នៅ​ក្រៅ​ប្រទេស ដែល​ធ្វើ​ឲ្យ​អូស្រ្តាលី​ក្លាយជាប្រទេស​មួយ​ដែល​មាន​វប្បធម៌​ចម្រុះ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។

ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​ប្រទេស​នេះ​មាន​បី​កម្រិត គឺ​កម្រិត​មូលដ្ឋាន កម្រិត​រដ្ឋ​និង​កម្រិត​សហព័ន្ធ វា​មាន​ច្បាប់​ជាច្រើន​ ហើយ​វា​អាច​ជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក​ចំណូល​ស្រុក​ថ្មី។​

អ្នកស្រី Mona Ibrahim គ្រូ​សិល្បៈ​មួយ​រូប​នៅ​ក្នុង​ទីក្រុង​ស៊ីដនី និយាយ​ថា​នៅ​ប្រទេស​ខ្លះ ប្រជាជន​ទម្លាប់​កាន់​អាវុធ​ ប៉ុន្តែ​មិនមែន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ទេ។​

«នៅ​ក្រៅ​ប្រទេស​វា​ជារឿង​ធម្មតា​ដែល​អ្នក​ដាក់​អាវុធ​នៅ​ក្នុង​ហោប៉ៅ។ វា​ថែម​ទាំង​ត្រូវ​គេ​ជំរុញ​ឲ្យ​ប្រើប្រាស់​ដើម្បី​សុវត្ថិភាព​របស់​អ្នក ប៉ុន្តែ​នៅ​ទីនេះ យើង​កំពុង​រៀន​អំពី​គំនិត​ថ្មី​ពី​សុវត្ថិភាព។ អ្នក​មាន​សុវត្ថិភាព​រួចហើយ។ បើ​អ្នក​គ្មាន​សុវត្ថិភាព អ្នក​អាច​គ្រាន់តែ​ទាក់ទង​ទៅ​ប៉ូលិស»។

សិស្ស​វិទ្យាល័យ​កំពុង​បង្កើត​វីដេអូ​គំនូជីវចល​នានា​ដើម្បី​ជួយ​អ្នក​មក​តាំង​ទីលំនៅ​នៅ​ថ្មី ជា​ពិសេស​អ្នក​ដែល​មិន​មែន​មកពី​ប្រទេស​ដែល​និយាយ​ភាសា​អង់គ្លេស​ឲ្យ​យល់​ពី​អូស្រ្តាលី។ វាគឺ​ជា​ផ្នែក​មួយ​របស់​គម្រោង​ទប់ស្កាត់​អំពី​ឧក្រិដ្ឋកម្ម​ហៅថា «ផ្ទះថ្មី ច្បាប់ថ្មី»។

លោក Brima Turay គឺ​ជា​ជនចំណាកស្រុក​មក​ពី​ប្រទេស​ Sierra Leone។​

លោក​ Turay បាន​និយាយ​ថា៖​

«នៅ​ប្រទេស​កំណើត​យើង វា​មាន​វិធី​ច្រើន​ដើម្បី​ជៀស​ខ្លួន​ពី​អំពី​ឧក្រិដ្ឋកម្ម​ ហើយ​វិធី​មួយ​នោះ​គឺ​ការ​សូក​ប៉ាន់ ដោយឲ្យ​សំណូក​ដល់​ប៉ូលិស​ ឬ​គ្រូបង្រៀន​ដើម្បីទទួល​បាន​ពិន្ទុល្អ។ ដូច្នេះ​ហើយ​ទើប​យើង​យក​វា​មក​បង្ហាញ​ថា​ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី វា​គឺ​បទ​ឧក្រិដ្ឋ»។

គម្រោង​នេះ​គាំទ្រ​ដោយ​លោក Rob Lindsay គ្រូ​បង្រៀន​ចូល​និវត្តន៍​ម្នាក់ ដែល​និយាយ​ថា ​ជនចំណាកស្រុក​វ័យ​ក្មេង​អាច​ងាយស្រួល​នឹង​ជួប​បញ្ហា។

«នៅ​ក្នុង​ករណី​ខ្លះ អ្នក​អាច​នឹង​ត្រូវ​បាន​ប៉ូលិស​ហៅ​ឲ្យ​ឈប់ ហើយ​ត្រូវ​ប៉ូលិស​ផាក​ពិន័យ​នៅ​ហ្នឹង​កន្លែង ដែល​លុយ​ពិន័យ​នោះ​គឺ​ចូល​ទៅ​ក្នុង​ហោប៉ៅ​ប៉ូលិស។ ប៉ុន្តែ​វា​មិន​កើត​ឡើង​នៅ​ទីនេះ​ទេ ហើយ​ខ្ញុំ​មើលឃើញ​ថា​ យុវជនបាន​ជួប​នឹង​បញ្ហា​ជាច្រើន​ដោយសារ​តែ​ពួក​គេ​មិនយល់»។

ជន​អន្តោ​ប្រវេសន៍​អូស្រ្តាលី​ភាគច្រើន​គឺ​មកពី​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ចិន។​

នៅ​កន្លែង​ខ្លះ មាន​ការ​ប្រឆាំង​នឹង​វប្បធម៌​ចម្រុះ​នេះ​ ប៉ុន្តែ​ជនជាតិ​អូស្រ្តាលី​ភាគ​ច្រើន​ជឿ​ថា ​ប្រទេស​អូស្ត្រាលី​ទទួល​បាន​នូវ​អនុភាព​ដ៏​អស្ចារ្យ​ពី​វប្បធម៌​ដ៏​ចម្រុះ​គ្នា​នេះ៕

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ​