របក​គំហើញ​អំពី​ក្រឡ​បុរាណ​របស់​ប្រទេស​ឡាវ

  • Ron Corben

ក្រឡ​បុរាណ​របស់​ប្រទេស​ឡាវ​នៅ​ក្នុង​កំណាយ​មួយ។​

ក្រុម​អ្នក​ស្រាវជ្រាវ​រួម​គ្នា​មក​ពី​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​ឡាវ ​បាន​រក​ឃើញ​អដ្ឋិធាតុ​មនុស្ស​នៅ​ក្នុង​ក្រឡ​បុរាណ​ ដែល​គេ​ជឿ​ថា​មាន​អាយុ​កាល​ប្រហែល​​ជា​ ២៥០០​ ឆ្នាំ​មុន​មក​ម្ល៉េះ។​ក្រុម​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ​ការ​ស្រាវជ្រាវ​ដល់​ទី​កន្លែង​បាន​បង្កើន​ចំណេះ​ដឹង​មួយ​ចំនួន​គួរ​ឲ្យ​គត់​សំគាល់ ​ដែល​អាច​លាត​ត្រដាង​ពី​ភាព​អាថ៌កំបាំង​របស់​ក្រឡ​ចំនួន​ប្រហែល​១០០​និង​ទីតាំង​រក្សា​អដ្ឋិធាតុ​សព​ដែល​នៅ​ពាស​ពេញ​ក្នុង​តំបន់។

ក្រឡ​ទាំង​នេះ ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​Xieng Khouang ​ភាគ​កណ្ដាល​នៃ​ប្រទេស​ឡាវ​ នៅ​តែ​ជា​ចម្ងល់​សម្រាប់​ក្រុម​បុរាណ​វិទូ​នៅ​ឡើយ។

លោក​ Dougald O'Reilly សាស្ត្រាចារ្យ​ផ្នែក​បុរាណ​វិទ្យា​នៃ​សកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី ​ដែល​ជា​អ្នក​ដឹក​នាំ​ការងារ​ស្រាវជ្រាវ​នេះ ​មាន​ប្រសាសន៍​ថា៖

«នេះ​គឺ​ជា​អាថ៌កំបាំង​ដ៏​អស្ចារ្យ​ពី​ទី​តាំង​ក្រឡ​ទាំងនោះ។​ ក្រឡ​ថ្ម​ធំៗ​ទាំង​នេះ ​ខ្លះ​មាន​ទម្ងន់​ដល់​ទៅ​១០​តោន ត្រូវ​បាន​អូស​ចេញពី​កន្លែង​យក​ថ្ម​មួយ​ចម្ងាយ​ពី​៨​ទៅ​១០​គីឡូម៉ែត្រ​ទៅ​គរ​ផ្គុំ​គ្នា»។​

មាន​ការ​ដឹង​តិចតួច​ណាស់​ពី​អ្នក​ដែល​ឆ្លាក់​ថ្ម​ជា​ក្រឡ​នេះ​ឡើង ​ ឬ​សូម្បី​តែ​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ការ​ឆ្លាក់ និង​ថា​តើ​ទីតាំង​រក្សា​ក្រឡ​នេះ​កើត​ឡើង​តាម​របៀប​ណា។​

លោក​ O'Reilly​ ​បានថ្លែងថាសំណួរ​សំខាន់​នោះ​គឺ​ថា​គ្មាន​ទី​តាំង​ណា​មួយ​ដែល​អាច​ឲ្យ​យើង​ដឹង​ពី​ជាតិ​សាសន៍ ​និង​អត្ត​សញ្ញាណ​របស់​មនុស្ស​ដែល​បាន​បង្កើត​ក្រឡ​ថ្ម​បុរាណ​ទាំង​នេះ​ទេ។​

មាន​ទីតាំង​រក្សា​ក្រឡ​ចំនួនប្រហែល​១០០​កន្លែង​ ដែល​កន្លែងនីមួយៗ​មាន​ក្រឡ​ថ្ម​ចំនួន​ពី​១​ទៅ​៤០០​ក្រឡ។​ ការ​ស្រាវជ្រាវ​ចុង​ក្រោយ​បំផុត​បាន​រក​ឃើញ​ថា​ កន្លែង​បញ្ចុះ​សព​បុរាណ​នៅ​តំបន់​មួយ​ដែល​គេ​ហៅ​ថា​ទីតាំង​ទី​១នៅ​ក្នុង​ ខេត្ត ​Xieng Khouang ​ដោយ​មាន ​ក្រឡ​ថ្ម ​ផ្ទាំង​ថ្ម​គ្រប​ពី​លើ​ និងស្លាក​សញ្ញា​ថ្ម​សំគាល់​ចំនួន​ជាង​៣០០។​

ការ​ជីក​រណ្ដៅ​សព ​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​របៀប​បញ្ចុះសព​ផ្សេងៗ​គ្នា​ រួម​មាន​ទាំង​ការ​បញ្ចុះ​សព​ទាំងមូល ការ​បញ្ចុះ​កញ្ចប់​អដ្ឋិធាតុ​ និង​ការ​បញ្ចុះ​ដោយ​ដាក់​អដ្ឋិធាតុ​ក្នុង​ថូ​ធ្វើ​ពី​ជាតិ​កុលាលភាជន៍ (ជាតិ​ដី​ឥដ្ឋ​ដុត​ក្ដៅ​ឬ​ហៅថា សេរ៉ាមិច)។

បុរាណ​វិទូ​លោក Louis Shewan​ មក​ពី​សកលវិទ្យាល័យ​ Monash គឺ​ជា​អ្នក​ដឹក​ក្រុម​ស្រាវជ្រាវប្រទេស​អូស្ត្រាលី។ ចំណែក​ក្រុម​ស្រាវជ្រាវប្រទេស​ឡាវ ដឹក​នាំ​ដោយ​លោក​Thonglith Luangkhoth ​ជា​ប្រធាន​ផ្នែក​បុរាណ​វិទ្យា​របស់​ក្រសួងព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ។​

លោកThonglith​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡាវ​ថា គេ​បាន​រក​ឃើញ​អដ្ឋិធាតុ​និង​វត្ថុបុរាណ​ទាំងនោះ​នៅ​ប្រហែល​ជា​៨​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​Phonsavanh ។​

លោក​បន្ថែម​ថា ការ​រក​ឃើញ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារ​សំខាន់​មួយ​ ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ជីក​រុក​រក​វត្ថុ​បុរាណ​នៅ​ទសវត្សរ៍​១៩៣០​មក​ម្ល៉េះ​ ដោយ​សហការ​ជា​មួយ​បុរាណ​វិទូ​បារាំង។​

បុរាណ​វិទូ​បារាំង​ អ្នកស្រី Madeleine Colaniបាន​សរសេរ​ឯកសារ​ស្រាវជ្រាវ​ចំនួន​២​អត្ថបទ ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការងារ​បុរាណ​វិទ្យា​នា​ពេល​បច្ចុប្បន្ន។

ការ​ចុះ​អង្កេត​និង​ការ​ស្រាវជ្រាវ​ដល់​ទី​កន្លែង​ បាន​ជួយ​បំបែក​ភាព​អាថ៌កំបាំង ដែល​បាន​រាំង​ស្ទះ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ចុងក្រោយ​នេះ ​ដោយ​សារ​សំណល់​អាវុធ​មិនទាន់​ផ្ទុះ​រាប់​តោន​សល់​ពី​សង្គ្រាម​ឥណ្ឌូចិន​ក្នុង​ទសវត្សរ៍​១៩៧០​មក។

ប៉ុន្តែ ​លោក O'Reilly សង្ឃឹម​ថា​ការងារ​ស្រាវជ្រាវ​ថ្មី​នេះ ​នឹង​អាច​កែប្រែ​ស្ថានការណ៍​ទាំង​នោះបាន។

​«បន្ទាប់​ពី​មាន​ការ​ស្រាវជ្រាវ​មក ​យើង​មាន​លទ្ធភាព​ក្នុង​ការ​តម្រៀប​ធាតុ​សាកសព​ដែល​បញ្ចុះ​ចំនួន​៧​ និង​ធាតុ​សាកសព​ដាក់​ក្នុង​ក្រឡ​សេរ៉ាមិច​ចំនួន៤​ សរុប​ទាំងអស់​ចំនួន​១១​នៅ​កន្លែង​រក្សា​អដ្ឋិធាតុ​សព»។​

លោក​ O'Reilly​បាន​បន្ថែម​ថា៖ «យើង​សង្ឃឹម​ថា យើង​មាន​លទ្ធភាព​ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​របស់​មនុស្ស​ទាំង​នេះ​បាន»។

ការ​វិភាគ​សមាសភាគ​គីមី​អ៊ីសូតូប​លើ​ឆ្អឹង​បុរាណ​ទាំង​នោះ​ អាច​ផ្ដល់​ព័ត៌មាន​បញ្ជាក់​ពី​ពូជសាសន៍​របស់​សាកសព​ដែល​បាន​រក្សា​ទុក​នៅ​កន្លែង​បញ្ចុះ។

​លោក​បាន​លើក​ឡើង​ថា៖ ​«ព័ត៌មាន​ទាំងនេះ​អាច​ឲ្យ​យើង​ដឹង​កាន់​តែ​ច្រើន ហើយ​បើ​ការងារ​ស្រាវជ្រាវ​វិវត្ត​ទៅមុខ យើង​ប្រហែលជា​នឹង​ទទួល​បាន​ព័ត៌មាន​កាន់​តែ​ច្រើន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាំងនោះ»។

​លោក​មាន​ប្រសាសន៍​ថា មាន​ការ​រំពឹង​ទុក​ថា ទីតាំង​រក្សា​អដ្ឋិធាតុ​ក្នុង​ប្រទេស​ឡាវ​ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ទីតាំង​រក្សា​ក្រឡ​ដាក់​អដ្ឋិធាតុ​នៅ​ក្នុង​រដ្ឋ Assam ភាគ​ឦសាន​ប្រទេស​ឥណ្ឌា។​

«យើង​ពិត​ជា​រីករាយ​នឹង​ការ​រក​ឃើញ​ទាំង​នេះ​ណាស់»។

លោក​ក៏​បាន​បន្ថែម​ថា៖ «យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​មាន​ឱកាស​ធ្វើ​ការ​ជា​មួយ​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​សម្រាប់​ការងារ​ស្រាវជ្រាវ​ពី​កន្លែង​រក្សា​អដ្ឋិធាតុ​សាកសព​ដ៏​សំខាន់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ ហើយ​ក៏​ប្រហែល​ជា​កន្លែង​មួយ​ដែល​មាន​ការ​យល់​ដឹង​តិចតួច​ពី​ទីតាំង​បុរាណ​ក្នុង​តំបន់​ផង​ដែរ»។​

គម្រោង​ស្រាវជ្រាវ​នេះ​ ត្រូវ​បាន​ឧបត្ថម្ភ​មូលនិធិ​ដោយ​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​អូស្ត្រាលី។​ការ​ស្រាវជ្រាវ​នេះ ​នឹង​បន្ត​អនុវត្ត​៥​ឆ្នាំ​បន្ត​ទៀត​នៅ​តាម​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​ឡាវ ព្រម​ទាំង​នៅ​តាម​ទីតាំង​បុរាណ​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា ដោយ​សហការ​ជាមួយ​បុរាណ​វិទូ​ឥណ្ឌា។

​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ទាំងពីរ​កន្លែង​នេះ ​ប្រហែល​ជា​អាច​ផ្ដល់​ឱកាស​ឲ្យ​យើង​ទម្លាយ​អាថ៌កំបាំង​ពី​តំបន់​វប្បធម៌​ដ៏​អស្ចារ្យ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន៕

​ប្រែ​សម្រួល​ដោយ ស៊ូ ពេជ្រចិន្តា