លទ្ធផលនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី ៦ ខែវិច្ឆិកាកន្លងទៅនេះ បានបង្ហាញថា គណបក្សប្រជាធិបតេយ្យបានដណ្ដើមគ្រប់គ្រងរដ្ឋសភាមកវិញពីគណបក្សសាធារណរដ្ឋ។ ករណីនេះត្រូវបានអ្នកវិភាគនានាអះអាងថា គណបក្សប្រជាធិបតេយ្យចាប់ផ្ដើមមានឥទ្ធិពលឡើងវិញនៅក្នុងផ្នែកកិច្ចការបរទេស និងមានអំណាចពិនិត្យលើការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump។
គណបក្សប្រជាធិបតេយ្យបានឈ្នះការគ្រប់គ្រងរដ្ឋសភាត្រឡប់មកវិញនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី ៦ ខែវិច្ឆិកាកន្លងទៅនេះ។ ការទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភានេះនឹងធ្វើឲ្យគណបក្សប្រជាធិបតេយ្យមានឥទ្ធិពលនៅក្នុងផ្នែកកិច្ចការបរទេស និងមានអំណាចនៅក្នុងការពិនិត្យលើការដឹកនាំរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅពេលដែលសភាថ្មីបើកសម័យប្រជុំដំបូងរបស់ខ្លួននៅខែមករា ឆ្នាំក្រោយ។
តាំងពីគំនិតផ្ដួចផ្ដើមផ្នែកការទូត កូតាជនភៀសខ្លួន រហូតដល់ក្ដីព្រួយបារម្ភក្នុងតំបន់នានានៅជុំវិញពិភពលោក គណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាបានផ្ដល់សញ្ញាថា ពួកគេនឹងធ្វើការដើម្បីឲ្យរដ្ឋបាលរបស់លោក Trump មានការទទួលខុសត្រូវចំពោះគោលនយោបាយរបស់ខ្លួន និងអាចប្រើអំណាចរបស់អង្គនីតិប្បញ្ញត្តិលើគោលនយោបាយ ឬបញ្ហាណាមួយដែលមានការខ្វែងគំនិតគ្នា។
គណបក្សសាធារណរដ្ឋ ដែលដើរតួស្រដៀងគ្នានេះនៅក្នុងរយៈពេលភាគច្រើននៃរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Barack Obamaបានព្រមានអំពីការណ៍ដែលអាចកើនឡើងនូវការខ្វែងគំនិតគ្នាលម្អៀងទៅគណបក្សម្ខាងពាក់ព័ន្ធនឹងគោលនយោបាយការបរទេស។ វិស័យការបរទេសជាវិស័យមួយដែលមានការឯកភាពគ្នាជារួមយ៉ាងទូលំទូលាយដោយគណបក្សទាំងពីរកាលពីសម័យមុនៗ ដូចជាសម័យសង្គ្រាមត្រជាក់ជាដើម។
លោក Eliot Engel សមាជិករដ្ឋសភាប្រចាំរដ្ឋ New York ខាងគណបក្សប្រជាធិបតេយ្យ ដែលត្រូវគេរំពឹងថានឹងក្លាយជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា គណៈកម្មាធិការនេះនឹងមើលការខុសត្រូវឲ្យបានហ្មត់ចត់លើគោលនយោបាយរបស់រដ្ឋបាលលោក Trump នៅបរទេស ដែលក្នុងនោះមានទាំងគោលនយោបាយជាមួយនឹងប្រទេសរុស្ស៊ី កូរ៉េខាងជើង និងអារ៉ាប៊ីសាអ៊ូឌីតផងដែរ។
លោក Engel និយាយដូច្នេះថា៖ «ប្រសិនបើប្រទេសអារ៉ាប៊ីសាអ៊ូឌីតចង់បានការគាំទ្រពីសហរដ្ឋអាមេរិក ពួកគេត្រូវតែដោះស្រាយបញ្ហាមួយចំនួនដែលសហរដ្ឋអាមេរិកមានការព្រួយបារម្ភ»។
ការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី ៦ ខែវិច្ឆិកាកន្លងទៅនេះ បានធ្វើឲ្យគណបក្សសាធារណរដ្ឋបង្កើនសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា។ ប៉ុន្តែ សមាជិកគណបក្សប្រជាធិបតេយ្យដែលមានតួនាទីនៅក្នុងគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាបានទទួលស្គាល់នូវសារៈសំខាន់នៃការគ្រប់គ្រងសភាយ៉ាងតិចមួយថ្នាក់។
លោក Tim Kaine សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Virginia ខាងគណបក្សប្រជាធិបតេយ្យ បាននិយាយនៅមុនការបោះឆ្នោតថា៖ «ពួកយើងដែលជាសមាជិករដ្ឋសភាគឺជាអ្នកមានសិទ្ធិសម្រេច។ ដូច្នេះនៅពេលណាដែលសេតវិមានបញ្ជូនសំណើថវិការៀងរាល់ឆ្នាំ ហើយពួកគេស្នើឲ្យមានការកាត់បន្ថយថវិកាច្រើនសម្រាប់ជំនួយអភិវឌ្ឍអន្តរជាតិ ឬក៏សម្រាប់ផ្នែកការទូត យើងនឹងមានលទ្ធភាពបន្តឧបត្ថម្ភថវិកាដល់បញ្ហាអាទិភាពទាំងនោះយ៉ាងខ្លាំងក្លាបាន»។
អំណាចនៃសំឡេងភាគច្រើន
នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនេះ គណបក្សសាធារណរដ្ឋយល់ស្របថា សំឡេងភាគច្រើនរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងសភាណាមួយអាចជះឥទ្ធិពលលើអំណាចរបស់ខ្លួនបាន។
លោក John Cornyn សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Texas ខាងគណបក្សសាធារណរដ្ឋ បានប្រាប់ VOA ថា៖ «តួនាទីចម្បងរបស់សភាគឺផ្ដល់ថវិកាដល់រដ្ឋាភិបាល ដែលក្នុងនោះមានទាំងក្រសួងការពារប្រទេសផងដែរ ហើយគណបក្សប្រជាធិបតេយ្យអាចមានឥទ្ធិពលផ្ទាល់លើរឿងនេះ»។
លោក Michael O'Hanlon សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន Brookings និយាយដូច្នេះថា៖ «គណបក្សប្រជាធិបតេយ្យអាចប្រើអំណាចរបស់ពួកគេនៅក្នុងសភាដើម្បីអាចធ្វើអ្វីបានច្រើន។ បើតាមរដ្ឋធម្មនុញ្ញ ប្រធានាធិបតីមានអំណាចផ្នែកការទូត ហើយក៏ជានាយអគ្គសេនាធិការកងទ័ពផងដែរ។ ប៉ុន្តែ មានតែសភាទេដែលអាចប្រកាសធ្វើសង្គ្រាមបាន។ ហើយពាក់ព័ន្ធនឹងបញ្ហាជាច្រើនទៀត ដូចជាការដាក់ទណ្ឌកម្មជាដើម សភាជាអ្នកអនុម័តច្បាប់លើរឿងនេះ»។
លោក Anthony Cordesman អ្នកជំនាញផ្នែកសន្តិសុខជាតិនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS បាននិយាយថា៖ «អ្នកចាំបាច់មិនត្រូវព្រួយបារម្ភអំពីដំណាក់កាលមិនគួរឲ្យចាប់អារម្មណ៍នោះទេ។ ខ្ញុំដឹងថា ការគ្រប់គ្រងសភាគឺមិនមែនជាបញ្ហាទេ។ ខ្ញុំគិតថា វាអាចជាការឯកភាពគ្នារវាងគណបក្សទាំងពីរ និងការលំបាកប៉ុណ្ណាដែលត្រូវយល់ស្របគ្នាលើបញ្ហាផ្សេងៗ និងជៀសមិនឲ្យមានបញ្ហាគោលនយោបាយការបរទេសណាមួយក្លាយជាបញ្ហារបស់គណបក្សតែម្ខាងនោះ»។
លោក Adam Schiff ដែលជាសមាជិករដ្ឋសភាប្រចាំរដ្ឋ California ខាងគណបក្សប្រជាធិបតេយ្យ និងជាប្រធានខាងគណបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភា បានទាមទារម្ដងហើយម្ដងទៀតឲ្យមាននូវព័ត៌មានលំអិតបន្ថែមអំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតអាមេរិក ក៏ដូចជាទំនាក់ទំនងរវាងក្រុមផ្ទៃក្នុងរបស់លោក Trump ជាមួយនិងរដ្ឋាភិបាលរុស្ស៊ី។
ជារឿយៗ លោក Adam Schiff មានការខឹងសម្បារជាមួយនឹងលោក Devin Nunes ដែលជាសមាជិករដ្ឋសភាប្រចាំរដ្ឋ California ខាងគណបក្សសាធារណរដ្ឋ និងជាប្រធានបច្ចុប្បន្ននៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភា។ លោក Devin Nunes ជារឿយៗការពារលោកប្រធានាធិបតី Donald Trump។
ក្នុងនាមជាប្រធាន លោក Adam Schiff នឹងមានសិទ្ធិសម្រេចដោយសេរីនៅក្នុងការចាប់ផ្ដើមការស៊ើបអង្កេតឡើងវិញ ឬក៏ពង្រឹងការស៊ើបអង្កេត និងនៅក្នុងការកោះហៅសាក្សី។ លោកក៏នឹងមានវេទិកាដ៏សំខាន់មួយផងដែរ ដែលលោកអាចរិះគន់សេតវិមានបាន។
កាលពីដើមខែវិច្ឆិកា លោក Adam Schiff បានរិះគន់លោក Trump បន្ទាប់ពីទាហានប្រទេសនីហ្សេរីយ៉ាបានបើកការបាញ់ប្រហារលើអ្នកតវ៉ា។ លោក Adam Schiff ថា ការប្រកាស និងទង្វើរបស់លោក Trump នៅសហរដ្ឋអាមេរិក និងនៅបរទេសអាចធ្វើឲ្យមានការឆ្លើយតបបែបផ្ដាច់ការកើតឡើងបាននៅលើពិភពលោក។
លោក Adam Schiff បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា៖ «ហេតុការណ៍នៅក្នុងប្រទេសនីហ្សេរីយ៉ានេះ គឺជាអ្វីដែលបានកើតឡើងនៅពេលដែលលោក Trump ធ្វើឲ្យបាត់បង់ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅលើពិភពលោក។ នេះមិនចាំបាច់និយាយដល់សុភាវធម៌ជាមូលដ្ឋាននោះទេ»។
មួយវិញទៀត លោក Adam Smith សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Washington ដែលទំនងជានឹងក្លាយជាប្រធាននៃគណៈកម្មាធិការយោធារបស់រដ្ឋសភា គឺជាអ្នករិះគន់នាំមុខមួយរូបចំពោះការសម្រេចរបស់លោក Trump នៅក្នុងការបញ្ជូនទាហានទៅកាន់ព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក នៅមុនការគ្រោងមកដល់នៃក្រុមជនចំណាកស្រុកដែលមកពីបណ្ដាលប្រទេសនៅភាគកណ្ដាលនៃទ្វីបអាមេរិក។
លោក Adam Smith និងសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យជាង ១ រយនាក់ផ្សេងទៀត បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក Jim Mattis កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។
លិខិតនោះសរសេរថា៖ «សហរដ្ឋអាមេរិកអាចរក្សាសន្តិសុខព្រំដែន និងនីតិរដ្ឋ ដោយនៅតែប្រកាន់ខ្ជាប់នូវសេចក្ដីថ្លៃថ្នូររបស់ខ្លួនដើម្បីការពារអ្នកដែលរត់គេចពីការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សាបាន។ ប៉ុន្តែ ការប្រើទាហាននឹងមិនជួយសហរដ្ឋអាមេរិកឲ្យសម្រេចបាននូវគោលបំណងទាំងនេះទេ ដោយវាមានតែអាចធ្វើឲ្យស្ថានការណ៍កាន់តែរីករាលដាលឡើងដោយមិនចាំបាច់តែប៉ុណ្ណោះ»។
តួនាទីគ្រប់គ្រង
អ្នកវិភាគនានាថា ចាប់ផ្ដើមពីខែមករា ឆ្នាំក្រោយ សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យនឹងប្រើអំណាចដ៏ទូលំទូលាយដើម្បីពិនិត្យពិច្ច័យ និងទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនចំពោះការសម្រេច និងការផ្ដួចផ្ដើមនានារបស់រដ្ឋបាលលោក Trump ដែលក្នុងនោះមានទាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាចនឹងធ្វើឡើងជាមួយនឹងប្រទេសកូរ៉េខាងជើងផងដែរ។
លោក Michael O'Hanlon នៃវិទ្យាស្ថាន Brookings និយាយដូច្នេះថា៖ «សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យជាច្រើនបានរិះគន់លោក Trump ពាក់ព័ន្ធនឹងគោលនយោបាយលើប្រទេសកូរ៉េខាងជើង។ ជាការពិតណាស់ សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យភាគច្រើនគិតថា លោក Trump មានការរាក់ទាក់ជ្រុលជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ឬក៏ជាមនុស្សដែលគេពិបាកស្មានរឿងអួតក្អេងក្អាង និងសារនៅលើ Twitter របស់លោក»។
លោក Anthony Cordesman នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS បញ្ជាក់ដូច្នេះថា៖ «ជាការពិត គណបក្សប្រជាធិបតេយ្យនឹងផ្ដោតលើគ្រប់ចំណុចខ្សោយដែលអាចមានទាំងអស់។ ប្រសិនបើលោក Trump អាចសម្រេចបាននូវការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង យើងនឹងឃើញថា សមាជិកគណបក្សសាធារណរដ្ឋមួយចំនួននឹងអួតក្អេងក្អាង ហើយសមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួននឹងរក្សាភាពស្ងៀមស្ងាត់។ វាគឺអាស្រ័យលើថាតើប្រជាពលរដ្ឋយល់ពីរឿងនេះតាមវិធីណានោះ»។
គណបក្សសាធារណរដ្ឋបញ្ជាក់ថា សមាជិកនៃសភាទាំងពីរថ្នាក់គួរតែសហការគ្នាជាមួយនឹងរដ្ឋបាលរបស់លោក Trump លើផ្នែកកិច្ចការបរទេស។
លោក John Cornyn សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Texas និយាយថា៖ «មានរឿងជាច្រើនកំពុងកើតឡើងនៅលើពិភពលោក។ ដូច្នេះយើងចាំបាច់ត្រូវព្យាយាមធ្វើយ៉ាងណាឲ្យមានការរួបរួមគ្នាតាមដែលអាចធ្វើទៅបានជាមួយនឹងរដ្ឋបាលរបស់លោក Trump ជាជាងចូលរួមជាមួយនឹងក្រុមប្រឆាំង។ មានបញ្ហាជាច្រើន។ ខ្ញុំគ្មានជំនឿចិត្តជាមួយនឹងអ្វីដែលខ្ញុំបានឃើញកាលពីពេលថ្មីៗនេះទេ។ គណបក្សប្រជាធិបតេយ្យទំនងជាមានគំនិតចង់រារាំង។ នេះជាបរិយាកាសនយោបាយមួយខុសប្លែកពីបរិយាកាសនយោបាយដែលខ្ញុំបានឃើញកន្លងមកនៅក្នុងជីវិតរបស់ខ្ញុំ»។
លោក Lindsey Graham សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ South Carolina ពោលពាក្យចំអកឡកឡឺយនៅពេលដែលគេសួរអំពីជំនឿចិត្តរបស់គណបក្សប្រជាធិបតេយ្យចំពោះកិច្ចការសាកលលោក។
លោក Linsey Graham និយាយដូច្នេះថា៖ «ខ្ញុំមិនដឹងអំពីគោលនយោបាយការបរទេសរបស់គណបក្សប្រជាធិបតេយ្យទេ។ ខ្ញុំដឹងអំពីគោលនយោបាយការបរទេសរបស់លោក Trump។ តើអ្វីជាទស្សនៈវិស័យរបស់គណបក្សប្រជាធិបតេយ្យចំពោះគោលនយោបាយការបរទេស? ខ្ញុំគិតថា ពួកគេគ្មាននោះទេ។ ពួកគេមិនចូលចិត្តលោក Trump ប៉ុន្តែ តើពួកគេគាំទ្រអ្វី? តើយើងគួរតែនៅក្នុងប្រទេសស៊ីរីឬ? តើយើងគួរតែនៅក្នុងប្រទេសអាហ្វហ្គានីស្ថានឬ? តើយើងគួរធ្វើអ្វីចំពោះប្រទេសអ៊ីរ៉ង់? ទាំងនេះជារឿងដែលគណបក្សប្រជាធិបតេយ្យមិនដែលនិយាយដល់នោះទេ»។
ការប្រឡូករបស់យោធា
លោក Anthony Cordesman បាននិយាយថា សភាអាណត្តិបន្ទាប់នឹងតទល់ជាមួយនឹងចម្ងល់ជាច្រើនអំពីការប្រឡូករបស់យោធាសហរដ្ឋអាមេរិកដែលកំពុងតែបន្តនៅចំពេលដែលស្ថានភាពហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកកាន់តែអាក្រក់ឡើង។
លោកបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹងថវិកាចំណាយសម្រាប់គោលនយោបាយការពារជាតិ ឥឡូវនេះអ្វីៗគឺផ្អែកលើការស្រុះស្រួលនៃគណបក្សទាំងពីរ។ ប្រសិនបើនិយាយពីការតាំងចិត្តដ៏សំខាន់ថ្មីមួយនៅប្រទេសអាហ្វហ្គានីស្ថាន និងសកម្មភាពនៅប្រទេសអ៊ីរ៉ាក់ ឬស៊ីរី ឬក៏ជំនួយមនុស្សធម៌ មានរឿងជាច្រើនដែលអាចពិភាក្សាវែកញែកគ្នាបាន។ ការចំណាយរបស់រដ្ឋាភិបាល និងថវិកាប្រហែលជារឿងដ៏រសើបខ្លាំងមួយ។ គណបក្សសាធារណរដ្ឋប្រហែលជាគាំទ្រការចំណាយលើផ្នែកការពារប្រទេស។ រីឯគណបក្សប្រជាធិបតេយ្យវិញ ប្រហែលជាគាំទ្រច្រើនជាងលើផ្នែកជំនួយបរទេស។ ប៉ុន្តែ អ្វីដែលនឹងកើតឡើងគឺជារឿងដែលពិបាកស្មានដឹងមុន»។
លោក Michael O'Hanlon និយាយថា៖ «ការរំពឹងទុករបស់ខ្ញុំគឺថា ពាក់ព័ន្ធនឹងបញ្ហាគោលនយោបាយការបរទេសភាគច្រើន យើងនឹងឃើញថា រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ឬក៏ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនឹងមិនអាចផ្លាស់ប្ដូរជាដុំកំភួនណាមួយលើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនោះទេ ដោយសារតែពួកគេខ្វះមធ្យោបាយ»។
លោកបានបន្ថែមថា៖ «ប៉ុន្តែ សំខាន់ជាងនេះទៅទៀត ទោះបីជាពួកគេរិះគន់លើវិធីដឹកនាំរបស់លោក Trump និងបារម្ភអំពីភាពចចេសរឹងរូសរបស់លោកក៏ដោយ ក៏គេនៅមិនទាន់ច្បាស់អំពីថាតើគោលនយោបាយប៉ុន្មានរបស់លោក Trump ដែលពួកគេមិនយល់ស្របជាមួយតាមរបៀបដែលបង្កើតឲ្យមានការឯកភាពគ្នាដែលពួកគេអាចតាក់តែងជាច្បាប់បាន និងផ្លាស់ប្ដូរទិសដៅគោលនយោបាយការបរទេសជាមូលដ្ឋានរបស់សហរដ្ឋអាមេរិកបាននោះ»៕
ប្រែសម្រួលដោយ ភី សុភាដា