ក្រុមមន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់កម្ពុជានិងចិន ទើបបានដាក់ចេញផែនការរួមគ្នាប្រឆាំងបទល្មើស ដែលរួមបញ្ចូលផងដែរនូវការចែករំលែកព័ត៌មានសម្ងាត់ និងបច្ចេកវិទ្យាកំណត់អត្តសញ្ញាណទំនើបនិងជំនួយចិនសម្រាប់សាងសង់ទីបញ្ជាការកណ្ដាលនគរបាលកម្ពុជាផងដែរ។
ផែនការការងារខាងលើត្រូវបានចុះហត្ថលេខា កាលពីថ្ងៃអង្គារ ក្នុងជំនួបតាមអនឡាញ រវាងឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងសមភាគីចិនរបស់លោក គឺសមាជិកក្រុមប្រឹក្សារដ្ឋលោក Zhao Kezhi រដ្ឋមន្ត្រីសន្តិសុខសាធារណៈចិន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជាលោក ខៀវ សុភ័គ បានលើកឡើងថា តាមរយៈផែនការការងារនេះ មន្ត្រីចិននិងកម្ពុជានឹងសហការគ្នា បង្ក្រាបបទល្មើសដូចជា ជួញដូរគ្រឿងញៀន ភេរវកម្ម ជួញដូរអាវុធ ជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ល្បែងស៊ីសងអនឡាញខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។
លោក ស ខេង និងលោក Zhao Kezhi ក៏បានសន្យាថា នឹងគាំទ្រគ្នាទៅវិញទៅមក លើការប្រារព្ធព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២នៅប៉េកាំង ការដឹកនាំរៀបចំបណ្ដាកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះឆ្នាំ២០២២ និងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ស៊ីហ្គេមឆ្នាំ២០២៣នៅភ្នំពេញ។ នេះបើយោងតាមលោក ខៀវ សុភ័គ។
«នេះជាកិច្ចសហប្រតិបត្តិការដើម្បីជួយគ្នាទៅវិញទៅមក ទាំងការផ្លាស់ប្ដូរព័ត៌មាន ផ្លាស់ប្ដូរព័ត៌មានទាំងសម្ងាត់ ទាំងចំហរផ្សេងៗ ដូចដែលយើងធ្លាប់បានធ្វើកន្លងមក ហើយពិតណាស់ដូចបានជម្រាបជូនខាងលើអ៊ីចឹង កិច្ចសហប្រតិបត្តិការនេះរួមចំណែកដល់សុខសន្ដិភាពរបស់កម្ពុជាយើងបច្ចុប្បន្ន និងប្រទេសទាំងពីរ»។
នៅលើទំព័រចុងក្រោយនៃកិច្ចព្រមព្រៀង ដែលលោក ស ខេង និងលោក Zhao Kezhi បានចុះហត្ថលេខា និងដែលវីអូអេបានឃើញ បានបង្ហាញខ្លឹមសារត្រួសៗថា៖
«ភាគីចិននឹងផ្ដល់ជំនួយឧបករណ៍ត្រួតពិនិត្យសន្ដិសុខ ឧបករណ៍ស៊ើបអង្កេតទីតាំងបទល្មើស ឧបករណ៍ធ្វើតេស្ដ DNA និងឧបករណ៍ធ្វើកោសល្យវិច័យ និងពន្លឿនដំណើរការសាងសង់អគារទីបញ្ជាការកណ្ដាលនគរបាលកម្ពុជា»។
លោក ខៀវ សុភ័គ ដែលជានាយខុទ្ទកាល័យលោក ស ខេង ផងដែរនោះ បានបន្ថែមថា៖
«យើងមានការបញ្ជូនទៅបណ្ដុះបណ្ដាលនូវបច្ចេកទេស នៅសាធារណរដ្ឋប្រជាមានិតចិន ដែលជារឿងជំនាញរបស់យើង ដែលខាងនគរបាលគេ នឹងបន្តតាមជំនាញរបស់គេទៀត»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានស្នើរដ្ឋាភិបាលឲ្យបង្ហាញតម្លាភាពលើកិច្ចព្រមព្រៀងនៃផែនការការងារថ្មីនេះ រវាងកម្ពុជា និងចិន។ អ្នកស្រីប្រាប់វីអូអេថា៖
«តែគ្រាន់ថាអ្វីដែលយើងបារម្ភនោះហើយរដ្ឋាភិបាលគួរតែធ្វើឱ្យមានតម្លាភាព គឺការបង្ហាញអំពីគោលដៅ គោលបំណង ហើយរាល់ការសហប្រតិបត្តិការ។ ការសហប្រតិបត្តិការជារឿងមួយ ក៏ប៉ុន្តែការបំពាក់ ឬការប្រើប្រាស់បច្ចេកទេស ឬជំនួយបច្ចេកទេសពីខាងណាក៏ដោយ គឺគួរតែធ្វើការបង្ហាញឲ្យសាធារណជនបានយល់ថាតើឧបករណ៍ទាំងអស់នោះ ដែលបានបំពាក់នោះក្នុងគោលដៅអ្វី ហើយវិសាលភាពនៃការប្រមូលព័ត៌មានហ្នឹង គឺដើម្បីគោលដៅយ៉ាងម៉េច ហើយនិងមានវិសាលភាពបែបណា»។
អ្នកស្រី ចក់ សុភាព បារម្ភថា ការប្រើប្រាស់បច្ចេកវិទ្យាតាមដានដោយពុំមានព្រំដែន និងពុំមានការត្រួតពិនិត្យ ក្នុងវិស័យអនុវត្តច្បាប់ក្រោមជំនួយចិននេះ អាចបង្កជាហានិភ័យដល់សិទ្ធិពលរដ្ឋកម្ពុជាផង និងពលរដ្ឋចិនរស់នៅកម្ពុជាផង ជាពិសេសអ្នកដែលមានមតិផ្ទុយពីរដ្ឋអំណាច។
គិតត្រឹមល្ងាចថ្ងៃពុធនេះ ស្ថានទូតចិននៅភ្នំពេញពុំទាន់បានឆ្លើយតបនៅឡើយទៅនឹងកម្រងសំណួររបស់វីអូអេ អំពីសេចក្តីលម្អិតនៃបណ្ដាបច្ចេកវិទ្យាដែលនឹងចែករំលែកជាមួយកម្ពុជានេះ។
អាជ្ញាធរចិនកុម្មុយនិស្ដ ក៏ធ្លាប់បានរងការរិះគន់ផងដែរអំពីការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបតាមដានយ៉ាងទូលំទូលាយលើពលរដ្ឋខ្លួន ដូចមានការកំណត់ពិន្ទុឥណទានសង្គម ការកំណត់អត្តសញ្ញាណមុខតាមដងផ្លូវ និងការប្រមូលសំណាក DNA ពីបណ្ដាជន Uyghur នៅខេត្ត Xinjiang ភាគខាងលិចប្រទេសផងដែរ។ តែចិនធ្លាប់បានបដិសេធនូវក្ដីព្រួយបារម្ភទាំងនោះ។
ទាក់ទិននឹងចំណោទអំពីបញ្ហាសិទ្ធិមនុស្សនិងឯកជនភាពរបស់ពលរដ្ឋ ក្រោមការឃ្លាំមើលផ្នែកបច្ចេកវិទ្យាជាជំនួយរបស់ចិននោះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានតបវិញថា៖
«ការគ្រប់គ្រងរដ្ឋ បើយើងឈរលើតែសិទ្ធិមនុស្ស ឈរលើតែស្អីនោះ គ្មានរដ្ឋណាមួយមានស្ថិរភាពទេប្រាកដជាធ្លាក់ក្នុងភេរវកម្មមិនខានទេ។ ដូច្នេះការគ្រប់គ្រងរដ្ឋយើងត្រូវតែមាន នៅសហរដ្ឋអាមេរិកក្ដី យើងនិយាយស្អីអំពីចង់ផ្ដួលរំលំ ឬចង់ដាក់គ្រាប់បែកនៅទីណា គេចាប់បានតែទាំងអស់ហ្នឹង។ យ៉ាងណាមិញរដ្ឋកម្ពុជាក៏មានសិទ្ធិអ៊ីចឹងដែរទេ មិនអត់ទេ អ្នកណាដែលចង់ងើបបះបោរ ចង់ផ្ដួលរំលំ ឬក៏ចង់ដាក់គ្រាប់បែកដាក់អី យើងត្រូវតែមានព័ត៌មានលើបញ្ហាហ្នឹង។ យើងមានខុសអី ទាំងការយកព័ត៌មានបំផ្លាញរដ្ឋដើម្បីការពាររដ្ឋអត់មានខុសទេ»។
អ្នកស្រី ចក់ សុភាព នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងថា រដ្ឋត្រូវអនុលោមតាមច្បាប់និងស្មារតីបើកទូលាយជាមួយរាស្ត្រម្នាក់ៗថា ព័ត៌មានដែលប្រមូលបានពីខ្លួនគេនោះ ត្រូវបានទុកដាក់យ៉ាងដូចម្ដេច និងយកទៅប្រើក្នុងគោលដៅអ្វីខ្លះ។
ជំនួបអនឡាញ និងការសម្រេចដាក់ចេញនូវផែនការការងារថ្មីនេះ កើតមានឡើងចំពេលដែលមានរបាយការណ៍ពីការកើនឡើងនៃបទល្មើសឆបោកមនុស្សមកបង្ខាំងទុក និងគំរាមជម្រិតយកប្រាក់ប្រព្រឹត្តដោយពលរដ្ឋចិន លើទឹកដីកម្ពុជា ដែលមានករណីមួយចំនួនកើតនៅខេត្តព្រះសីហនុ៕