អ្នកស្រាវជ្រាវក្នុងប្រទេសអង់គ្លេសលើកឡើងថា ជំងឺកូវីដ១៩ប្រភេទថ្មី ដែលគេបានរកឃើញក្នុងប្រទេសនេះ មានលក្ខណៈឆ្លងខ្លាំងជាងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយអាចឆ្លងខ្លាំងក្នុងចំណោមកុមារផងដែរ។
អ្នកវិទ្យាសាស្រ្តនៃក្រុមប្រឹក្សាស្តីពីការគំរាមកំហែងបង្កដោយវីរុសផ្លូវដង្ហើមប្រភេទថ្មី (New and Emerging Respiratory Virus Threats Advisory Group) ក្នុងប្រទេសអង់គ្លេស បានបា្រប់អ្នកសារព័ត៌មានក្នុងសប្តាហ៍នេះថា វីរុសប្រភេទថ្មីដែលគេបានរកឃើញនោះ អាចឆ្លងខ្លាំងជាងប្រភេទវីរុសក្នុងទម្រង់ផ្សេងៗរហូតដល់ទៅ ៧១%។
វីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានគេរកឃើញថាចម្លងខ្លាំងក្លាទៅលើមនុស្សនៅក្នុងប្រទេសអង់គ្លេសភាគខាងត្បូង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបានធ្វើឲ្យប្រទេសប្រមាណជាង ៤០ បានដាក់បម្រាមអ្នកធ្វើដំណើរចេញពីប្រទេសអង់គ្លេសមិនឲ្យចូលប្រទេសរបស់ខ្លួននោះទេ។
ប្រទេសសិង្ហបុរី ហ្វីលីពីន និងប្រទេសកូរ៉េខាងត្បូង ទើបតែបានដាក់បម្រាមរបស់ខ្លួននៅថ្ងៃអង្គារកន្លងទៅនេះ ជាមួយបណ្តាប្រទេសផ្សេងៗទៀតដែរ ដែលបានហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេសនោះ។ ប្រទេសសិង្ហបុរី បានដាក់បម្រាមដោយមិនកំណត់រយៈពេល លើរាល់អ្នកដំណើរទាំងអស់ដែលចេញពីប្រទេសអង់គ្លេសមិនឲ្យចូលមកប្រទេសរបស់ខ្លួនឡើយ ដែលបម្រាមនេះនឹងត្រូវចូលជាធរមាននៅពាក់កណ្តាលអាធ្រាត្រ ថ្ងៃពុធ ម៉ោងក្នុងប្រទេសសិង្ហបុរី។ ប្រទេសហ្វីលីពីន បានផ្អាកគ្រប់ជើងហោះហើររបស់ខ្លួនទៅកាន់ប្រទេសអង់គ្លេស ចាប់ពីថ្ងៃព្រហស្បតិ៍ទៅ គឺរយៈពេលមួយថ្ងៃមុនថ្ងៃបុណ្យណូអែល។ ចំណែកឯកូរ៉េខាងត្បូងនឹងធ្វើការផ្អាកជើងហោះហើរចេញពីអង់គ្លេសមកប្រទេសរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ គឺនៅមុនថ្ងៃចូលឆ្នាំសាកលមួយថ្ងៃ។
ប៉ុន្តែប្រទេសបារាំងបានដកចេញនូវបម្រាមរបស់ខ្លួន ដែលបានដាក់រយៈពេល៤៨ម៉ោង កាលពីថ្ងៃចន្ទកន្លងទៅ សម្រាប់ការធ្វើដំណើរទាំងអស់មកពីប្រទេសអង់គ្លេសនោះ ដោយអនុញ្ញាតឲ្យអ្នកធ្វើដំណើរនិងរថយន្តដឹកទំនិញទាំងអស់មកពីប្រទេសអង់គ្លេស អាចចូលក្នុងប្រទេសបារាំងបាន ដ៏រាបណាអ្នកទាំងនោះ ធ្វើតេស្តពុំមានវីរុសកូរ៉ូណា ក្នុងរយៈពេល៧២ម៉ោងមុន៕