ស្ត្រីខ្មែរដែលជាអ្នកដំណើរម្នាក់ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញកាលពីថ្ងៃច័ន្ទ ដោយធ្វើឲ្យករណីឆ្លងសរុបទូទាំងប្រទេសកើនដល់៣០៤ គិតត្រឹមថ្ងៃពុធនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៨ខែវិច្ឆិកាថា ស្រ្តីខ្មែរដែលបានឆ្លងកូវីដ១៩ចុងក្រោយបំផុតនេះ បានមកដល់កម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា បន្ទាប់ពីបានបន្តជើងហោះហើររបស់ខ្លួននៅប្រទេសកូរ៉េខាងត្បូង។
បច្ចុប្បន្នស្ត្រីវ័យ៤៩ឆ្នាំរូបនេះ ដែលរស់នៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្នុងទីក្រុងភ្នំពេញ។
អ្នកដំណើរតាមជើងយន្តហោះតែមួយជាមួយស្ត្រីរូបនេះចំនួន១២៣នាក់ផ្សេងទៀត ដែលត្រូវបានធ្វើតេស្តអវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមទីកន្លែងផ្សេងៗក្នុងរាជធានីភ្នំពេញ រួមទាំងម្នាក់នៅក្នុងស្ថានទូតជប៉ុនប្រចាំកម្ពុជាផង។ នេះបើយោងតាមសេចក្តីជូនដំណឹងក្រសួងសុខាភិបាលដដែលនោះ។
ក្រៅពីអ្នកឆ្លងចុងក្រោយគេបង្អស់នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១២នាក់ទៀត រួមទាំងអ្នកជំងឺនៅសល់៣នាក់ដែលពាក់ព័ន្ធ«ព្រឹត្តិការណ៍៣វិច្ឆិកា»ផង កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងទីក្រុងភ្នំពេញ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា៕