បុរសជនជាតិខ្មែរ២៦ នាក់ ត្រូវបានធ្វើតេស្តរកឃើញថា បានឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃច័ន្ទ ដោយធ្វើឲ្យចំនួនករណីឆ្លងជំងឺកូវីដ១៩សរុបក្នុងប្រទេសកម្ពុជា កើនដល់១៩៧នាក់ រួមទាំងជនជាតិអាមេរិកាំង២នាក់ផង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី២១ខែកក្កដានេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងវីរុសកូរ៉ូណាចុងក្រោយបង្អស់ទាំង២៦នាក់នេះ មាន២០នាក់ គឺជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ៥នាក់ ធ្វើដំណើរមកពីប្រទេសអេហ្ស៊ីប និង១នាក់ទៀត ជាអ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូង។
បុរសខ្មែរទាំង២៦នាក់នេះ មានទីលំនៅផ្សេងៗគ្នានៅតាមខេត្តក្រុងចំនួន៩ រួមមានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ស្វាយរៀង បាត់ដំបង ត្បូងឃ្មុំ កំពង់ចាម ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។
ភាគច្រើននៃបុរសទាំង២៦នាក់នេះ មានអាយុ២០ឆ្នាំប្លាយ និង៣០ឆ្នាំប្លាយ លើកលែងតែបុរសម្នាក់វ័យចំណាស់ជាងគេ គឺអាយុ៦៥ឆ្នាំ ដែលមានទីលំនៅនៅជិតវត្តទួល សង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
គិតត្រឹមថ្ងៃអង្គារនេះ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដទាំង១៩៧នាក់ (ស្ត្រី៤៣នាក់និងបុរស១៥៤នាក់)នេះ មាន១៤០នាក់ បានជាសះស្បើយឡើងវិញហើយ។ ចំណែកអ្នកជំងឺទាំង៥៧នាក់ទៀត កំពុងសម្រាកព្យាបាលក្នុងរាជធានីភ្នំពេញនៅឡើយដោយក្នុងនោះ៤៨នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ និង៧នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយ២នាក់ទៀត ដែលជាជនជាតិអាមេរិកាំងកំពុងសម្រាកព្យាបាលក្នុងបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៕