កម្ពុជា​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩

រូបឯកសារ៖ បុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) បាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ធ្វើ​តេស្ត​រក​ឃើញ​ករណី​ឆ្លង​ថ្មី​១ទៀត​នៃ​ជំងឺ​កូវីដ​១៩ តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​ប្រទេស​នេះ​បាន​សម្រេច​លើក​បម្រាម​ធ្វើ​ដំណើរ​ពីប្រទេស​ចំនួន​៦​ចូលកម្ពុជា។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​២១​ ខែ​ឧសភា ​ឆ្នាំ​២០២០​នេះ​ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា ​សំណាក​ដែល​អាជ្ញាធរ​សុខាភិបាល​កម្ពុជា​បាន​យក​ពី​អ្នក​ដំណើរ​ចំនួន​ ៦៣ ​នាក់​ដែល​បាន​ចូល​កម្ពុជានៅ​ថ្ងៃ​ព្រហស្បតិ៍​ មាន​ម្នាក់​បង្ហាញ​លទ្ធផល​តេស្ត​វិជ្ជមាន ដែល​ធ្វើ​ឲ្យ​តួលេខ​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ១៩​សរុប​ ឡើង​ដល់​ ១២៣ ​នាក់។​

អ្នក​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូវីដ​១៩​ចុង​ក្រោយ​បំផុតនេះ ​គឺ​ជា​បុរស​ជនជាតិ​ខ្មែរ​ អាយុ​២៦​ឆ្នាំ មាន​ទី​លំនៅ​នៅ​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត។​

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ធ្វើ​តេស្ត​រក​ឃើញ​វីរុសនោះ បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរពី​ប្រទេស​ហ្វីលីពីន ​ចូល​មក​ដល់​កម្ពុជា ​នៅ​យប់​ថ្ងៃ​ពុធ ​ក្រោយ​ពី​បន្ត​ជើង​ហោះហើរ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង។​

បច្ចុប្បន្ន បុរស​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាលនៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ​ក្នុង​ទីក្រុង​ភ្នំពេញ។​

ចំណែក​អ្នក​ដំណើរ​ដែល​បាន​ចូល​មក​កម្ពុជា​ទាំង​ ៦២ ​នាក់​ទៀត ដែល​រួម​មាន​ជនជាតិ​កូរ៉េ​ ២៣ ​នាក់ ជនជាតិ​ប៊ែលហ្សិក ​១ ​នាក់ ជនជាតិ​តៃវ៉ាន់ ១ ​នាក់ ជនជាតិ​ហូឡង់ ​១​ នាក់ ជនជាតិ​ជប៉ុន ​៣ ​នាក់ ព្រម​ទាំង​ជនជាតិ​ខ្មែរ ​៣៣​ នាក់​នោះ​ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ចំនួន ​១៤ ​ថ្ងៃ​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ​ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​ឈ្មោះ​ និង​ទីតាំង​ពិត​ប្រាកដ​នៃ​សណ្ឋាគារ​នោះ​ទេ។​

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ កម្ពុជា​បាន​ប្រកាស​ថា​ ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ​ចំនួន ​១២២ ​នាក់​នៅ​ក្នុង​ប្រទេស​កន្លង​មក ​បាន​ជា​សះ​ស្បើយ​អស់​ហើយ៕