គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃអង្គារនេះបានប្រកាសតែងតាំងអគ្គលេខាធិការ អគ្គលេខាធិការរងចំនួន៥រូប រួមនឹងប្រធាន អនុប្រធាន នាយកដ្ឋាន លេខាធិការដ្ឋាន ការិយាល័យ និងលេខាធិការដ្ឋានរាជធានីខេត្តចំនួន៣៥៧នាក់ទៀត។
កាលពីថ្ងៃទី១៥ ខែមករា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដឹកនាំដោយលោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការនេះបានសម្រេចជ្រើសរើសអគ្គលេខាធិការ មួយរូប និងអគ្គលេខាធិការរងចំនួន៤រូបសម្រាប់គ.ជ.ប អាណត្តិថ្មី។ តំណែងអគ្គលេខាធិការបានទៅលោកទេព នីថា ដែលជាអគ្គលេខាធិការចាស់ ចំណែកអគ្គលេខាធិការរងមានលោក ម៉ៅ សុភារិទ្ធ លោក សោម សូរីដា លោក នី ចរិយា និងលោក ម៉ុក ដារ៉ា។
នៅថ្ងៃអង្គារនេះក៏មានការប្រកាសតែងតាំងប្រធាន អនុប្រធាននាយកដ្ឋាន លេខាធិការដ្ឋាន ការិយាល័យ និងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។ មន្រ្តីគ.ជ.ប.ក៏ត្រូវបញ្ចូលក្នុងក្របខណ្ឌជាមន្រ្តីរាជការនៃគ.ជ.បផងដែរ។
នៅថ្ងៃអង្គារនេះដែរ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថានឹងជំរុញការធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនប្រជាពលរដ្ឋខ្មែរឲ្យបានទាន់ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧នេះ។ លោកនិយាយថា លោកសង្ឃឹមថានឹងធ្វើទាន់។ លោកស ខេងបញ្ជាក់ថា ប្រជាជនជាង១០លាននាក់ត្រូវមានអត្តសញ្ញាណបណ្ណ ហើយបច្ចុប្បន្ននៅសល់តែ៣,៦លានទៀតប៉ុណ្ណោះដែលក្រសួងត្រូវធ្វើអត្តសញ្ញាណប័ណ្ណជូន៕