សៀវភៅថ្មីស្ដីពីអំពើប្រល័យពូជសាសន៍និងការសម្លាប់រង្គាលក្នុងប្រទេសចំនួន៥នៅជុំវិញពិភពលោករួមទាំងនៅកម្ពុជាផង នឹងត្រូវចែកចាយនិងដាក់ឱ្យប្រើប្រាស់នៅតាមថ្នាក់រៀននៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកានេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រទី៨ខែវិច្ឆិកា។
សៀវភៅដែលមានចំណងជើងថា«អំពើប្រល័យពូជសាសន៍និងការសម្លាប់រង្គាលនៅក្នុងប្រវត្តិសាស្ត្រពិភពលោក» សិក្សាពីបទពិសោធន៍ដែលបានកើតឡើងនៅក្នុងប្រទេសអាមេនី អាល្លឺម៉ង់ បូស្ន៊ី រវ៉ាន់ដា និងកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា សៀវភៅនេះមានគោលដៅក្លាយជាឯកសារបង្រៀនសម្រាប់លោកគ្រូអ្នកគ្រូប្រើប្រាស់ក្នុងការផ្ដល់ចំណេះដឹងបន្ថែមទៀតដល់សិស្សានុសិស្ស អំពីអំពើប្រល័យពូជសាសន៍និងការសម្លាប់រង្គាលនៅតាមបណ្ដាប្រទេសដទៃទៀត។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានមានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថាសៀវភៅនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការវិវត្តខ្លួនពីសង្គមមួយដែលធ្លាប់ត្រូវបានញាំញីដោយការសម្លាប់រង្គាលទៅជាសង្គមមួយដែលអាចតទល់នឹងអតីតកាលរបស់ខ្លួនបាន។
កន្លងមក មជ្ឈមណ្ឌលឯកសារកម្ពុជា បានបោះពុម្ពផ្សាយសៀវភៅដែលមានចំណងជើងថា«ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមថ្នាក់រៀនក្នុងប្រទេសកម្ពុជារួចហើយ។
មជ្ឈមណ្ឌលឯកសារកម្ពុជា រួមជាមួយក្រសួងអប់រំយុវជននិងកីឡាកម្ពុជាដែលគាំទ្រសៀវភៅថ្មីស្ដីពីអំពើប្រល័យពូជសាសន៍និងការសម្លាប់រង្គាលក្នុងពិភពលោកនេះ គ្រោងនឹងចែកចាយសៀវភៅថ្មីដែលមានកម្រាស់១០១ទំព័រនេះជាសាធារណៈនៅវិទ្យាល័យឥន្ទ្រទេវីក្នុងទីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី២២ខែវិច្ឆិកា៕