បើតាមការស្ទង់មតិសាធារណៈមួយចេញផ្សាយកាលពីថ្ងៃពុធថា ក្នុងឆ្នាំទី ៥ ជាបន្តបន្ទាប់ ជនជាតិអាមេរិកាំង ៨ នាក់ក្នុងបណ្តា ១០ នាក់ មានការយល់ឃើញមិនល្អអំពីប្រទេសចិន ដោយមនុស្សច្រើននាក់និយាយថា ការកម្រិតអំណាចរបស់រដ្ឋាភិបាលក្រុងប៉េកាំងជាអាទិភាពកំពូលមួយ។
បើតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនថា ៨១% នៃជនជាតិអាមេរិកាំងមានការយល់ឃើញអវិជ្ជមានអំពីប្រទេសចិន មានរួម ៤៣% ដែលមានទស្សនៈអវិជ្ជមានខ្លាំងអំពីប្រទេសនេះ។
បើតាម Pew ថា ពួកសាធារណរដ្ឋទំនងជាមានទស្សនៈអវិជ្ជមានអំពីប្រទេសចិន ជាងក្រុមប្រជាធិបតេយ្យ។ របាយការណ៍នេះចែងថា ក្រុមសាធារណរដ្ឋនិងក្រុមឯករាជ្យមានទំនោរទៅខាងសាធារណរដ្ឋទំនងជាមានទស្សនៈអវិជ្ជមានខ្លាំងអំពីប្រទេសចិន ប្រមាណ ២ដងច្រើនជាងពួកប្រជាធិបតេយ្យនិងពួកឯករាជ្យទោរទន់ទៅខាងប្រជាធិបតេយ្យ ហើយចាត់ទុកប្រទេសចិនថាជាសត្រូវមួយរបស់សហរដ្ឋអាមេរិក។
ពួកសាធារណរដ្ឋអភិរក្សនិយមទំនងជាមានទស្សនៈអវិជ្ជមានអំពីប្រទេសចិនជាងក្រុមសាធារណរដ្ឋមិននិយមជ្រុល ឬពួកសាធារណរដ្ឋសេរីនិយម ហើយយល់ឃើញថា ប្រទេសចិនជាសត្រូវមួយ។ ជាមួយគ្នានេះ មនុស្សមានវ័យចំណាស់ក៏ទំនងជាប្រយ័ត្នប្រយែងអំពីប្រទេសចិនដែរ ដោយជនជាតិអាមេរិកាំងអាយុលើសពី ៦៥ ឆ្នាំ មានទស្សនៈអវិជ្ជមានច្រើនអំពីរដ្ឋាភិបាលក្រុងប៉េកាំង។
មជ្ឈមណ្ឌល Pew មិនបានពិនិត្យមើលហេតុដូចម្តេចបានជាជនជាតិអាមេរិកាំងភាគច្រើនមានទស្សនៈអវិជ្ជមានអំពីប្រទេសចិនទេ តែការសិក្សាស្រាវជ្រាវនេះពិនិត្យមើលអំពីការយល់ឃើញអំពីឥទ្ធិពលចិន៕