សេចក្តី​ត្រូវការ​របស់​សត្វ​ឃ្មុំ​នៅ​តាម​ទីក្រុង​ត្រូវ​បាន​វាយ​តម្លៃ

  • Jessica Berman

រូប​ថត​ឯកសារ ៖ សម្បុក​ឃ្មុំ​នៃ​ប្រភេទ​ឃ្មុំ​ចង្អេរ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ការ​តាំង​បង្ហាញ​ Champlain Valley Expo កាល​ពី ខែ​មករា ឆ្នាំ​២០១៤។​

អ្នក​រស់​នៅ​ទី​ប្រជុំ​ជន​ច្រើន​ឡើងៗ​កំពុង​ចាប់​ផ្តើម​ចិញ្ចឹម​សត្វ​ឃ្មុំ​ប្រភេទ​ Honey Bee (ឃ្មុំ​ចង្អេរ) ជា​ចំណង់​ចំណូល​ចិត្ត​។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ​រក​ឃើញ​ថា វា​ប្រហែល​ជា​មិន​ល្អ​សម្រាប់​សត្វ​ឃ្មុំ​ប្រភេទ​នេះ​​ឡើយ​។

សត្វ​ឃ្មុំ​ប្រភេទ​ Honeybee (ឃ្មុំ​ចង្អេរ) ​ត្រូវ​បាន​ចិញ្ចឹមជា​ហ្វូង​ ដោយ​មាន​ការថែ​ទាំ​ ដើម្បី​យក​ទឹក​ឃ្មុំ​របស់​ពួកវា​ និង​ដើម្បី​រោយ​លម្អង​ផ្កា​លើ​ដំណាំ​ផ្សេងៗ​។​

ប៉ុន្តែ​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា ឃ្មុំចង្អេរ​ដែល​ត្រូវ​បាន​ចិញ្ចឹម​ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ បាន​ឈឺ​ និង​ងាប់ញឹកញាប់​ជាង​សត្វ​ឃ្មុំចង្អេរ​នៅ​ក្នុង​ព្រៃ​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​ ការ៉ូឡាញណា​ខាងជើង​ (North Corolina State University) ក្នុង​ទីក្រុង​ Raleigh​ បាន​សិក្សា​លើ​សម្បុក​ឃ្មុំចង្អេរ​ជាង​ ២០​ ដែល​ត្រូវ​បាន​ចិញ្ចឹម​ដោយ​អ្នក​ថែរក្សា​ឃ្មុំ​ក្នុង​ទីក្រុង​ និង​ជាយ​ក្រុង​។​ ពួក​គេ​បាន​ប្រៀប​ធៀប​ឃ្មុំ​ចង្អេរ​ទាំង​នោះ​ទៅ​នឹង​សុខភាព​របស់​ឃ្មុំ​ព្រៃ​១៥​ប្រភេទ​ទៀត​ ដែល​រក​បាន​ពី​ដើម​ឈើ​ ឬ​អគារ​ដែល​មិន​មាន​ការ​ថែទាំ​។

ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​សិក្សា​លើ​ប្រពន្ធ័​ភាព​ស៊ាំ​ និង​«សម្ពាធ​មេរោគ​បង្ក​ជំងឺ»លើ​ពួក​ឃ្មុំ​កម្មករ ឬ​ សត្វ​ល្អិត​ដែល​បង្ក​ជំងឺ​ដែល​ពួក​ឃ្មុំ​បាន​ប៉ះ​។

លោក​ Steve Frank គឺ​ជា​បាណកសាស្រ្ត​វិទូ នៅ​រដ្ឋ​ការ៉ូឡាញណា​ខាងជើង​ ហើយ​ជា​សហអ្នកដឹកនាំការ​សិក្សា​មួយ ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​ PLos ONE​។

លោក​ Frank​ និយាយ​ថា ​ការសិក្សា​បាន​បង្ហាញ​ថា​សត្វ​ឃ្មុំ​ចង្អេរ ​ដែល​បាន​ថែរក្សា​ដោយ​អ្នក​ថែរក្សា​ឃ្មុំ​ប្រឈម​មុខ​នឹង​បាក់តេរី​ និង​វីរុស​ជា​ច្រើន​ ជាង​អំបូរ​វាដែល​រស់​នៅ​ក្នុង​ព្រៃ​។

«យើង​មិន​ច្បាស់​ ដោយ​សារ​មូល​ហេតុអ្វី​នោះ​ទេ​ ប៉ុន្តែ​មូល​ហេតុ​មួយ​ដែល​អាច​ទៅ​រួច​នោះ​គឺ​ដោយ​សារ​នៅ​ទីក្រុង​មាន​ស្រទាប់​ផ្កា​សម្រាប់​ចិញ្ចឹម​ឃ្មុំ​មាន​តិច​ ទើប​សត្វ​ឃ្មុំ​កាន់​តែ​ច្រើន​វិល​ទៅ​រក​តែ​ផ្កា​ដដែល​ៗ។​ ហើយ​នេះ​អាច​បង្កើន​អត្រា​នៃ​ការ​ចម្លង​មេរោគបង្ក​ជំងឺ​ពី​ឃ្មុំ​មួយ​ទៅ​ឃ្មុំ​មួយ​ទៀត។»

នៅ​ក្នុងការ​ពិសោធន៏​ជា​ច្រើន​ដង​បង្ហាញ​ថា​ អត្រា​ងាប់​នៃសត្វ​ឃ្មុំ​ចង្អេរ​នៅក្នុង​បរិស្ថាន​ទី​ប្រជុំជន​មាន​ខ្ពស់​ជាង​៣ដង ​ធៀប​នឹង​សត្វ​ឃ្មុំនៅ​ក្នុង​បរិស្ថាន​ជនបទ​។

ប៉ុន្តែ​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា​ ការ​ឆ្លើយតប​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​សត្វ​ឃ្មុំ​ចិញ្ចឹម​ មិន​បាន​ប៉ះ​ពាល់​ដោយសារ​នគររូបនីយកម្ម​ទេ។​

ភាព​ខុសគ្នា​ផ្សេង​ៗ ដូចជា​សីតុណ្ហភាព​ និង​សារធាតុ​បំពុល​ច្រើន​ជាង​មុន អាច​បង្ក​ការ​ប៉ះពាល់​ដល់សត្វ​ឃ្មុំ​ចិញ្ចឹម​ក្នុង​ទីក្រុង​។​ ប៉ុន្តែលោក​ Frank​ និយាយ​ថា​ នៅ​ចំណុច​នេះ​ ​មិនមានហេតុផល​ណា​មួយ​ដែល​ថា​ មិន​គួរ​ចិញ្ចឹម​ឃ្មុំ​នោះ​ទេ​។

«​ខ្ញុំ​មិន​គិត​ថា ​ការ​ចិញ្ចឹម​ឃ្មុំ​នៅ​ក្នុង​ទីក្រុង​មិន​គួរ​ត្រូវ​បាន​រា​រាំង​ទេ​នៅ​ចំណុច​នេះ​។ ប៉ុន្តែ​វា​ពិត​ជា​បញ្ជាក់​ថា​ អ្នក​ថែ​រក្សា​ឃ្មុំ​នានា​ប្រហែល​ជា​ត្រូវ​តែ​ប្រុង​ប្រយត្ន័​ជាង​មុន​នៅ​ពេល​ត្រួត​ពិនិត្យ​មេរោគ​បង្ក​ជំងឺ​លើ​សម្បុក​ឃ្មុំ​ ឬ​ត្រួត​ពិនិត្យ​សុខ​ភាព​របស់​ហ្វូង​ឃ្មុំ​»។

លោក​ Frank​ និយាយ​ថា ​ការ​ស្រាវ​ជ្រាវ​បន្ត​ពិត​ជា​ចាំ​បាច់ ​ដើម្បី​រក​ឲ្យ​ឃើញ​ថា​ហេតុ​អ្វី​បាន​ជា​មាន​ការ​គម្រាម​កំហែង​ខ្លាំង​លើ​សុខ​ភាព​របស់​ហ្វូង​ឃ្មុំ​ចង្អេរ ដើម្បី​អាច​ឲ្យអ្នក​ថែ​រក្សា​ឃ្មុំរក្សា​សុវត្ថិភាព​របស់​សត្វឃ្មុំ​របស់​ពួក​គេ​បាន​៕

ប្រែសម្រួល​ដោយ​ ទុំ​ ម្លិះ