គ.ជ.ប.​សុំ​ឲ្យ​អ្នក​កាសែត​ផ្សាយ​ព័ត៌មាន​ពិត​អំពី​ដំណើរការ​ចុះ​ឈ្មោះ​​បោះឆ្នោត

លោក ​គួយ ប៊ុនរឿន អនុ​ប្រធាន​​គ.ជ.ប ផ្តល់​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​បទបង្ហាញ​នៅក្នុង​វគ្គបណ្តុះបណ្តាល​មួយ​ស្តី​ពី​ការ​ចុះ​ឈ្មោះ​​បោះ​ឆ្នោត ដើម្បី​រៀប​ចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ថ្លែង​​បើក​​វគ្គ​​បណ្តុះបណ្តាល អនុ​ប្រធាន​​គ.ជ.ប លោក ​គួយ ប៊ុនរឿន លើក​ឡើង​ថា អ្នក​សារព័ត៌មាន​​ជា​បុគ្គល​​សំខាន់​​ក្នុង​ការ​​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​​ដល់​​ប្រជាពលរដ្ឋ​​ពាក់ព័ន្ធ​​នឹង​​ការ​​បោះឆ្នោត។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​អំពាវ​នាវ​ឲ្យ​អ្នក​សារព័ត៌មានទាំងអស់​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពី​ដំណើរការ​នៃការ​ចុះ​ឈ្មោះ និង​ការ​បោះឆ្នោត​ ជៀស​វាង​ការ​ផ្សាយ​ដែល​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) គាំទ្រដោយ​ទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ប្រទេស​ជប៉ុន (JICA) បាន​រៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានស្តី​ពី​ការ​ចុះ​ឈ្មោះបោះឆ្នោត ដើម្បីរៀប​ចំ​បញ្ជីឈ្មោះបោះ​ឆ្នោត​ថ្មី​ឆ្នាំ២០១៦។

ថ្លែងបើកវគ្គបណ្តុះបណ្តាល អនុ​ប្រធានគ.ជ.ប លោក ​គួយ ប៊ុនរឿន លើក​ឡើង​ថា អ្នក​សារព័ត៌មានជា​បុគ្គលសំខាន់ក្នុង​ការផ្សព្វ​ផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបោះឆ្នោត។ លោក​បញ្ជាក់ថា អ្នក​សារព័ត៌មានត្រូវមាន​ជំហរអព្យា​ក្រឹត្យ យុត្តិធម៌ និងត្រឹមត្រូវក្នុងការ​ផ្សព្វ​ផ្សាយព័ត៌មាន​ពាក់​ព័ន្ធ​នឹងដំណើរការចុះឈ្មោះបោះឆ្នោត ទៅតាមច្បាប់​និងក្រម​សីលធម៌វិជ្ជាជីវៈ​របស់ខ្លួន។

លោក​ គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា៖

«ត្រូវផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ​ ច្បាស់លាស់ អំពី​ពេលវេលា ទីតាំង​ និង​ព័ត៌មាន​ទាំងឡាយដែលពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះបោះ​ឆ្នោត ត្រូវផ្សព្វផ្សាយព័ត៌មាន​ពិត​ ដោយ​មិន​ត្រូវសរសេរបន្ថែម​ ឬអត្ថាធិប្បាយ​បន្ថែមនូវខ្លឹម​សារ​ដែលមានចរិតលក្ខណៈ​ញុះញង់ មួល​បង្កាច់ រើសអើង​ ប្រកាន់​ពូជសាសន៍ ឬនិន្នាការនយោបាយ ការក្លែង​បន្លំនូវសកម្មភាពដែលនាំឲ្យ​មានការយល់​ខុស ឬដែលអាចនាំ​ឲ្យមានអំពើហិង្សា»។

លោក គួយ ប៊ុនរឿន បន្ថែមថា ការផ្សព្វ​ផ្សាយពីដំណើរការនៃការចុះឈ្មោះ​ និងបោះឆ្នោត នឹងជួយ​ឲ្យ​ពលរដ្ឋ​យល់ដឹង ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ និងមិនខកខាន​ក្នុងការបំពេញ​កាតព្វកិច្ចជាប្រជាពលរដ្ឋ។​

គួរបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតនឹងត្រូវចាប់ផ្តើមពី​ថ្ងៃ​ទី១ ខែកញ្ញា រហូតដល់ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ បើតាមតារាងស្ថិតិប្រជាពលរដ្ឋ​ប៉ាន់ស្មាន​សម្រាប់​ការ​ចុះឈ្មោះ​បោះ​ឆ្នោត២០១៦​របស់​ គ.ជ.ប បង្ហាញថា ប្រជាពលរដ្ឋដែលមាន​អាយុអាច​បោះ​ឆ្នោតមានចំនួន​ជាង៩លាន​កន្លះ(៩,៦៦៤,២១៦ នាក់)៕