គ.ជ.ប.​នឹង​ប្តឹង​សង្គម​ស៊ីវិល​ណា​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​សង្កេតការណ៍​តែ​ហ៊ាន​អត្ថាធិប្បាយ​ចំពោះ​ការ​បោះឆ្នោត

រូបឯកសារ៖ សមាជិក​របស់​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​​ទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

ខណៈ​អង្គការ​ធំៗ​ពីរ​ដែល​តែង​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ជា​ច្រើន​អាណត្តិ​នៅ​កម្ពុជា​គឺ​អង្គការ​ខុមហ្វ្រែល​និង​និចហ្វិច​ រួម​ទាំង​អង្គការ​មួយ​ចំនួន​ទៀត​បាន​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​នៅ​សប្តាហ៍​នេះ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ​ប្រសិន​បើ​អង្គការ​ទាំង​នោះ​ធ្វើ​អត្ថាធិប្បាយ ​ឬ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ណាមួយ​ជុំ​វិញ​ពាក្យ​ថា «ការ​បោះ​ឆ្នោត»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ ប្រកាស​ប្រើ​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​សង្គម​ស៊ីវិល​ណា​ដែល​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ឬ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជុំវិញ​ពាក្យ​ថា ​«ការ​បោះ​ឆ្នោត»​ ​ប្រសិន​បើ​អង្គការ​ទាំង​នោះ​មិន​បាន​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេត​ការណ៍។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​គ.ជ.ប.​ និង​សេចក្តី​ណែនាំ​ដែល​ VOA ​បាន​ទទួល។​

កាលពី​ថ្ងៃ​ទី២០ ខែ​កក្កដា​នេះ​ ​លោក​ ស៊ិក ប៊ុនហុក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)​ ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ស្តីពី​ការ​សង្កេត​ការណ៍​បោះ​ឆ្នោត​របស់​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៦​ ​ឆ្នាំ​២០១៨។​ សេចក្តី​ណែនាំ​នោះ​មាន​បី​ចំណុច​ ​ដែល​មាន​ទិសដៅ​ឲ្យ​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ពិនិត្យ​មើល​ដំណើរ​ការ​ការ​បោះ​ឆ្នោត​ដើម្បី​ប្រមូល​ទិន្នន័យ​សម្រាប់​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​វាយ​តម្លៃ​លើ​ភាព​អាច​ទទួល​យក​បាន​នៃ​លទ្ធផល​បោះ​ឆ្នោត។

ក្នុង​ចំណុច​ទីបី​នៃ​សេចក្តី​ណែនាំ​នោះ​ត្រូវ​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​មិន​បាន​សុំ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​ចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត​នៅ​ គ.ជ.ប. ​មិន​អាច​ធ្វើ​សកម្មភាព​បំពេញ​ការ​ងារ​ និង​ចេញ​សេចក្តីថ្លែង​ការណ៍​នានា​ដែល​អាច​សន្និដ្ឋាន​បាន​ថា​ ជា​ការ​វាយ​តម្លៃ​លើ​ការ​បោះ​ឆ្នោត​បាន​ឡើយ»។

លោក​ ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​ ​គ.ជ.ប. ប្រាប់ ​VOA បន្ថែម​លើ​សេចក្តី​ណែនាំ​នោះ​ថា​ ​គ.ជ.ប. ​នឹង​ចាត់​វិធានការ​តាម​ច្បាប់​រាល់​គ្រប់​អង្គការ​សមាគម​ដែល​មិន​បាន​ចុះ​ឈ្មោះ​សង្កេត​ការណ៍​ ប៉ុន្តែ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ​ឬ​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ពាក់​ព័ន្ធ​នឹង​ពាក្យ​ថា «បោះ​ឆ្នោត» ក្នុង​អំឡុង​ដំណើរ​ការ និង​ការ​ចេញ​លទ្ធផល​ឆ្នោត​ខាង​មុខ។

លោក​បន្ថែម​ថា ការ​មិន​ចូល​រួម​សង្កេត​ការណ៍ នឹង​មិន​អាច​ទទួល​បាន​ព័ត៌មាន​នោះ​ទេ ដូច្នេះលោក​ថា ការ​អត្ថាធិប្បាយ​ណាមួយ​ដោយ​មិន​មាន​ព័ត៌មាន ជា​ការ​អត្ថាធិប្បាយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត។

លោក​បញ្ជាក់​នារសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា៖

«បើ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ ​វា​អាច​ចូល​ទៅ​ក្នុង​មាត្រា​ដែល​ត្រូវ​ដាក់​ទោសទណ្ឌ​ហើយ។ អីចឹង គ.ជ.ប.​មិន​ចង់​ឲ្យ​មាន​ទោសទណ្ឌ​អ្វី​ដល់​អ្នក​សង្កេត​ការណ៍​ដែល​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ពី គ.ជ.ប.​ហ្នឹង​ទេ។​ ពាក្យ​មួយ​ម៉ាត់​គឺ​បោះ​ឆ្នោត​តែ​ម្តង ពី​ព្រោះ​ពួក​គាត់​អត់​បាន​សង្កេត​ការណ៍​ផង អីចឹង​ពួក​គាត់​ម៉េច​នឹង​អាច​និយាយ​បាន​ទៅ»?

គ.ជ.ប.​ ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​អ្នក​សង្កេត​ការណ៍​ជាតិ​នៃ​សមាគម​ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រមាណ​ជា​ជិត​៨ម៉ឺន​នាក់​ មកពី​១០៧​ស្ថាប័ន​ ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​នេះ។

ក្នុង​ចំណោម​អង្គការ​ ​សមាគម​ជាតិ​ទាំង​នោះ​ ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ ​ហៅ​កាត់​ថា ស.ស.យ.ក.​ ​ដែល​គ្របគ្រង​ដោយ​លោក​ ​ហ៊ុន ម៉ានី​ ​កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ចុះ​ឈ្មោះ​ដាក់​អ្នក​សង្កេត​ការណ៍​ច្រើន​ជាង​គេ គឺ​មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់​ នៅ​ទូ​ទាំង​ប្រទេស។

លោក​ ​កន សាវាង្ស​ ​មន្រ្តី​សម្រប​សម្រួល​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា​ខុមហ្វ្រែល ប្រាប់​ ​VOA​ ថា ​អង្គការ​របស់​លោក​ ​នឹង​មិន​ចូល​រួម​សង្កេត​ការណ៍​ ​ឬ​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ ​និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ។ ទោះ​យ៉ាង​ណា​ លោក​ថា​ សម្រាប់​បញ្ហា​ផ្សេងៗ​ជុវិញ​សិទ្ធិ​ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ពេល​បោះឆ្នោត​ ​លោក​នៅ​តែ​បន្ត​ធ្វើ​អត្ថាធិប្បាយ​ជា​ធម្មតា​ ​ដែល​លោក​ថា​ ​នេះ​មិន​មែន​ជា​សកម្មភាព​ខុស​ច្បាស់​ណាមួយ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖​

«ជ្រាប​ច្បាស់​ហើយ​ថា​មិន​អាច​ធ្វើ​បាន​ទេ បើសិនជា​អង្គការ​ហ្នឹង​អត់​បាន​ចូល​រួម​អង្កេត​ ​ព្រោះ​អី​គាត់​អត់​បាន​ចូល​រួម​អង្កេត​ ​គាត់​អត់​បាន​ដឹង​ពី​ស្ថានភាព​ទាំង​អស់​ហ្នឹង​ទេ ហើយ​អីចឹង​អា​ទាំង​អស់​ហ្នឹង​ទាល់តែ​យើង​ចូល​ការិយាល័យ ​ហើយ​បើ​យើង​ចូល​ការិយាល័យ​ទាល់តែ​យើង​ចុះ​ឈ្មោះ​ទៅ​ស្ថាប័ន គ.ជ.ប.។ អីចឹង​ករណី​ហ្នឹង​វា​ពាក់​ព័ន្ធ​គ្នា​អីចឹង ​អាហ្នឹង​វា​អត់​ខុស​ទេ។​ ​ប៉ុន្តែ​ករណី​រំលោភ​សិទ្ធិ​មនុស្ស ករណី​បំពារ​បំពាន​ ​ឬ​បំភិតបំភ័យ​សិទ្ធិ​មនុស្ស​ ​អាហ្នឹង​អត់​អាច​ទេ អាហ្នឹង​អ្នក​ណា​ក៏​គេ​ធ្វើ​បាន​ដែរ ឲ្យ​តែ​ពាក់​ព័ន្ធនឹង​សិទ្ធិ​មនុស្ស ព្រោះ​វាជា​ច្បាប់​ក្នុង​ច្បាប់»។

ខណៈ​អ្នក​សង្កេត​ការណ៍​ជាតិ​ប្រមាណ​ជា៨​ម៉ឺន​នាក់​ មកពី​អង្គការ ​សមាគម​ជា​ច្រើន​ ​ដែល​គ្មាន​ជំនាញ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​បាន​ចុះ​ឈ្មោះ​សង្កេត​ការណ៍​នោះ​ ​អង្គការ​ធំៗ​ពីរ​ដែល​តែង​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ជា​ច្រើន​អាណត្តិ​នៅ​កម្ពុជា គឺ​អង្គការ​ខុមហ្វ្រែល​ ​និង​និចហ្វិច​ បាន​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​នេះ​ ​ដោយ​អះអាង​ថា ខ្លួន​រង​សម្ពាធ​ពី​រដ្ឋាភិបាល​នា​ពេល​កន្លង​មក ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ចំនួន​បាន​គាំទ្រ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។

ក្រៅ​ពី​អង្គការ​ទាំង​ពីរ ក៏​មាន​អង្គការ​តម្លាភាព​កម្ពុជា​ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​ការ​ងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ​ក្នុង​គោល​បំណង​លើក​កម្ពស់​សុចរិតភាព​ និង​តម្លាភាព​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ក៏​បាន​ប្រកាស​មិន​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នេះ​ផង​ដែរ។

សម្រាប់​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ក្នុង​អាណត្តិ​នេះ​ ភាគ​ច្រើន​មកពី​តំណាង​ប្រទេស​មិន​មែន​ប្រកាន់​លទ្ធិ​ប្រជាធិប្បតេយ្យ ​ដែល​ក្នុង​នោះ​រួម​មាន​ប្រទេស​ចិន​ សិង្ហបុរី​ ​និង​មីយ៉ាន់ម៉ា​ជាដើម។​ ចំណែក​អ្នក​សង្កេត​ការណ៍​មក​ពី​តំណាង​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​ដែល​តែង​ឃ្លាំមើល​ដំណើរ​ការ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ស្ទើរគ្រប់​អាណត្តិ​នា​ពេល​កន្លង​មក​ បាន​សម្រេច​ដក​ខ្លួន​ចេញ​ និង​ប្រកាស​ឈប់​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ដោយ​អះអាង​ថា ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គណបក្ស​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំង​ប្រទេស ​ជា​ការ​បោះ​ឆ្នោត​ដែល​មិន​សេរី​ យុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន៕