គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)នឹងចាប់ផ្តើមសាកល្បងចុះឈ្នោះអ្នកបោះឆ្នោតនៅដើមខែវិច្ឆិកាខាងមុខនេះ នៅក្នុងភូមិចំនួន៤៣នៃប្រទេសកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងរបស់គ.ជ.ប។
អ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាយល់ថា ការសាកល្បងនេះហាក់ដូចជា មានភាពយឺតយ៉ាវក្នុងការបង្កើតបញ្ជីបោះឆ្នោតថ្មីសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នាឆ្នាំ២០១៧ និងតំណាងរាស្ត្រនាឆ្នាំ២០១៨ខាងមុខនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់VOA ថា គ.ជ.ប នឹងធ្វើការចុះឈ្មោះនៅក្នុងភូមិទាំង៤៣ ស្ថិតនៅក្នុង២៥ខេត្ត និងរាជធានីដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋានផងដែរ។ លោកបន្ថែមថា ការងារសាកល្បងនេះនឹងអាចចំណាយថវិកាប្រមាណ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាថវិកាផ្ទាល់របស់គ.ជ.ប ហើយវាអាចចំណាយពេលប្រមាណ១៥ថ្ងៃ ដើម្បីប្រមូលទិន្នន័យ មុននឹងធ្វើការចុះបញ្ជី ទូទាំងប្រទេសផ្លូវការនាដើមឆ្នាំ២០១៦ខាងមុខនេះ។
«ចុះឈ្មោះសាកល្បងនេះអាចចំណាយដល់ទៅ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយទូទៅធំតែម្តងគឺប្រហែលជា៨លានដុល្លារ»។
លោក ហង្ស ពុទ្ធា បានបន្ថែមថា ការចុះឈ្មោះ ថ្មីនេះនឹងធ្វើតាមប្រព័ន្ធកុំព្យូទ័រដែលមានប្រសិទ្ធភាពនិងរហ័សជាងការចុះបញ្ជីដោយការកត់ត្រាដោយដៃនោះ។
លោកពន្យល់យ៉ាងនេះថា៖ «លើកនេះគឺធ្វើការចុះឈ្មោះនៅតាមភូមិឃុំនោះតែម្តង អញ្ចឹងទិន្នន័យដែលសរសេរហើយនៅទីនោះគឺគ្រាន់តែផ្ញើតាមឡាញមក ឬ ក៏ផ្ញើជាHard Disk តែម្តង អញ្ចឹងអក្សរវានឹងមិនបាត់បង់ ស្រះអី ស្រះអំ អីទៅណាទៀតទេ។ បាទ! ហើយមួយទៀតកម្មវិធីដែលយើងគ្រោងនឹងរៀបចំគឺប្រសិនបើប្រជាពលរដ្ឋគាត់មកចុះឈ្មោះលើសពីម្តង ស្នាមក្រយៅដៃរបស់គាត់នឹងបង្ហាញដោយកុំព្យូទ័រថា ពួកគាត់ហ្នឹងមកចុះឈ្មោះម្តងរួចមកហើយបាទ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពេលបច្ចុប្បន្នកើតឡើងដោយការឯកភាពនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានការជាប់គាំងនយោបាយជិត១ឆ្នាំចាប់តាំងពីការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣ ក្រោយពេលដែលគណបក្សជំទាស់ចោទពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតនាពេលនោះ។ គ.ជ.បថ្មីនេះមានសមាជិក៩រូបរួមទាំងប្រធានដែលមានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជា និងអនុប្រធានមកពីគណបក្សជំទាស់ ត្រូវបានឯកភាពនិងជ្រើសតាំងកាលពីចុងខែមេសាកន្លងទៅ ដែលជាផ្នែកមួយនៃការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោត ដែលមានឈ្មោះកាត់ថា ខុមហ្រែ្វល COMFREL បានបញ្ជាក់ពីការព្រួយបារម្ភចំពោះការយឺតយ៉ាវក្នុងការធ្វើការចុះឈ្មោះសាកល្បងនេះ។ លោកថា គេគួរតែធ្វើនៅក្នុងខែកញ្ញាខាងមុខនេះ ដើម្បីប្រមូលទិន្នន័យឲ្យបានច្រើនទាក់ទិននឹងប្រព័ន្ធ ចុះឈ្មោះថ្មីនេះ ហើយរដ្ឋាភិបាលគួរតែផ្តល់អាទិភាពដល់ការប្រើប្រាស់ថវិកាឲ្យបានទូលំទូលាយដូចស្ថាប័នផ្សេងទៀត ដែលអាចជួយពន្លឿនដំណើរការនៃការរៀបចំ និងកំណែទម្រង់នៃការបោះឆ្នោតនៅកម្ពុជា។
«យើងមានការបារម្ភបន្តិចបន្តួចខ្លះ អំពីរឿងពេលវេលា ដែលគាត់បានពន្យា។ ពីដើមមកឮថាខែ៩ផង តែឥឡូវខែ១១ វាគ្រាន់តែពេលវេលាហ្នឹងគឺវា រាងកៀកពេកចំពោះការសាកល្បងហឹ្នង បើបានធ្វើឲ្យមុនបន្តិចទៅ ដូចជាក្នុងខែ១០ខែអីទៅ វាសល់ពេលច្រើនដើម្បីបន្ទាប់ពីការសាកល្បងទៅ គេអាចថាប្រព័ន្ធហ្នឹង វាមានអ្វីខ្លះដែលអាចកែលម្អ ហើយដល់ឆ្នាំ២០១៦ពេលយើងធ្វើការកែលម្អហើយនឹងអាចយើងធ្វើការចុះឈ្មោះបោះឆ្នោតពេញលេញ»។
ជាមួយគ្នានោះដែរលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ពីការព្រួយបារម្ភចំពោះកង្វះថវិកាក្នុងការរៀបចំធ្វើការចុះឈ្មោះផ្លូវការទូទាំងប្រទេសកម្ពុជានាឆ្នាំ២០១៦ខាងមុខ ដែលនឹងអាចចំណាយអស់ប្រហែល៨លានដុល្លារសហរដ្ឋអាមេរិកនោះ បើទោះជាមានការសន្យាថា នឹងមានការឧបត្ថម្ភពីសហភាពអឺរ៉ុប និងប្រទេសជប៉ុនក៏ដោយ៕