នៅពេលស្ថានភាពនយោបាយកម្ពុជា ត្រូវគេមើលឃើញថា បន្តស្ថិតក្នុងបរិយាកាសអាប់អួនោះ ស្ថាប័នរៀបចំការបោះឆ្នោតជាតិរបស់ប្រទេសនេះ បានប្រកាសពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត នៅក្នុងខែឧសភាខាងមុខ។
ស្ថាប័នរៀបចំការបោះឆ្នោតជាតិនៃប្រទេសកម្ពុជា សម្រេចធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង និង ក្រុមប្រឹក្សា ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៣ ឬការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩ ពោលគឺក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប)។
ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុង ដែលនឹងរៀបចំឡើងនៅក្នុងមណ្ឌលរាជធានីខេត្តសរុបចំនួន២៥ និងមណ្ឌលស្រុកខណ្ឌចំនួន២០៣នៅទូទាំងប្រទេសនេះ នឹងគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏បំផុតមួយនៅកម្ពុជា និងដែលត្រូវបានតុលាការខ្មែររំលាយចោល និងហាមឃាត់មិនឲ្យចូលរួមបោះឆ្នោតជាតិចុងក្រោយកាលពីឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសរបស់គ.ជ.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ និងដែលទើបត្រូវបានចែករំលែកដល់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធ បានបញ្ជាក់ឲ្យដឹងអំពីប្រភេទនៃសន្លឹកឆ្នោត ចំនួនមណ្ឌល និងអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងមានចំនួនសរុប១១.៥៧២នាក់។
សេចក្តីប្រកាសបានសរសេរថា ការបោះឆ្នោតនេះ មានការខុសប្លែកពីការបោះឆ្នោតសាកល ដោយអ្នកបោះឆ្នោតម្នាក់ៗ ត្រូវបោះឆ្នោតពីរសន្លឹក ដើម្បីជ្រើសរើសក្រុមប្រឹក្សាតាមប្រភេទនីមួយៗ និងមានហិបឆ្នោតចំនួនពីរ គឺសន្លឹកឆ្នោតទី១ ដែលមានពណ៌លឿង ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់ដាក់ក្នុងហិបឆ្នោតមួយ។ សន្លឹកឆ្នោតទី២ ដែលមានពណ៌ស ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត សម្រាប់ដាក់ក្នុងហិបឆ្នោតផ្សេងទៀត។
ចំពោះចំនួនមណ្ឌលនិងអាសនៈរបស់ក្រុមប្រឹក្សារាជធានីខេត្ត ក្នុងអាណត្តិទី៣នេះ គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា មណ្ឌលរាជធានីខេត្ត ទូទាំងប្រទេសសរុបចំនួន២៥ មានអាសនៈសមាជិកក្រុមប្រឹក្សាសរុបចំនួន៥៥៩ ខណៈដែលមណ្ឌលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសសរុបចំនួន២០៣មានអាសនៈសមាជិកក្រុមប្រឹក្សាសរុបចំនួន៣.៥៥៥។
យោងតាមសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀត ដែលចេញផ្សាយដោយគ.ជ.បកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹងថា មានគណបក្សនយោបាយចំនួន៧ បានចូលរួមឈរឈ្មោះក្នុងការបោះឆ្នោត ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សនយោបាយនាំមុខគេ ដែលបានដាក់បេក្ខជនឲ្យឈរគ្រប់មណ្ឌលទាំងអស់។
គណបក្ស៦ ផ្សេងទៀត ដែលបានចូលរួមបោះឆ្នោតនេះ មានគណបក្សសញ្ជាតិកម្ពុជា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលធ្លាប់គ្រប់គ្រងដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ គណបក្សខ្មែររួបរួមជាតិបង្កើតដោយលោក ញឹក ប៊ុនឆ័យ អតីតមេទ័ពស្មោះស្ម័គ្រនឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កូនប្រុសលោក គង់ គាំ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី និងគណបក្សខ្មែរសាធារណរដ្ឋរបស់លោក លន់ ឫិទ្ធ កូនប្រុសរបស់អតីតមេដឹកនាំរបបសាធារណរដ្ឋខ្មែរ គឺលោកសេនាប្រមុខ លន់ នល់។
VOA មិនទាន់អាចសុំការអធិប្បាយពីមន្ត្រីនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានទេនៅថ្ងៃព្រហស្បតិ៍នេះ ដោយទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
លោក កន សាវាង្ស មន្ត្រីឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) ប្រាប់ VOA ថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងជាការបោះឆ្នោតដែលមិនមានការចូលរួមពីប្រជាពលរដ្ឋសាមញ្ញនោះទេ ហើយថា គណបក្សកាន់អំណាចក៏ទំនងជានឹងបានអាសនៈភាគច្រើនពីការបោះឆ្នោតនេះផងដែរ។
ទោះជាគណបក្សប្រជាជនកម្ពុជាត្រូវឈ្នះក្នុងការបោះឆ្នោតនេះក៏ដោយចុះ លោក កន សាវាង្ស លើកឡើងថា រដ្ឋាភិបាលកម្ពុជាគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាដដែលនេះ នឹងប្រឈមជាមួយនឹងការចង់បានរបស់សហភាពអឺរ៉ុប ដែលគេដឹងថា ធ្លាប់បានទាមទារឲ្យមានការផ្តល់នីតិសម្បទាឡើងវិញដល់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង៥.០០០នាក់របស់គណបក្សសង្គ្រោះជាតិ។
មន្ត្រីឃ្លាំមើលការបោះឆ្នោតរូបនេះយល់ថា ការទាមទាររបស់សហគមន៍អឺរ៉ុបយ៉ាងដូច្នេះ គឺអាចជាផ្នែកមួយនៃការស្តារដំណើរការប្រជាធិបតេយ្យឡើងវិញ និងក៏ជាកត្តាសំខាន់មួយដែលអាចផ្តល់ឱកាសឲ្យប្រទេសកម្ពុជារក្សាឋានៈអនុគ្រោះពន្ធ ក្រោមកម្មវិធី «រាល់មុខទំនិញលើកលែងតែសព្វាវុធ» ឬ Everything But Arms (EBA) ផ្តល់ដោយសហគមន៍អឺរ៉ុបផងដែរ។
«អ៊ីចឹងមានន័យថា កិច្ចការងារនេះ វាបើយើងគិតថា វាអត់ពាក់ព័ន្ធ អាហ្នឹងក៏វាអត់កើតដែរ ដោយសារតែហេតុអី? ដោយសារតែអង្គបោះឆ្នោត ជាក្រុមប្រឹក្សាឃុំសង្កាត់ ហើយការទាមទាររបស់សហគមន៍អឺរ៉ុបហ្នឹង គឺថា គាត់សុំឲ្យមានការផ្តល់នីតិសម្បទា ៥.០០៧ (នាក់) ហ្នឹងបាទ»។
នៅក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះអាសនៈទាំង១២៥ ខណៈទទួលបានសំឡេងគាំទ្រជាង៤,៨លានសំឡេងគឺស្មើនឹងប្រមាណ៧៦ភាគរយ។
ការឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សកាន់អំណាច ដែលដឹកនាំប្រទេសរាប់សិបឆ្នាំមកហើយនោះ បានកើតឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសកាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ត្រូវបានតុលាការរំលាយចោល។
ក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្ររហូតដល់ជិត៤៤ភាគរយ និងបានគ្រប់គ្រងក្រុមប្រឹក្សាឃុំ-សង្កាត់ជាង៥.០០០នាក់ នៅទូទាំងប្រទេស។ យ៉ាងណាក្តីក្រោយការរំលាយគណបក្សប្រឆាំង គណបក្សប្រជាជនកម្ពុជាបានប្រមូលយកអាសនៈរបស់បក្សប្រឆាំងស្ទើរតែទាំងអស់ និងបានក្លាយជាគណបក្សដែលដឹកនាំប្រទេសដោយឯកបក្ស។
ទាំងគណបក្សប្រឆាំងដែលត្រូវបានរំលាយ និងស្ថាប័នអន្តរជាតិធំៗមួយចំនួន បានរិះគន់ការបោះឆ្នោតនោះ ថាធ្វើឡើងដោយមិនស្របតាមច្បាប់។
សហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកបានប្រកាសដកការគាំទ្ររបស់ពួកគេ ចំពោះការបោះឆ្នោតធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០១៨ ដោយគ្មានការចូលរួមរបស់គណបក្សសង្គ្រោះជាតិ។
នៅដើមឆ្នាំ២០១៩នេះ សហភាពអឺរ៉ុប ក៏បានឲ្យដឹងពីជំហររបស់ខ្លួនក្នុងការទាញកម្ពុជាឲ្យមកដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ ដោយសហគមន៍ដែលមានប្រទេសជាសមាជិកចំនួន២៨នេះ បានប្រកាសផ្តើមដំណើរការផ្លូវការដកកម្ពុជាជាបណ្តោះអាសន្នចេញពីកម្មវិធី EBA នេះ។
កាលពីចុងខែមីនា អ្នកស្រី Cecilia Malmstrom រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានផ្តល់ការពន្យល់បន្ថែមទៅសភារបស់សហភាពអឺរ៉ុបថា ការសម្រេចចាប់ផ្តើមដំណើរការដែលអាចឈានដល់ការព្យួរកម្ពុជាពីប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA នោះ គឺត្រូវបានជំរុញដោយការរំលោភជាប្រព័ន្ធយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍នានា ដែលត្រូវបានកំហិតឲ្យធ្វើទៅតាមកតិកាសញ្ញាសិទ្ធិមនុស្ស និងសិទ្ធិការងារជាច្រើន។
យោងតាមសេចក្តីពន្យល់របស់អ្នកស្រី Malmstrom ដែល VOA បានទទួលកាល ពីខែមីនា ឆ្នាំ២០១៩ ការរំលោភបំពានទាំងនេះសំដៅដល់៖ ការរឹតត្បិតធ្ងន់ធ្ងរលើសិទ្ធិនយោបាយ សកម្មភាពដែលមានលក្ខណៈរឹតត្បិតទៅលើសង្គមស៊ីវិល និងសហជីព ហើយនិងការផ្តល់ដីសម្បទានសេដ្ឋកិច្ច (ELCs) ជាពិសេសនោះគឺការផលិតស្ករស។
យ៉ាងណាក៏ដោយចុះ កម្ពុជានៅមានពេលជាងមួយឆ្នាំទៀត ដើម្បីកែខៃស្ថានការណ៍នៃការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យឲ្យមករកគន្លងត្រឹមត្រូវមួយ ដែលអាចបើកផ្លូវឲ្យប្រទេសនេះ រក្សាឋានៈអនុគ្រោះពន្ធ EBA ដែលអាចឲ្យកម្ពុជាចំណេញបានប្រាក់ប្រមាណ៧០០ដុល្លារសហអាមេរិកក្នុងមួយឆ្នាំៗ ពីការនាំចូលទំនិញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ដោយគ្មានជាប់កាតព្វកិច្ចបង់ពន្ធគយ។
VOA មិនទាន់អាចសុំការអធិប្បាយពីអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅដោយនិរទេសខ្លួនឯងបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
តែអ្នកស្រី មូរ សុខហួរ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានប្រាប់ VOA កាលពីពេលកន្លងមកថា ការបោះឆ្នោតដែលមិនមានការចូលរួមពីគណបក្សប្រឆាំង និងមិនមានការប្រកួតប្រជែងដោយស្មើភាពគ្នានោះ គឺជា «ការបោះឆ្នោតក្លែងក្លាយនិងលេងសើច» ហើយមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ម្ចាស់ឆ្នោតនោះឡើយ៕