គ.ជ.ប.​ប្រកាស​ដោះស្រាយ​បណ្តឹង​មុន​ចេញ​លទ្ធផល​ដំបូង

មន្ត្រី​បោះឆ្នោត​​ជួយ​អ្នក​​បោះឆ្នោត​​​ជ្រលក់​​ម្រាមដៃ​​ក្រោយ​ពីបាន​​បោះឆ្នោត​ថ្ងៃ២៨ កក្កដា ឆ្នាំ​២០១៣។​​

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ប្រកាស​ថា​ ខ្លួន​បាន​ទទួល​របាយ​ការណ៍​ស្តីពី​ភាព​មិន​ប្រក្រតី​ក្រោយ​ពេល​បោះឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត​ចំនួន​ប្រមាណ​ជាង​១០​ករណី​ហើយ​គ.ជ.ប.​បាន​សន្យាថា​និង​ប្រើពេល​វេលា​ចំនួន​ពីរថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃទី​៨​និង​ទី​៩​ខាង​មុខនេះ​ដើម្បី​ដោះ​ស្រាយ​បញ្ចប់​ចំពោះ​របាយការណ៍នេះ​មុន​និងសម្រេចប្រកាស​លទ្ធផលបោះឆ្នោតលើកដំបូង។​

លោក​ទេព នីថា​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្ញើ​របាយ​ការណ៍​ចំនួន​៤​ ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​២​ និង​អាជ្ញាធរ​ចំនួន​១។ ​ឯក​សារ​ទាំងនេះ​ផ្ញើមក​គ.ជ.ប.​និយាយ​ថា​ អំពី​ភាព​មិន​ប្រក្រតី​ក្រោយ​ពេល​បោះឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោ។​

លោក​បាន​បញ្ជាក់​ថា​ គណបក្ស​គ្រប់​គ្រង​អំណាច​បាន​រៀប​រាប់​អំពី​ការ​ងារ​ដែល​បាន​កើត​ឡើង​នៅ​ការិយាល័យ​បោះឆ្នោត​ ការ​រំខាន​ការ​បោះឆ្នោត​ ការ​ឃោសនា​ក្នុង​ពេល​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត។ ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើ​មក​គ.ជ.ប.ជា​បញ្ជី​ឯកសារ​ដែល​មាន​ករណី​ប្រហាក់​ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។​
លោក​បាន​អះអាង​ថា​ អនុ​គណៈ​កម្មការ​របស់​គ.ជ.ប.​នឹង​ប្រឹង​ប្រែង​ដោះ​ស្រាយ​ករណី​នេះ​ប្រកប​ដោយ​តម្លាភាព។​

លោក​បញ្ជាក់ថា៖​ «តាម​ពិត ​មិនទាន់​សម្រេច​ទេ ​គ្រាន់​តែថា​ គណៈកម្មការ​ហ្នឹង​នឹង​ពិនិត្យ​មើល​ថា​ បញ្ហាហ្នឹង​នឹង​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច​ ហើយ​បន្ទាប់​មក​នឹង​ដាក់​ជូន​ទៅ​គ.ជ.ប.។ ​គ.ជ.ប.​នឹង​សម្រេចថា​ នឹង​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ម៉េច»។​

គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​ និង​លោក​កឹម សុខា ​ក្រោយ​ពី​ការ​បោះ​ឆ្នោត ​បាន​បើក​យុទ្ធនាការ​ប្រមូល​ភស្តុតាង​ស្តីពី​ភាព​មិន​ប្រក្រតី​ក្រោយ​ពី​ការ​បោះឆ្នោត។​ យ៉ាង​តិច​មាន​បណ្តឹងជាង​១​ម៉ឺន​ករណី​ ដែល​ប្រជា​ពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្តឹង​មក​កាន់​ទីស្នាក់​ការ​គណបក្ស។​

លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា ​គ.ជ.ប.​ត្រូវ​តែ​ដោះស្រាយ​អំពី​ភាព​មិន​ប្រក្រតី​ទាំង​នេះ​ បើ​មិន​ដោះ​ស្រាយ​ទេ​នឹង​មាន​កើតបញ្ហា​អ្វី​ផ្សេង​ទៀត។​

លោក​បាន​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចង់​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​នេះ​ទេ​ តែយើង​ទទូច​ឲ្យគ.ជ.ប.​ត្រូវ​តែ​ផ្តល់​យុត្តិ​ធម៌​សម្រាប់​ការ​បោះឆ្នោត។​

លោក​និយាយថា៖​ «យើង​ទាមទារ​ឲ្យមាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ អង្គុយ​នៅ​ក្នុង​តុ​ចរចា​ដើម្បី​ជជែក​រក​មធ្យោបាយ។​ បញ្ហា​អ្វី​ក៏​មាន​ដំណោះ​ស្រាយ​ដែរ​ ឲ្យតែ​មាន​ឆន្ទៈល្អ​ ឲ្យតែ​មាន​ឆន្ទៈ​នយោ​បាយ​ ឲ្យតែ​គោរព​នូវ​ឆន្ទៈ​រាស្ត្រ​ នោះ​យើង​ប្រាកដ​ជាដោះ​ស្រាយ​បាន​ហើយ។​ ហើយ​យើង​ខ្ញុំ​កំពុង​តែ​រិះ​រក​មធ្យោបាយ​ចៀស​វាង​បំផុត​អំពី​រឿង​បាតុកម្ម»។​

ប្រទេស​កម្ពុជា​បាន​បញ្ចប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា។​

មាន​គណបក្ស​តែ​ពីរ​ប៉ុណ្ណោះ​បាន​ប្រកាស​ថា​ ខ្លួន​បាន​ទទួល​ជ័យ​ជំនះ​រៀងៗ​ខ្លួន​ក្នុង​ចំណោម​គណបក្ស​ចំនួន​៨​ ដែល​បាន​ចូល​រួម​បោះ​ឆ្នោត។​

ក៏​ប៉ុន្តែ​មិន​ទាន់​ដល់​ពេលប្រកាស​លទ្ធផល​ជាផ្លូវ​ការ​ពី​គ.ជ.ប.​ផង​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ពី​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​ នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេសក្នុង​ពេល​តែ​មួយ ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត ​និង​ទាមទារ​ឲ្យលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​មុខ​តំណែង ​បន្ទាប់​ពី​លោក​បាន​កាន់​អំណាច​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ ដែល​បង្ក​ឲ្យមាន​ការ​រិះ​គន់​ថា ​លោក​ជា​មេដឹកនាំ​យូរ​ជាង​គេ​បំផុត​ដ៏​កម្រម្នាក់នៅ​ក្នុងពិភពលោក៕​