គិតមកត្រឹមថ្ងៃពុធនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគជប បានប្រកាសទទួលស្គាល់គណបក្សនយោបាយចំនួន២០ដែលឈរឈ្មោះបោះឆ្នោត នៅក្នុងការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គជប ដែលវីអូអេ ទើបទទួលបានចុងក្រោយនៅថ្ងៃនេះ។
គណបក្សនយោបាយទាំង២០នោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្ស ១៤ផ្សេងទៀត ប៉ុន្តែក្នុងនោះ មិនមានឈ្មោះគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពីខែវិច្ឆិកាឆ្នាំមុននោះទេ។
គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនិងជាគូប្រកួតប្រជែងដ៏សំខាន់បំផុតមួយជាមួយបក្សកាន់អំណាច បានអំពាវនាវដល់ពលរដ្ឋកុំឱ្យចូលរួមការបោះឆ្នោតនេះ ហើយក៏អំពាវនាវដល់សហគមន៍អន្តរជាតិកុំឱ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ ប្រសិនបើគ្មានវត្តមានបក្សសង្គ្រោះជាតិចូលរួមនៅក្នុងការបោះឆ្នោតនេះ។
យ៉ាងណាក៏ដោយ គជប បានប្រកាសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ តាមការគ្រោងទុក៕