គ.ជ.ប​​​បើក​សវនាការ​ជំនុំជម្រះ​អតីត​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​៥​រូបចំពោះ​ការ​ថត​បង្ហោះ​រូប​ម្រាម​ដៃ​ស្អាត

រូបឯកសារ៖ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ថត​រូប​ជុំគ្នា​កាល​ពី​ថ្ងៃ​ទី​១៩ ខែកកក្កដា ដើម្បី​បង្ហាញ​«ម្រាមដៃស្អាត»​មិន​ចូលរួម​ការ​បោះឆ្នោត​(រូបថតពីហ្វេសប៊ុក​លោក ជា ជីវ)

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​បាន​បើក​សវនាការ​ជំនុំជម្រះ​ជា​សាធារណៈ​លើ​សំណុំ​រឿង​លេខ​០០១​ ​ដែល​បាន​ពិន័យ​អតីត​សមាជិក​គណ​បក្ស​ប្រឆាំង​ចំនួន​៥​នាក់​​ពាក់​ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ ​នៅ​ខេត្ត​បាត់​ដំបង។​ ​ក្រោយ​សវនាការ​ ​គ.ជ.ប​ ​បាន​កែប្រែ​ចំណុច​មួយ​ចំនួន​ ​ដោយ​បន្ធូរ​បន្ថយ​ការ​ពិន័យ​មនុស្ស​ចំនួន​២​នាក់ និង​លើក​លែង​ការ​ពិន័យ​មនុស្ស​ម្នាក់​ទៀត។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប)​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បើក​សវនាការ​ជំនុំ​ជម្រះ​ជា​សាធារណៈ​លើ​បណ្ដឹង​ប្រឆាំងអតីត​សមាជិក​គណ​បក្ស​ប្រឆាំង​ចំនួន​៥​នាក់​ ​ក្នុង​ការ​ថត​និង​បង្ហោះ​រូបភាព​ម្រាម​ដៃ​ស្អាត​ដោយ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី២៩​ ខែ​កក្កដា ​កន្លង​ទៅ។​

អតីត​សមាជិក​គណ​បក្ស​ប្រឆាំង​ទាំង​៥រូប​ ​ប្រចាំ​ខេត្ត​បាត់ដំបង​ ​រួម​មាន​ ​លោក​ ​ជា ជីវ​ ​លោក​ ​ថោង សារឿន​ ​លោក​ ​ម៉ាង ឈុន​ ​លោក​ ​ពៅ តាំង​ និង​លោក​ គ្រុយ គឹមសាំង​ ​ត្រូវ​បាន​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់​ដំបង​ ​សម្រេច​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​១០​លាន​រៀល​ក្នុង​ម្នាក់ៗ​ ​ពាក់​ព័ន្ធ​នឹង​យុទ្ធនា​ការ​ម្រាម​ដៃ​ស្អាត​ ​នៅ​ខេត្ត​បាត់​ដំបង​កាល​ពី​ចុងខែ​កក្កដា។​

​ក្រោយ​សវនាការ​ជំនុំ​ជម្រះ​ជា​សាធារណៈ​ ​ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ស្ដាប់​ក្នុង​បន្ទប់​សវនាការ​ ​នៅ​ថ្ងៃ​ពុធ​នេះ​ គ.ជ.ប ​បានកែ​សម្រួលការ​ផាក​ពិន័យ​ខ្លះ​ ​សម្រាប់​អតីត​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​៤​រូប។​ ​ចំណែក​ឈ្មោះ​ ​ជា ជាវ​ ​អតីត​ប្រធាន​ប្រតិបត្តិ​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​បាត់​ដំបង​ ​និង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ​១១៧​នាក់​ផ្សេង​ទៀត​ ​ដែល​ត្រូវ​បានតុលា​ការ​កំពូល​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ​ ​ត្រូវ​រង​ការ​ផាក​ពិន័យ​១០លាន​រៀល​ដ​ដែល។

សេចក្ដី​សម្រេច​របស់​ ​គ.ជ.ប​ ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៥,០០០,០០០​ ​(ប្រាំ​លាន)​ ​រៀល​ក្នុង​ម្នាក់ៗ​ ​ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ចំពោះ​ឈ្មោះ​ ​ថោង សារឿន​ ​និង​ឈ្មោះ​ ​គ្រុយ គឹមសាំង។​ ​លើក​លែង​ការ​ផាក​ពិន័យ​ចំពោះ​ឈ្មោះ​ ​ម៉ាង ឈុន​ ​និង​ឈ្មោះ ពៅ តាំង»។

លោក​ ​សោម សូរីដា​ ​អគ្គ​លេខាធិការ​រង​នៃ​ ​គ.ជ.ប​ ​ប្រាប់​ ​VOA​ ​ក្រោយ​បញ្ចប់​សវនាការ​ថា​ ​ក្រោយ​ការ​សម្រេច​របស់​ ​គ.ជ.ប​ ​អ្នក​រង​ពិន័យ​ដែល​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​ ​អាច​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​បន្ត។​

​លោក​បន្ថែម​ថា​ ​សម្រាប់​លោក​ ​ជា ជីវ​ ​ដែល​ជា​បុគ្គល​ស្ថិត​ក្នុង​ការ​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ​ ​អាច​ត្រូវ​ប្រឈម​នឹង​នីតិ​វិធី​ផ្សេង​បន្ថែម​ទៀត​ពី​ស្ថាប័ន​មិន​មែន​ ​គ.ជ.ប។​

លោក​បញ្ជាក់​ថា៖​

«ប្រសិន​បើ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ពិនិត្យ​ឃើញ​ថា​ ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​នេះ​ ​វា​ជា​ចលនា​នយោបាយ​ ​គឺ​ជា​សកម្មភាព​នយោបាយ នោះ​លោក​ ​ជា ជីវ​ ​នឹង​ស្ថិត​នៅ​ក្នុង​ចំណាត់​ការ​របស់​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ក្រៅ​ពី​គ.ជ.ប។​ ​អញ្ចឹង​ ​គ.ជ.ប​ ​ដោះ​ស្រាយ​តែ​បណ្ដឹង​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ទេ​ ​ប៉ុន្តែ​បណ្ដឹង​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ល្មើស​នឹង​សាល​ដីកា​របស់តុលា​ការ​កំពូល​ ​ជា​ការ​សម្រេច​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច»។

​ក្រៅ​ពី​អតីត​សមាជិក​គណ​បក្ស​ប្រឆាំង​ក្នុង​ខេត្ត​បាត់​ដំបង​ទាំង​៥​នាក់​ ​ក៏​នៅ​មាន​អតីត​សមាជិក​គណ​បក្ស​ប្រឆាំង​៥​នាក់​ផ្សេង​ទៀត​ក្នុង​ខេត្ត​កំពត​ ​កំពុង​ត្រូវ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​ ​គ.ជ.ប​ ​ដើម្បីជំនុំ​ជម្រះ​ ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ថា​ពួកគេ​បាន​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​នេះ​ផង​ដែរ។

​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​ ២៧​ ​ខែ​កក្កដា​កន្លង​ទៅ​ ​លោក​ ​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ជាបន្ទាន់​លើ​ក្រុម​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​ ​ដែល​លោក​ហៅ​ថា​ជា​ក្រុម​«ចលនា​នំ​បញ្ចុក»។

លោក​ ​សំ សុគង់​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​ពីរ​រូប​ដែល​ការពារ​ក្តី​ឲ្យ​អ្នក​ទាំង​៥ បញ្ជាក់​ថា​ ​លោក​ដែល​ជា​មេធាវី​តំណាង​ឲ្យ​អតីត​សមាជិក​គណ​បក្ស​ប្រឆាំង​ដែល​នៅ​ជាប់​ការ​ផាក​ពិន័យ​ ​នឹង​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​បន្ត​ដើម្បីពិនិត្យ​លើ​ការ​សម្រេច​របស់​ ​គ.ជ.ប។​

​លោក​បញ្ជាក់​ថា៖​

«បើសិនជា​មិន​មាន​ការ​ដក​ក្នុង​ការ​ផាក​ពិន័យ​ ​ឬ​ក៏​មិន​មាន​ការ​ច្រាន​ចោល​នូវ​សេចក្ដី​សម្រេច​របស់​គណៈ​កម្មការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់​ដំបង​ទេ​ ​គឺ​កូន​ក្តី​របស់​ខ្ញុំ​បាទ​ទាំង​៥​នាក់​នេះ​ ​ជា​ពិសេស​អ្នក​ដែល​នៅ​ជាប់​ពិន័យ​នេះ​ ​ប្រគល់​សិទ្ធិ​ឲ្យ​មេធាវី​ ​ដើម្បីធ្វើ​បណ្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បីឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​នូវ​សេចក្ដី​សម្រេច​របស់​ ​គ.ជ.ប​ ​ហើយ​ឲ្យ​ពិនិត្យ​ ​សេចក្ដី​សម្រេច​របស់​ ​គ.ជ.ប​ ​ឡើង​វិញ​ទាំង​អស់​តែ​ម្ដង»។​

មាត្រា១៤២​នៃ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ចែង​ថា​ ​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ពី ៥,០០០,០០០​ ​(ប្រាំ​លាន​រៀល)​ ​ទៅ​ ​២០,០០០,០០០​ ​(ម្ភៃ​លាន​រៀល)​ ​ដោយ​ ​គ.ជ.ប.​ ​ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ ​ចំពោះ​ជន​ណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​ដូចជា​ ​រារាំង​ប្រជា​ពលរដ្ឋដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​ ​ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត​និង​បង្ក​ការ​រំខាន​មិន​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​បាន។​

ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម និង​អ្នក​ច្បាប់​សុទ្ធ​តែ​បាន​លើក​ឡើង​ថា ការ​ថត​ម្រាម​ដៃ​បង្ហោះ​ដោយ​ខ្លួន​ឯង មិន​មែន​ជា​បទ​ល្មើសដែល​មាន​ចែង​ក្នុង​ច្បាប់​នោះ​ទេ។ ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​ទាំង​នោះ​ ក៏​បាន​លើក​ឡើង​ថា ការ​អំពាវនាវ និង​ការ​បង្ហោះ​ជា​សារ​ទាំង​នោះ​ ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ មិន​មែន​ជា​ការ​គំរាម​កំហែង និង​មិន​មែន​ជា​ការ​បង្ខិតបង្ខំ​ណាមួយ​ឡើយ៕​