មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា មន្ត្រីថ្នាក់មូលដ្ឋានណាដែលរំខានដល់សិទ្ធិរបស់ពលរដ្ឋក្នុងការចុះឈ្មោះបោះឆ្នោត ត្រូវប្រឈមមុខនឹងការពិន័យចំនួន៥លានរៀល។
លោក កែវ ផល្លា ជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃគ.ជ.ប. ឲ្យដឹងថា ក្នុងករណីដែលមន្ត្រីមូលដ្ឋាន បដិសេធមិនព្រមបញ្ជាក់ទីលំនៅ ឬបញ្ជាក់អត្តសញ្ញាណ ដែលជាឯកសារសំខាន់សម្រាប់ចុះឈ្មោះបោះឆ្នោត នោះអាជ្ញាធរមូលដ្ឋាននឹងត្រូវរងការចោទពីបទ«រារាំងមិនឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត» និងប្រឈមនឹងការផាកពិន័យជាប្រាក់ចំនួន៥លានរៀល។ ការលើកឡើងរបស់លោក កែវ ផល្លា នេះ គឺយោងតាមមាត្រា១៤២នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
លោក កែវ ផល្លា ពន្យល់ថា បើសិនមានករណីអាជ្ញាធរមូលដ្ឋានរារាំងពលរដ្ឋពីការចុះឈ្មោះបោះឆ្នោត នោះពលរដ្ឋអាចដាក់ពាក្យប្តឹងអាជ្ញាធរមូលដ្ឋានទាំងនោះបាន។ ហើយយន្តការដោះស្រាយពាក្យបណ្តឹងមាន៣ដំណាក់កាល គឺទី១ ប្តឹងទៅកាន់ក្រុមប្រឹក្សាឃុំសង្កាត់ ទី២គឺប្តឹងទៅគ.ជ.ប និងដំណាក់កាលចុងក្រោយគឺប្តឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ។
ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី នារសៀលថ្ងៃសុក្រនេះ លោក កែវ ផល្លា អំពាវនាវឲ្យភាគីពាក់ព័ន្ធក្នុងការចុះឈ្មោះបោះឆ្នោត ត្រូវអនុវត្តតាមច្បាប់បោះឆ្នោត ព្រមទាំងបំពេញតួនាទីខ្លួនដោយអព្យាក្រឹត្យមានតម្លាភាព និងមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះទេ។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នា ខែមិថុនា ឆ្នាំ២០១៧ខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ហើយដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតនឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែកញ្ញាដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕