គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចបន្ថែមរយៈពេលចុះឈ្មោះបោះឆ្នោតត្រឹមតែមួយថ្ងៃ ដោយអះអាងថាការបន្ថែមរយៈពេលលើសពីនេះនឹងធ្វើឲ្យប៉ះពាល់ដល់ថវិកា និងនីតិវិធីផ្សេងៗទៀតដែល គ.ជ.ប បានគ្រោងទុក។ គណបក្សប្រឆាំង និងអ្នកជំនាញការបោះឆ្នោតលើកឡើងថា ការបន្ថែមរយៈពេលតែមួយថ្ងៃនេះ មិនគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរមកចុះឈ្មោះបោះឆ្នោតនោះទេ។
គ.ជ.ប បានកំណត់ការចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីអ្នកបោះឆ្នោតថ្មីឆ្នាំ២០១៦ រយៈពេលបីខែ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ថ្មីៗនេះគណបក្សប្រឆាំង និងអ្នកសង្កេតការណ៍បោះឆ្នោតបានស្នើឲ្យ គ.ជ.ប ពន្យារពេលសម្រាប់ការចុះឈ្មោះបោះឆ្នោតឲ្យបានរយៈពេលមួយសប្តាហ៍បន្ថែម ដើម្បីឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុនិងមិនទាន់ចុះឈ្មោះដែលមានចំនួនប្រមាណជា២លាននាក់ទៀត អាចទៅចុះឈ្មោះទាន់ពេល។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ VOA ថា គ.ជ.ប មានលទ្ធភាពបន្ថែមរយៈពេលចុះឈ្មោះបោះឆ្នោតបានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ហើយ គ.ជ.ប នឹងបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ។ លោកអះអាងថា ការបន្ថែមពេលវេលាចុះឈ្មោះលើសពីមួយថ្ងៃនឹងធ្វើឲ្យប៉ះពាល់ដល់ថវិកា និងដល់ពេលវេលានៃការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ នីតិវិធី និងលក្ខណៈបច្ចេកទេសនៃការរៀបចំបញ្ជីបោះឆ្នោតផ្សេងៗទៀត។
លោកបញ្ជាក់ថា៖ «លទ្ធភាពនេះគឺអាចពន្យារបានតែមួយថ្ងៃទេ ដោយកន្លងមកការចុះឈ្មោះហ្នឹងគឺមានមិនលើសពីមួយខែទេ ប៉ុន្តែលើកនេះ គ.ជ.ប បានពិនិត្យលទ្ធភាពតាំងពីដើមមានរហូតទៅដល់បីខែហើយ អញ្ចឹងពេលវេលាគឺអស់រលីងសម្រាប់ គ.ជ.ប សម្រាប់បំពេញតួនាទីផ្សេងទៀត ព្រោះដើម្បីបោះឆ្នោតបាន មិនមែនធ្វើតែរឿងចុះឈ្មោះបោះឆ្នោតនោះទេ»។
លោក ហង្ស ពុទ្ធា បន្ថែមថា ក្រោយបញ្ចប់នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងអនុវត្តនីតិវិធីផ្សេងៗទៀតទៅតាមការគ្រោងទុកដែលត្រៀមសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខ។
លោកមានប្រសាសន៍ថា៖ «គ.ជ.បនឹងទទួលខុសត្រូវចេញផ្សាយប្រតិទិនចុះឈ្មោះបោះឆ្នោតរបស់ខ្លួន បានន័យថាថ្ងៃទី៣ ខែមករាហ្នឹង គឺបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ហើយថ្ងៃទី១២ ខែកុម្ភៈ ២០១៧ហ្នឹង នឹងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ហើយបញ្ហានេះហើយដែល គ.ជ.ប មិនអាចពន្យារច្រើនថ្ងៃរហូតទៅដល់ប៉ះពាល់ប្រតិទិន ហើយនៅក្នុងខែមីនាខាងមុខនេះក៏ជាពេលវេលាដែលត្រូវទទួលគណបក្សនយោបាយចុះបញ្ជី ហើយបេក្ខជនរបស់គណបក្សក៏នឹងចុះបញ្ជីប្រកួតប្រជែងនៅក្នុងឱកាសនោះដែរ»។
អ្នកវិភាគលើកឡើងថា ភាគច្រើននៃអ្នកដែលមិនបានចុះឈ្មោះបោះឆ្នោត គឺជាអ្នកដែលមិនពេញចិត្តនឹងរដ្ឋាភិបាល ហើយថាការដែលពួកគេមិនបានចុះឈ្មោះបោះឆ្នោតគឺជាការខាតបង់សំឡេងគាំទ្ររបស់គណបក្សប្រឆាំងក្នុងការបោះឆ្នោតនៅពេលខាងមុខ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិប្រាប់ VOA ថា សិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋគឺជាចំណុចសំខាន់ដែល គ.ជ.ប ត្រូវចាត់ទុកជាអាទិភាព។ លោកបន្ថែមថា រហូតមកដល់ពេលនេះមានពលរដ្ឋប្រមាណជាពីរលាននាក់មិនទាន់បានចុះឈ្មោះនៅឡើយ ដូច្នេះការពន្យារពេលបន្ថែមកាន់តែយូរនឹងផ្តល់ឱកាសឲ្យពលរដ្ឋកាន់តែច្រើនបានបំពេញកាតព្វកិច្ចជាពលរដ្ឋបានពេញលេញ។
លោកបញ្ជាក់ថា៖ «បើសិនជាយើងពន្យារតែមួយថ្ងៃហ្នឹងគឺយើងចុះអត់អស់ទេ ហើយបើយើងមើលប្រជាពលរដ្ឋឥលូវគឺទៅចុះច្រើនណាស់ ដូចនៅទីក្រុងភ្នំពេញនេះ មួយថ្ងៃជាងមួយម៉ឺននាក់ ម្សិលមិញ១ម៉ឺន៦ពាន់នាក់ ថ្ងៃនេះក៏រំពឹងថាជាងមួយម៉ឺននាក់ ហើយតាមបណ្តាខេត្តមួយចំនួន។ ដូច្នេះការដែលយើងគោរពសិទ្ធិប្រជារាស្រ្តអាហ្នឹងវាជារឿងសំខាន់ជាងរឿងលុយបន្តិចបន្តួច ដែលយើងត្រូវចំណាយដើម្បីចុះឈ្មោះប្រជាពលរដ្ឋឲ្យអស់។ ខ្ញុំមិនគិតថាលុយហ្នឹងជាឧបសគ្គទេ ប៉ុន្តែឆន្ទៈនយោបាយ វាគួរតែជំរុញបន្ថែមទៀត ពីព្រោះថាយ៉ាងហោចណាស់ក៏ពី៣ថ្ងៃទៅមួយអាទិត្យដែរបើតាមចំនួននៃការចុះឈ្មោះ»។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក ប្រាប់ VOA ការបន្ថែមរយៈពេលចុះឈ្មោះបោះឆ្នោតត្រឹមតែមួយថ្ងៃជាពេលវេលាខ្លី ដែលលោកយល់ថាមិនអាចសម្រួលដល់ការទៅចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោតរាប់ម៉ឺននាក់ទៀតនោះទេ។
លោកបន្ថែមថា ប្រជាពលរដ្ឋដែលទៅចុះបោះឆ្នោតភក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដូច្នេះលោកថា គ.ជ.ប គួរតែពន្យារពេលបន្ថែមឲ្យយូរជាងនេះ។
លោកបញ្ជាក់ថា៖ «អ្នកដែលមកចុះឈ្មោះចុងក្រោយហ្នឹងអាចមានអ្នកអត់បានចុះដោយសារមួយថ្ងៃ កាលណាមនុស្សច្រើន ហើយពេលវេលាមន្រ្តីចុះឈ្មោះមានម៉ោងធ្វើការ កាលណាចប់ម៉ោងធ្វើការគាត់ចុះអត់ទាន់ កាលណាច្រើនពេក អាពេលវេលាចុងក្រោយហ្នឹង វាអាចខក ហើយអ្នកខ្លះគាត់ឃើញច្រើនអញ្ចឹងគាត់អាចត្រលប់ទៅផ្ទះវិញ គាត់ខ្ជិលរង់ចាំ។ បើពន្យារទោះបីជាមួយសប្តាហ៍ក៏មិនប៉ះពាល់ដែរ ព្រោះអីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងហ្នឹងគេធ្វើនៅថ្ងៃ៣ ខែមួយឯណោះ ហើយយើងពន្យារទៅក្នុងខែ១២ទេតើ ៣-៤ថ្ងៃ មួយអាទិត្យ ក៏ក្នុងខែ១២ដែរ វាអត់ឈានដល់ខែមួយ»។
របាយការណ៍បណ្ដោះអាសន្នរបស់ គ.ជ.ប បង្ហាញថា រហូតមកដល់ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា អ្នកចុះឈ្មោះបោះឆ្នោតមានចំនួនជិត ៧លាន៨សែននាក់ ឬស្មើនឹងជាង៨០ ភាគរយ ខណៈដែលពលរដ្ឋប្រមាណ២លាននាក់ទៀតមិនទាន់បានចុះឈ្មោះនៅឡើយ។
ក្នុងបណ្តឹងពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតដែល គ.ជ.ប និងក្រុមប្រឹក្សាឃុំសង្កាត់ទទួលបានមានជាង៨០បណ្តឹង ភាគច្រើនជាបណ្តឹងពាក់ព័ន្ធនឹងការរារាំង ការប៉ះពាល់ដល់នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត និងភាពមិនប្រក្រតីលើអ្នកចុះឈ្មោះដែលត្រូវបានសង្ស័យថាមិនមានសញ្ជាតិខ្មែរ រួមនឹងការរំលោភលើនីតិវិធីផ្សេងៗជាដើម៕