គ.ជ.ប.​សម្រេច​លុប​ឈ្មោះ​លោក​សម រង្ស៊ី​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត

یوکرین کے قائم مقام صدر الیگزنڈر ٹرچینوو نے روس کے صدر ولادیمر پوٹن سے مطالبہ کیا ہے کہ ماسکو کریمیا میں ’’اشتعال انگیزی‘‘ ختم کرے۔

ការ​លុប​​ឈ្មោះ​​របស់​លោក សម រង្ស៊ី ​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣​បាន​ទេ។
ភ្នំពេញ៖ គណៈ​គម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​សម្រេច​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ជា​ផ្លូវការ​ ដោយ​តម្កល់​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង ក្រុង​ភ្នំពេញ។

កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា​កន្លង​ទៅ ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង​បាន​លុប​ឈ្មោះ​លោក​សម រង្ស៊ី ចេញ​ពី​បញ្ជី​បោះឆ្នោត ដោយ​សំអាង​ថា លោក​សម រង្ស៊ី ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​តុលាការ។

លោក អ៊ឹម សួស្តី ប្រធាន​គ.ជ.ប និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ដែល​មាន​សមាជិក​សរុប​ចំនួន​ប្រាំបួន​នាក់​បាន​ប្រកាស​នៅ​យប់​នេះ​បន្ទាប់​ពី​ការ​បើក​សវនការ​នៅ​ម៉ោង​២​រសៀល​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង​ពិតជា​ត្រឹមត្រូវ ហើយ​គ.ជ.ប​សម្រេច​តម្កល់​ការសម្រេច​នេះ។

លោក ជួង ជួ​ងី មេធាវី​លោក​សម រង្ស៊ី បាន​ហៅ​ការសម្រេច​នេះ​ថា ជា​រឿង​មិន​ត្រឹមត្រូវ។

«ការ​សម្រេច​ឥត​ត្រឹម​ត្រូវ ហើយ​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​នឹង​កូនក្តី​របស់ខ្ញុំ​តទៅ​ទៀត​ដើម្បី​ប្តឹង​ទៅ​ក្រុម​ប្រឹក្សាធម្មនុញ្ញ ឬក៏​មិន​ប្តឹង»។

ចំណែកឯ​លោក ហូរ វ៉ាន់ តំណាង​រាស្ត្រ​របស់​គណ​បក្ស​សម រង្ស៊ី ដែលមាន​វត្តមាន​នៅក្នុង​បន្ទប់​សវនការ​ចាត់ទុក​ការ​សម្រេច​នេះ​ថា​ជា​រឿង​អយុត្តិធម៌។

«យល់​ថា​ការ​សម្រេច​នេះ​គឺ​ជា​ការ​សម្រេច​មួយ​ដោយ​អយុត្តិធម៌​ជា​ទីបំផុត»។

លោក សម រង្ស៊ី ដែល​កំពុង​តែ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​លាលែង​ពី​គណបក្ស​សម រង្ស៊ី ដើម្បី​ទៅ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​សប្តាហ៍​មុន។ ក៏​ប៉ុន្តែ​ការ​លុប​ឈ្មោះ​របស់​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣​បាន​ទេ។

លោក ហូរ វ៉ាន់ បញ្ជាក់​ថា គណបក្ស​សម រង្ស៊ី មាន​រយៈពេល​ប្រាំ​ថ្ងៃ ដើម្បី​ធ្វើ​ការ​ប្តឹង​ជំទាស់​ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ៕