គ.ជ.ប. ​បង្កើត​លេខាធិការដ្ឋាន​សន្តិសុខ​បោះឆ្នោត​ដែល​មាន​សិទ្ធិ​​ប្រើ​ត្រា​របស់​ គ.ជ.ប.

រូបឯកសារ៖ លោក ទេព នីថា អគ្គ​លេខាធិការ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) និយាយ​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ គ.ជ.ប. ដើម្បី​ឆ្លើយតប​នឹង​ការ​សាកសួរ​ពី​អង្គការ​សង្គម​ស៊ីវិលកាល​ពី​ថ្ងៃសុក្រ ទី៣ ខែ​ឧសភា ឆ្នាំ​២០១៣។ (ស៊ុយ ហ៊ាមខេមរា/VOA)

លោក​ហង្ស ពុទ្ធា ថ្លែង​​ថា ​​គ.ជ.ប.​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រសួង​ការពារ​ជាតិ ​និង​ក្រសួង​មហា​ផ្ទៃ ​លើការងារ​នេះ​រហូត​ដល់​ចប់​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ ដែល​បន្ទាប់​ពី​នេះ ​លោក​ថា ​លេខាធិការ​ដ្ឋាន​សន្តិសុខ​បោះឆ្នោត​នេះ​នឹង​ត្រូវ​រំលាយ​វិញ។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(គ.ជ.ប.)​ ​បាន​សម្រេច​បង្កើត​លេខាធិការដ្ឋាន​សន្តិសុខ​បោះឆ្នោត ​(ល.ស.ប.) នៃ​អគ្គ​លេខាធិការដ្ឋាន​គ.ជ.ប.​ ដោយ​អះអាងថា​ លេខាធិការដ្ឋាន​នេះ​មាន​តួនាទី​សម្រប​សម្រួលការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ដំណើរការ​នៃ​ការ​បោះឆ្នោត ​ហើយ​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​គ.ជ.ប.។​

យោង​តាម​សេចក្ដី​សម្រេច​របស់​គ.ជ.ប.​ចុះ​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា ​ឆ្នាំ​២០១៦​ លេខា​ធិការដ្ឋាន​ដែល​ទើប​បង្កើត​ថ្មី​នេះ​មាន​ភារកិច្ច​ជួយ​គ.ជ.ប.​ក្នុង​ការ​តាមដាន ​និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់ ​យន្តការ ​និង​រចនា​សម្ព័ន្ធ​បោះឆ្នោត​ផ្អែក​តាម​ផែនការ​អន្តរស្ថាប័ន​រវាង​ក្រសួង​មហាផ្ទៃ ​ក្រសួង​ការពារ​ជាតិ ​និង​គ.ជ.ប.​ស្ដីពី​កិច្ចការ​ការពារ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ ​និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។​

លោក ហង្ស ពុទ្ធា​ សមាជិក​និង​ជា​អ្នកនាំ​ពាក្យ​គ.ជ.ប.​ បាន​ប្រាប់​ ​VOA ​នៅ​ថ្ងៃ​អង្គារថា ​ជា​ធម្មតា​ រាល់​ពេល​មាន​ការ​ចុះឈ្មោះ​បោះឆ្នោត ​និង​ដំណើរ​ការ​បោះឆ្នោត​ ​គ.ជ.ប.​ ត្រូវ​បង្កើត​ក្រុម​ការងារ​សន្តិសុខ​ ​ដោយ​សហការ​ជាមួយ​ក្រសួង​មាន​សមត្ថកិច្ច​ក្នុង​ការ​ថែ​រក្សា​សន្តិសុខ​សុវត្ថិភាព។ ​លោក​បន្ត​ថា ​លេខាធិការដ្ឋាន​បង្កើត​ថ្មី​នេះ​មាន​ភារកិច្ចរៀបចំ​កម្លាំង​សមត្ថកិច្ច​ក្នុង​ការ​រក្សា​សន្តិសុខ​នៅ​កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត ​និង​ស្ថានីយ​បោះ​ឆ្នោត។​

«តួនាទី​សំខាន់​ទី​១ ​សហការ​លើ​គ្រប់​រូបភាព​ហ្នឹង​ឯង។ ​ហើយ​ទី​២​ រក្សា​សណ្ដាប់​ធ្នាប់ ហើយ​ទី​៣​គឺ​ការ​ការពារ​ [ទប់ស្កាត់] ​ទាំងឡាយ ​ពី​ព្រោះ​ពេល​ខ្លះ​គ្រាន់​តែ​ជា​រឿង​សណ្ដាប់​ធ្នាប់ ​ប៉ុន្តែ​ពេល​ខ្លះ​វា​អាច​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា ​និង​ការ​ប្រើ​អាវុធជាដើម​នោះ​គឺ​ត្រូវ​តែ​មាន​ស្ថាប័ន​មួយ​ដើម្បី​ធ្វើ​អន្តរាគមន៍លើ​រឿង​ហ្នឹង​ ជា​ស្ថាប័ន​ជំនាញ​បាទ»។​

លោក​ហង្ស ពុទ្ធា​បន្ថែម​ថា គ.ជ.ប.​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រសួង​ការពារ​ជាតិ ​និង​ក្រសួង​មហា​ផ្ទៃ ​លើការងារ​នេះ​រហូត​ដល់​ចប់​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ ដែល​បន្ទាប់​ពី​នេះ ​លោក​ថា ​លេខាធិការ​ដ្ឋាន​សន្តិសុខ​បោះឆ្នោត​នេះ​នឹង​ត្រូវ​រំលាយ​វិញ។​

បើ​តាម​សេចក្ដី​សម្រេច​របស់​គ.ជ.ប.​ ​លេខាធិការដ្ឋាន​ថ្មី​នេះ​មាន​សិទ្ធិ​ប្រើ​ប្រាស់​ត្រា ​គ.ជ.ប.​ ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន។​

លោក​សម គន្ធាមី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និចហ្វិក​ មាន​ប្រសាសន៍​ថា ​ការ​អនុញ្ញាត​ឱ្យ​លេខាធិការដ្ឋាន​មួយ​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​ គ.ជ.ប.​គឺ​ជា​ការ​ផ្ដល់​អំណាច​«ច្រើន​ពេក» ​ដែល​លោក​ថា​ អាច​នាំ​ឱ្យ​មាន​ផល​លំបាក។​

«[អាច]​ មាន​ផលប៉ះពាល់​ដល់​ការ​ប្រើប្រាស់​អំណាច​ ការ​អនុវត្ត​តួនាទី​គាត់​ផង។​ វា​ដល់​អញ្ចឹងទៅ គាត់​អាច​វាយ​ត្រា ​ប្រថាប់​ត្រា​អី​បាន​ទាំង​អស់។ អញ្ចឹង តួនាទី​របស់​គ្រាន់​តែ​ជា​លេខាធិការដ្ឋាន​សន្តិសុខ​គ.ជ.ប.​សោះ ​ដល់​អញ្ចឹង​ [គាត់] ​អាច​មិនឆ្លង​ គ.ជ.ប. ​ក៏​ថា​បាន។​ បើសិន​ជា​គាត់​មាន​សិទ្ធិ​វាយ​ត្រា​ហើយ ​អាហ្នឹង​វា​ពិបាក​ខ្លះ​ហើយ។​ ​មើល​រចនា​សម្ព័ន្ធ​ហើយនឹង​អំណាច​លេខាធិការដ្ឋាន​បង្កើត​ថ្មី​ហ្នឹង​ វា​ដូច​ជា​មាន​អំណាច​ច្រើន​ពេក ធំធេង​ពេក។ ​គ្រាន់​តែ​ការងារ​សន្តិសុខ​សោះ»។​

លោក​សម គន្ធាមី​បន្ថែម​ថា៖​

«បាទ​ដូច​ខ្ញុំ​ជម្រាប​ជូន​អម្បាញ់​មិញ​ វា ​[អាច​មាន​ការ]​ ប្រើប្រាស់​អំណាច​ហួសហេតុ​ពេក។​ អាច​រំលោភ​តួនាទី​ខ្លួន​ អំណាច​ខ្លួន​ ដែល​ខ្លួន​មាន... ដល់​ថ្នាក់មាន​សិទ្ធិ​ប្រើ ​ វាយ​ត្រាវាយ​អី​អស់​ហើយ»។​

យ៉ាងណាក៏ដោយ​ ​លោក​ហង្ស ពុទ្ធា​អះអាង​ថា ​អគ្គ​លេខា​ធិការដ្ឋាននេះ​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​គ.ជ.ប.​តែ​ក្នុង​ករណី​ចាំបាច់ ​និង​បន្ទាន់​ប៉ុណ្ណោះ ​ដូចជា​ពេល​ដែល​ប្រធាន​គ.ជ.ប.​មាន​កិច្ចការ​រវល់។ ​ទោះ​ជា​យ៉ាងណាក្តី​ ​សេចក្ដី​សម្រេច​បង្កើត​លេខា​ធិការដ្ឋាន​សន្តិសុខ​បោះ​ឆ្នោត​នេះ​ពុំ​បាន​បញ្ជាក់​ពី​ចំណុច​នេះ​ទេ។​

លេខាធិការដ្ឋាន​សន្តិសុខ​បោះឆ្នោត​ដែល​ទើប​បង្កើត​ថ្មី​នេះ​មាន​អគ្គលខាធិការគ.ជ.ឞ.​គឺ​លោក​ទេព នីថា​ជា​ប្រធាន​និង​អគ្គលេខាធិការ​រង​២រូប​ជា​អនុប្រធាន ហើយប្រធាន​ ​អនុ​ប្រធាន​នាយកដ្ឋាន ​និង​លេខាធិការដ្ឋាន ​ព្រម​ទាំង​ប្រធាន​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ជាសមាជិក៕