គ.ជ.ប.​​បញ្ជាក់​ថា​ កម្ពុជា​មិន​​មាន​លទ្ធភាព​រៀបចំ​ការ​បោះឆ្នោត ​​នៅ​ក្រៅ​ប្រទេស​ទេ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។ អ្នកមានសិទ្ធិបោះឆ្នោត ៥០ ១៦៨ នាក់ មកពី ឃុំ សង្កាត់ ចំនួន ២៥ នៅទូទាំងប្រទេស ត្រូវបានជ្រើសរើសឱ្យក្លាយជាពលរដ្ឋដំបូងដែលមានឱកាសបានទទួលការចុះឈ្មោះសាកល្បងដែលប្រព្រឹត្តទៅដោយប្រព័ន្ធកុំព្យូទ័រ រៀបចំដោយ គ.ជ.ប.។ ដំណើរការចុះឈ្មោះ«សាកល្បង» ទ្រទ្រង់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីធានាសុក្រិត្យភាពមានរយៈពេល១៥ថ្ងៃ ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅតាមសាលាឃុំសង្កាត់ដែលត្រូវបានជ្រើសរើស។ រូបភាព នៅការិយាល័យចុះឈ្មោះក្នុងសាលាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ដែលត្រូវបានរើសជាការិយាល័យតំណាងក្នុងរាជធានីភ្នំពេញ។ (អូន ឆេងប៉រ/VOA)

បើ​ទោះ​ជា​ចំនួន​ពលករ​ចំណាក​ស្រុក​កម្ពុជា​មាន​ចំនួន​ច្រើន​ និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ផ្នែក​​សំខាន់​មួយ​នៃ​​លទ្ធផល​បោះឆ្នោត​ក៏​ដោយ ​ក៏​គណៈ​កម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ គ.ជ.ប.​​បញ្ជាក់​ថា​ កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​រៀបចំ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ​ ឬ​បង្កើត​ការិយាល័យ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​​នោះ​ទេ។

គណៈ​កម្មការ​រៀប​ចំ​ការ​បោះឆ្នោត​គ.ជ.ប. នៅ​ថ្ងៃ​សុក្រ​នេះ​ ​បាន​បញ្ជាក់​ថា​ កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ​ឬ​បង្កើត​ការិយាល័យ​បោះឆ្នោត​សម្រាប់​ពលករ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។​ ការ​ឆ្លើយ​តប​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​គណបក្ស​ជំទាស់ ​និង​ភាគី​ពាក់​ព័ន្ធ​នានា​ឲ្យ​មាន​ប្រព័ន្ធ​ចុះ​ឈ្មោះ​ដោយ​ងាយ​ស្រួល​សម្រាប់​កម្មករ។​ ​ពួកគេ​យល់​ថា​ ​ពលករ​ចំណាក​ស្រុក​កម្ពុជា​មាន​ចំនួន​ច្រើន ​ដែល​អាច​ប៉ះពាល់​ដល់លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ។​

លោក​សុន ឆ័យ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹង​ថា នីតិ​វិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មាន​ភាព​ស្មុគស្មាញ​ និង​ចំណាយ​ពេល​យូរ​សម្រាប់​ពលករ​ដែល​នៅ​ក្រៅ​ប្រទេស​ដែល​ត្រូវ​វិលត្រឡប់មក​កម្ពុជា​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត។ ​លោកថា​ នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ មាន​ការរៀប​ចំ​ឲ្យ​មាន​ការបោះឆ្នោត​នៅ​ស្ថានទូត​ ឬ​ភ្នាក់ងារ​ទូត ​ដើម្បីជួយ​សម្រួល​ការ​បោះឆ្នោត​ដល់​ពលរដ្ឋ​របស់គេដែល​ធ្វើការ​ក្រៅ​ប្រទេស។ ​លោក​បន្ថែម​ថា​ គណបក្ស​ជំទាស់​ក៏ធ្លាប់បាន​ស្នើ​សុំឲ្យ​មាន​ការិយាល័យ​បោះឆ្នោត​តាម​ព្រំដែន ​ឬ​តាម​ស្ថានទូត។​

«យើង​មិន​និយាយ​ទៅ​ដល់​ឥទ្ធិពល​នៃ​ការ​បោះឆ្នោត​ យ៉ាង​ម៉េច​ទេ​ តែ​យើង​និយាយ​ពី​ការ​ធានា​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ។​ នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​បាន​ចែង​ច្បាស់​ណាស់​ថា​ ពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទគឺ​ត្រូវ​ទទួល​បាន​នូវ​សិទ្ធិ​បោះឆ្នោត​ និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ។ ដូច្នេះ​គ.ជ.ប. ត្រូវ​ខិត​ខំ​រក​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ផ្ដល់​សិទ្ធិ​ដល់​ពលរដ្ឋ​យើង»។​

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​គណបក្ស​ជំទាស់​ លោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច ​លើក​ឡើង​ថា​ ការ​ចុះ​ឈ្មោះ ​និង​ការបោះឆ្នោតគឺជា​សិទ្ធិ​សំខាន់​របស់ពលរដ្ឋ។​ គណបក្ស​កាន់​អំណាចក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រឡប់មក​ស្រុក​កំណើត​ដើម្បី​ចុះឈ្មោះ​ និង​បោះឆ្នោត​ដែរ។ ​តែ​លោក​សុខ ឥសាន​បន្ត​ថា​ ការ​ទាមទារ​របស់​គណបក្ស​ជំទាស់​ឲ្យ​មាន​ការ​បោះឆ្នោត​តាម​ស្ថានទូតនានា​គឺផ្ទុយ​ពី​ច្បាប់​ ​ហើយ​វា​គ្រាន់​តែ​ជា​ការ​ទាញ​យក​ផល​ចំណេញ​នយោបាយ​របស់​គណបក្ស​ជំទាស់​តែ​ប៉ុណ្ណោះ។​

«អា​ហ្នឹង​ជា​របៀប​ទេ​ គេ​ធ្វើ​របៀប​នយោបាយ។​ គេ​ទាក់ទាញ​ ហើយ​យក​សមានចិត្ត​អ្នក​ចំណាក​ស្រុក​ហ្នឹង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចិត្ត​ចង់​ឲ្យ​បង​ប្អូន​បំពេញ​កាតព្វកិច្ច​អី​អញ្ចឹង។ ​តែ​ច្បាប់​វា​អត់​មាន​ចែង។​ ហើយ​គាត់​ចង់​ឲ្យ​បោះ​ឆ្នោត​នៅ​ស្ថានទូត។​ ហើយ​ដល់ពេល​ចាញ់​ឆ្នោត​ គាត់​ថា​ ស្ថានទូត​ហ្នឹង​អត់​ឯករាជ្យ»។​

លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប.​ បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​មិន​ទាន់​អាច​រៀប​ចំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន​ទេ ​ដោយ​សារ​សំណូម​ពរ​នេះមិន​មានកំណត់​នៅ​ក្នុងច្បាប់​បោះឆ្នោត។

«ច្បាប់​គឺ​ចែង​ឲ្យ​រៀប​ចំ​ការិយាល័យ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស។​ អញ្ចឹងបើ​ការិយាល័យ​ហ្នឹង​នៅ​ក្រៅ​ប្រទេស​មិន​អាច​ធ្វើ​បាន​តែ​ម្តង។​ អ្នក​ដែល​មាន​ការងារ​នៅ​ខាង​ក្រៅ​ ​គ.ជ.ប.បាន​អូស​រយៈពេល​ដល់​៣ខែ​ឲ្យ​គាត់​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះឆ្នោត»។​

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ ចំនួន​ពល​ករ​ចំណាក​ស្រុកប្រមាណជាង​១​លាន​នាក់កំពុងធ្វើ​ការ​នៅ​ក្រៅ​ប្រទេសគឺ​ជា​ផ្នែក​មួយ​សំខាន់​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។ ​ទាក់ទង​នឹង​បញ្ហា​នេះ សង្គម​ស៊ីវិល​លើក​ឡើង​ថា ​គួរ​តែមាន​យន្តការ​ផ្សេងៗ​ទៀត​ដើម្បី​ធានាឲ្យ​ពលករ​ទាំង​នោះ​អាច​ចូលរួម​បោះឆ្នោត​បាន។​

​លោក​គល់ ​បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្រែ្វល​ដែលឃ្លាំមើល​ការ​បោះឆ្នោត បាន​ឲ្យ​ដឹង​ថា​ ចំនួន​ពលករ​នៅ​ក្រៅ​ប្រទេស​មាន​ឥទ្ធិពល​ក្នុង​ការ​កំណត់​លទ្ធផល​បោះ​ឆ្នោត​ ដោយសារចំនួន​ពលករ​នៅ​ក្រៅ​ប្រទេស​ប្រហែល​ស្មើនឹង​១០%​នៃ​ចំនួន​អ្នក​បោះ​ឆ្នោត​សរុប​នៅ​កម្ពុជា។ ​លោក​យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​រៀប​ចំ​ឲ្យ​មាន​ការ​ចុះឈ្មោះ​ និង​ការ​បោះ​ឆ្នោត​សម្រាប់​ពលករ​នៅ​ប្រទេស​ថៃ​ជា​ការ​សាកល្បង។

«ឧទាហរណ៍​ យើង​អាច​ធ្វើជា​អន្តរ​បញ្ញតិ្ត​មួយ។​ ការ​សាកល្បង​នៅ​ប្រទេស​ថៃ​មួយ​ចុះ។​ ហើយ​ប្រទេស​ថៃ​ហ្នឹង​ ពលករ​ កម្មករ ​ហើយ​ហ្នឹង​ពលរដ្ឋ​ វា​ច្រើន​ អញ្ចឹងគេ​អាច​ធ្វើ​ការ​សាកល្បង​ដែរ​ ដើម្បី​ឲ្យ​អ្នក​ចំណាក​ស្រុក​បាន​ចុះឈ្មោះ​បោះឆ្នោត​ផង​ ហើយ​យើង​ពិនិត្យ​មើលផង​ថា​ តើ​វា​អាច​ដំណើរការ។ បើ​និយាយ​ពី​ថវិកា​ក៏​អស់​មិន​ច្រើន​ដែរ​ ព្រោះ​វា​នៅ​ជាប់​កម្ពុជា»។

លោក​មឿន តុលា​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ ​និង​សិទ្ធិ​មនុស្ស ​បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​បរទេស​ដើម្បី​ជួយ​សម្រួល​ឲ្យពលករ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​បានត្រឡប់មក​ចុះ​ឈ្មោះ​បោះឆ្នោត ​និង​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ទេ។​ លោក​ថ្លែង​ថា​ ការណ៍​នេះ​ទំនង​ជា​ដោយសារ​គណបក្ស​កាន់​អំណាច​មិន​មាន​ជំនឿ​ចិត្ត​ថា​ ពលករ​កម្ពុជាដែល​នៅ​ក្រៅ​ស្រុក​ទាំង​នោះ​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ខ្លួន។​

«ប្រហែល​ជា​គណបក្ស​កាន់​អំណាច​បារម្ភ​ខ្លាច​ពលករ​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច ដោយសារ​និន្នាការ​កន្លង​មក​ ​អ្នក​នៅ​ក្រៅ​ប្រទេស​ហ្នឹង​ក៏​មិន​សូវ​គាំទ្រ​បក្ស​កាន់​អំណាច​ទេ ​ដោយសារ​តែ​គាត់​ឈឺ​ចាប់ ​គាត់​មើល​ឃើញ​ភាព​ខុស​គ្នា​រវាង​ការ​ដឹក​នាំ​ មើល​ឃើញ​សេវា​សាធារណៈ​របស់​គេ​ សេវា​អប់រំ​ ជីវភាព​របស់​នៅ​របស់​ពលរដ្ឋ​ថៃ​ហ្នឹង ​ហើយ​ប្រៀប​ធៀប​មក​ប្រទេស​ខ្លួន​ឯងហ្នឹង។ ​គាត់​មាន​ការ​រិះ​គន់​ច្រើន​ទៅ​លើ​ការ​ដឹក​នាំ​រដ្ឋ​យើង​ ពេល​បច្ចុប្បន្ន»។​

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ខែ​មិថុនា​ឆ្នាំ​២០១៧​ខាង​មុខ​ ​ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨។ ​ហើយ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នក​បោះ​ឆ្នោតនឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​០១​ខែ​កញ្ញា​ដល់​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ៕