ជិត​៣​ភាគ​៤​នៃ​អ្នកបោះ​ឆ្នោត​អាមេរិក​ជឿ​ថា​លទ្ធិប្រជាធិបតេយ្យ​​អាមេរិក​កំពុង​រង​ការ​គំរាមកំហែង

សមាជិកកងកម្លាំងឆ្មាំការពារជាតិបានមកដល់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីការពារសន្តិសុខនៅវិមានរដ្ឋសភា ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

អ្នកបោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​ជិត​ ៣​ភាគ​៤ និយាយ​ថា លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិកកំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ ក្រោយ​ពី​ក្រុមបាតុករវាយ​លុក​ចូល​ក្នុងវិមាន​សភាជាតិ (US Capitol)។ នេះ​បើ​យោង​តាម​ស្ទង់​មតិ​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ Quinnipiac University។​

ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​លើ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អាមេរិក ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃច័ន្ទ​បាន​បង្ហាញ​ថា អ្នក​បោះ​ឆ្នោត​ឱ្យ​គណបក្ស​សាធារណរដ្ឋ​ ៧៧% និង​អ្នក​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ ៧៦%​ ជឿ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​កំពុង​ស្ថិត​ក្រោមការ​វាយ​ប្រហារ។ ហើយ​អ្នក​ប្រកាន់​ជំហរ​ឯករាជ្យ​ចំនួន​ ៧០% ​ក៏​ជឿ​ដូច្នេះ​ដែរ។​

អ្នកបោះឆ្នោត​អាមេរិក​ ៥៦%​ បាន​និយាយ​ថា ពួក​គេ​ឱ្យ​លោក​ប្រធានាធិបតី​ Donald Trump ទទួល​ខុស​ត្រូវ​ចំពោះការ​វាយលុក​ចូល​ក្នុង​វិមាន​សភា​កាល​ពី​សប្ដាហ៍​មុន​នេះ​ ស្រប​ពេល​ដែល ៤២% ទៀតថា មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់លោក ​Trump ទេ។

អ្នក​បោះឆ្នោត​ភាគ​ច្រើន ៥២% ទល់ ៤៥%​ បាន​និយាយ​ថា លោក Trump គួរ​តែ​ត្រូវ​បាន​គេ​ដក​តំណែង មុន​លោក​បញ្ចប់​អាណត្តិ​ចាក​ចេញ​ពី​សេតវិមាន​ នៅ​ថ្ងៃទី២០ ខែ​មករា។​

ប៉ុន្តែ​នៅ​ពេល​រាប់​តាមបក្ស អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ ៨៧% គិត​ថា​លោក Trump មិន​គួរ​ត្រូវ​បាន​គេ​ដក​តំណែង​ទេ​ ស្រប​ពេល​ដែល ៨៩% នៃ​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​គាំទ្រ​ការ​ដក​តំណែង។ អ្នក​ប្រកាន់​ជំហរ​ឯករាជ្យ​ ៥៥% គាំទ្រ​ការ​ដក​តំណែង និង ៤៣% ប្រឆាំងការ​ដក​តំណែង។

ការ​ស្ទង់​មតិ​នេះ​បាន​ស្ទង់​មតិ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោតចំនួន ១.២៣៩​ នាក់ ចាប់​ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ១០ ខែ​មករា​ ឆ្នាំ​២០២១៕