ពលរដ្ឋអាមេរិកាំងបានរួសរាន់ចេញទៅបោះឆ្នោតមុនថ្ងៃបោះឆ្នោតនៅខែវិច្ឆិកាចូលមកដល់ ក្នុងចំនួនមួយខ្ពស់ ដែលមិនធ្លាប់មានពីមុនមក។ នេះបើតាមស្ថិតិអំពីចំនួនអ្នកបោះឆ្នោតមុនថ្ងៃបោះឆ្នោត។
នេះបង្ហាញថា អាចនឹងមានចំនួនអ្នកបោះឆ្នោតច្រើនបំផុតមិនធ្លាប់មានពីមុនមក នៅក្នុងការប្រកួតប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី រវាងបេក្ខជនខាងគណបក្សសាធារណរដ្ឋលោក Donald Trump និងគូប្រជែងរបស់លោកគឺលោក Joe Biden មកពីខាងគណបក្សប្រជាធិបតេយ្យនោះ។
ដោយនៅសល់រយៈពេលមិនដល់ ៤ សប្តាហ៍ទៀតផង មុនពេលថ្ងៃបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខនេះមកដល់ ពលរដ្ឋអាមេរិកាំងជាង ៣ លាន ៨ សែននាក់ បានបោះឆ្នោតរួចរាល់ហើយ ដោយចំនួននេះ គឺលើសចំនួនអ្នកបោះឆ្នោតក្នុងឆ្នាំ ២០១៦ ចំនួន ៧៥.០០០ នាក់ ក្នុងរយៈពេលដូចគ្នានេះ។ នេះបើតាមការឲ្យដឹងពីអង្គការនៃគម្រោងបោះឆ្នោតអាមេរិក U.S. Elections Project ដែលបានចងក្រងទិន្នន័យអ្នកបោះឆ្នោត មុនថ្ងៃបោះឆ្នោតមកដល់។
ចំនួនអ្នកបោះឆ្នោតដ៏ច្រើននេះ ត្រូវបានគេមើលឃើញថា ដោយសារការពង្រីកឲ្យមានការបោះឆ្នោតបានលឿនមុនកាលកំណត់ និងការបោះឆ្នោតតាមប្រៃសណីយ៍ នៅក្នុងរដ្ឋជាច្រើន ដែលជាវិធីមួយដែលមានសុវត្ថិភាព ក្នុងការបោះឆ្នោតក្នុងអំឡុងពេលដែលមានការរាតត្បាតនៃវីរុសកូរ៉ូណា និងការចង់ដឹងពីអនាគតនយោបាយរបស់លោក Trump ផងដែរ។ នេះបើតាមការលើកឡើងរបស់លោក Michael McDonald នៃសាកលវិទ្យាល័យ Florida និងជាអ្នកគ្រប់គ្រងគម្រោងនេះ។
លោក McDonald បានថ្លែងថា៖ «យើងមិនដែលឃើញពលរដ្ឋក្នុងចំនួនដ៏ច្រើនយ៉ាងនេះទេ ដែលបានបោះឆ្នោតរួចហើយ នៅមុនថ្ងៃបោះឆ្នោតមកដល់ ដែលនៅសល់ច្រើនថ្ងៃទៀត»៕
ដោយសារចំនួនអ្នកបោះឆ្នោតមុនថ្ងៃបោះឆ្នោតមកដល់ មានសន្ទុះហក់ឡើងខ្ពស់នោះ បានធ្វើឲ្យលោក McDonald ប៉ាន់ស្មានថា អាចមានចំនួនអ្នកបោះឆ្នោតសរុបប្រមាណ ១៥០ លាននាក់ ឬអាចស្មើនឹងប្រមាណ ៦៥% ដែលជាចំនួនខ្ពស់បំផុតនៃអ្នកដែលមានសិទ្ធិបោះឆ្នោត ចាប់តាំងពីឆ្នាំ ១៩០៨មក។
តាមការស្ទង់មតិថ្នាក់ជាតិបង្ហាញថា លោក Biden នាំមុខលោក Trump តែទោះយ៉ាងណាក៏ដោយ ក៏រដ្ឋគន្លឹះដែលអាចកំណត់លទ្ធផលនៃការបោះឆ្នោតនោះ បង្ហាញថា បេក្ខជនទាំងពីរមានសំឡេងឆ្នោតគាំទ្រប្រហាក់ប្រហែលគ្នា៕