ក្រសួងការងារអាមេរិករាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនពលរដ្ឋអាមេរិកដែលបានដាក់ពាក្យសុំជំនួយរដ្ឋពេលអត់ការងារធ្វើកាលពីសប្តាហ៍ជាចំនួនទាបបំផុតតាំងពីពាក់កណ្តាលខែមីនាមក ខណៈដែលអាជីវកម្មមួយចំនួនបានចាប់បើកទ្វារឡើងវិញក្រោយពីបិទដោយសារវិបត្តិកូវីដ១៩។
ប៉ុន្តែយ៉ាងនេះក្តីក៏អ្នកបាត់បង់ការងារថ្មីកាលពីសប្តាហ៍មុនដែលមានចំនួនដល់ទៅ១,៨៨លាននាក់ធ្វើឲ្យចំនួនសរុបតាំងពីវិបត្តិកូវីដ១៩នៅសហរដ្ឋអាមេរិកមកបានកើនដល់ជាង៤២,៥លាននាក់ ឬស្មើនឹងជាង១ភាគ៤នៃពលរដ្ឋអាមេរិកពេញវ័យធ្វើការសរុប១៦៤លាននាក់។
អភិបាលរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិកបានបន្ធូរបន្ថយវិធានការរឹតត្បិតទប់ស្កាត់កូវីដ១៩ខ្លះដើម្បីឲ្យភោជនីយដ្ឋានហាងនិងអាជីវកម្មមួយចំនួនអាចបើកឡើងវិញបានក្នុងកម្រិតខុសៗតាមមូលដ្ឋានរៀងៗខ្លួន។
អត្រាអត់ការងារធ្វើកាលពីខែមេសាមានចំនួន១៤,៧% ហើយអត្រាអត់ការងារធ្វើសម្រាប់ខែឧសភាត្រូវគេរំពឹងថានឹងចេញនៅថ្ងៃសុក្រ ដោយសេដ្ឋវិទូខ្លះបានទស្សន៍ទាយថាអាចមានកម្រិតរហូតដល់២០%។
ស្ថានភាពនេះជាវិបត្តិសេដ្ឋិច្ចធ្ងន់ធ្ងរបំផុតចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ចក្នុងទសវត្ស១៩៣០។
ប៉ុន្តែដោយសារនៅពេលមានបាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅទូទាំងសហរដ្ឋអាមេរិកដោយមានទាំងក្រុមបាតុករខ្លះបានប៉ះទង្គិចហិង្សាជាមួយប៉ូលីសផងដើម្បីទាមទារយុត្តិធម៌ឲ្យបុរសស្បែកខ្មៅម្នាក់ដែលបានស្លាប់ក្នុងសមត្ថកិច្ចប៉ូលិសស្បែកសកាលពីថ្ងៃទី២៥ ខែឧសភានោះ ធ្វើឲ្យព័ត៌មានអំពីការលំបាករបស់អ្នកអត់ការងារធ្វើក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះ ទទួលបានចំណាប់អារម្មណ៍តិចជាងមុន៕