ការ​សិក្សា​​បង្ហាញ​ថា​ អ្នកឆ្លង​ជំងឺកូវីដ១៩​ម្នាក់​ក្នុង​ចំណោម​​ ៥​នាក់​នៅ​អាមេរិក​ មាន​រោគ​សញ្ញា​យូរ​អង្វែង

រូបឯកសារ៖ គិលានុបដ្ឋាយិកាម្នាក់ចាក់វ៉ាក់សាំង Pfizer booster ឲ្បបុរសម្នាក់ នៅទីក្រុង Los Angeles រដ្ឋ California នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

ក្រុម​មន្ត្រី​សុខាភិបាល​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា​ ពល​រដ្ឋ​អាមេរិកាំង​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ ដែល​ធ្លាប់​មាន​ជំងឺ​កូវីដ១៩​នៅ​តែ​មាន​រោគ​សញ្ញា​កូវីដ១៩​រយៈពេល​វែង។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters ​ដែល​ស្រង់​ទិន្នន័យ​ស្ទង់មតិ​ដែល​ប្រមូល​បាន​នៅ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ដំបូង​ នៅ​ក្នុង​ខែ​មិថុនា​នេះ។

ទិន្នន័យ​នេះ​បង្ហាញថា​ ជា​ទូទៅ​ មនុស្ស​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម​១៣​នាក់​ក្នុង​សហ​រដ្ឋ​អាមេរិក​ មាន​រោគ​សញ្ញា​កូវីដ១៩​រយៈពេល​យូរ​អង្វែង​ គឺ​ពី​រយៈពេល​៣ខែ ​ឬ​អាច​យូរ​ជាង​នេះ ​ ក្រោយ​ពី​ឆ្លង​ជំងឺកូវីដ១៩​ជា​លើក​ដំបូង។ ​រោគសញ្ញា​នេះ​ពួក​គេ​មិន​ធ្លាប់​មាន​មុន​ឆ្លង​ជំងឺ​កូវីដ១៩​នោះ​ទេ។

ទិន្នន័យ​នេះ​ត្រូវ​បាន​ប្រមូល​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​កន្លង​ទៅ​ ដោយ​ការិយាល័យ​ជំរឿន​របស់​សហ​រដ្ឋ​អាមេរិក​ ហើយ​ត្រូវ​បាន​សិក្សា​វិភាគ​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ការ​ពារ​ជំងឺ​របស់​សហ​រដ្ឋ​អាមេរិក​ ឬ​CDC ។​

រោគ​សញ្ញា​ជំងឺ​កូវីដ​រយៈពេល​វែងរួម​មាន​ ការ​អស់​កម្លាំង​ខ្លាំង​ សង្វាក់​បេះ​ដូង​លោត​ញាប់​ ថប់ដង្ហើម​ ការ​ឈ្លាសវៃ​ចុះខ្សោយ​ ​ មាន​ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ​ អារម្មណ៍​មិន​ប្រក្រតី​ និងសាច់ដុំ​ខ្សោយ​ជា​ដើម។​ ​អាការៈ​រោគ​ទាំង​នោះ​មិន​ធូរ​ស្រាល​នោះ​ឡើយ ​ហើយ​អាច​មាន​រយៈពេល​រាប់​សប្តាហ៍​ ឬ​រាប់​ខែ​ បន្ទាប់​ពី​ការ​ជា​ឡើងវិញ​ក្រោយ​ការ​ឆ្លង​ជំងឺកូវី១៩​ជា​លើក​ដំបូង​នោះ។

ដោយឡែក ​ក្រុមប្រឹក្សា​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​សហ​រដ្ឋ​អាមេរិក​ ​កាលពី​ថ្ងៃ​ពុធ​បាន​ផ្តល់​អនុសាសន៍​ឱ្យ​មនុស្សអាយុ​ចាប់​ពី ៦៥​ ឆ្នាំ​ឡើង​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ផ្តាសាយ​កម្រិត​ខ្ពស់​ ឬ​ថ្នាំដែល​មាន​ធាតុ​ផ្សំ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ។​

ជា​ធម្មតា​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺទទួល​អនុសាសន៍​របស់​គណៈ​កម្មាធិការ​ប្រឹក្សា​ស្តីពី​ការចាក់​ថ្នាំ​បង្ការ​ ប៉ុន្តែ​កន្លងមក​គណៈ​កម្មាធិការ​នេះ​មិន​បាន​ណែនាំ​ឱ្យ​មនុស្ស​ចាស់​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ប្រភេទ​ណា​មួយ​ទេ។​ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​និយាយ​ថា​ មនុស្ស​វ័យ​ចំណាស់​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​គ្រុន​ផ្តាសាយ ​ហើយ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ។​

គណៈ​កម្មាធិការ​ប្រឹក្សា​បាន​និយាយ​ថា ​ខ្លួន​ចង់​ឱ្យមនុស្ស​ចាស់ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ផ្តាសាយ​កម្រិត​ខ្ពស់​ ឬ​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ផ្តាសាយ​បន្ថែម ​ប៉ុន្តែ​បើ​មិន​មាន​ជម្រើស​ទាំង​ពីរ​នេះ​ទេ​ ​ មនុស្សចាស់​អាយុ​ចាប់ពី​ ៦៥ ឆ្នាំ​ឡើងគួរតែ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ស្តង់ដារ​ឱ្យ​ខាង​តែ​បាន៕​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​Reuters និង​ The Associated Press)