ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (National Democratic Institute) ឬហៅកាត់ថា NDI បានសម្ដែងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងពេលថ្មីៗនេះថា អង្គការក្រៅរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយនេះ នឹងវិលត្រឡប់ទៅបំពេញការងារក្នុងប្រទេសកម្ពុជាវិញ ដើម្បីជួយអភិវឌ្ឍផ្នែកប្រជាធិបតេយ្យ បើកម្ពុជាពិតជាចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដមែននោះ។
លោក Derek Mitchell ប្រធានអង្គការ NDI បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្រោយពីលោកបានថ្លែងក្នុងវេទិកាពិភាក្សាសាធារណៈមួយ ដែលរៀបចំឡើងនៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
«យើងវិលត្រឡប់ទៅវិញ តែប្រសិនបើមានលំហដែលយើងអាចធ្វើការងាររបស់យើងបាន។ យើងចាំបាច់ត្រូវធ្វើការជាមួយភាគីនានាក្នុងប្រទេសកម្ពុជាដោយស្មើភាពគ្នា ពោលគឺនរណាក៏ដោយ ដែលប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។ យើងមានការប្ដេជ្ញាចិត្តធ្វើដូច្នេះ»។
វិទ្យាស្ថាន NDI ប្រចាំប្រទេសកម្ពុជា ត្រូវបានរដ្ឋាភិបាលកម្ពុជា សម្រេចបិទលែងឱ្យដំណើរការក្នុងប្រទេសកម្ពុជា ហើយថែមទាំងបណ្ដេញបុគ្គលិកបរទេសនៃអង្គការនេះ ចេញពីប្រទេសកាលពីខែសីហា ឆ្នាំ២០១៧ ក្រោមបទចោទប្រកាន់ថា អង្គការនេះ បានជួយរៀបចំគម្រោងការឱ្យគណបក្សសង្គ្រោះជាតិ ផ្ដួលរំលំរដ្ឋាភិបាល។
អង្គការ NDIបានដំណើរការនៅកម្ពុជាអស់រយៈពេល២៥ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២មក ដើម្បីលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ដូចជាលើកទឹកចិត្តឱ្យមានតម្លាភាព និងការចូលរួមនយោបាយពីគ្រប់ភាគី និងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ជាដើម។
លោក Mitchell មានប្រសាសន៍ថា អង្គការរបស់លោក ធ្វើការងារប្រកបដោយតម្លាភាពជាមួយគ្រប់គណបក្សនយោបាយ មិនមែនតែគណបក្សប្រឆាំងមួយនោះទេ ពោលគឺរួមទាំងគណបក្សកាន់អំណាចនិងសង្គមស៊ីវិលផងដែរ។
លោកមានប្រសាសន៍បន្ថែមថា ការងារដែលអង្គការ NDI បានធ្វើកន្លងមក គឺជាការចែករំលែកបទពិសោធន៍ សាមគ្គីភាព និងការគាំទ្រ ដោយផ្ដល់ការបណ្ដុះបណ្ដាលក្នុងភាពជាដៃគូ តាមរយៈការរៀបចំសិក្ខាសាលាផ្សេងៗជាដើម។
«វាស្រេចតែលើពលរដ្ឋកម្ពុជា ជាអ្នកសម្រេចប៉ុណ្ណោះ ប៉ុន្តែសាមគ្គីភាពនិងការគាំទ្ររបស់យើងនៅតែបន្ត មិនថាយើងនៅមានវត្តមានក្នុងប្រទេសកម្ពុជាឬអត់នោះទេ។ ការប្ដេជ្ញាចិត្តរបស់យើងចំពោះកម្ពុជា គឺនៅតែខ្លាំងដដែល។ ក្នុងនាមជាប្រធាន NDI ខ្ញុំអាចនិយាយបានថា យើងនៅតែមានការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លា ចំពោះអនាគតនៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា»។
លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានអ្នកវិភាគខ្លះមើលឃើញថា បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់អ្នកខ្លះថែមទាំងចាត់ទុកថា វាថែមទាំងបានស្លាប់បាត់ទៅហើយទៀតផង ចាប់តាំងពីឆ្នាំ២០១៧មក បន្ទាប់ពីមានយុទ្ធនាការធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិ ការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រួមទាំងការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់មេដឹកនាំបក្សប្រឆាំងនេះគឺលោក កឹម សុខា ដាក់ពន្ធនាគារ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
ទោះបីជាយ៉ាងនេះក្ដី ប្រធានអង្គការ NDI លោក Derek Mitchell មានប្រសាសន៍ថា លោកនៅតែមានសុទិដ្ឋិនិយមថា លំហប្រជាធិបតេយ្យនៅកម្ពុជា នឹងបើកឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។
«យើងចាំបាច់ត្រូវតែព្យាយាមបើកច្រកទំនាក់ទំនងជាមួយរដ្ឋាភិបាល។ យើងមានឯកអគ្គរដ្ឋទូតដ៏ពេញសមត្ថភាពនៅក្នុងប្រទេសកម្ពុជាគឺលោក Patrick Murphy ដែលអាចជួយកសាងទំនុកចិត្ត និងបង្ហាញទៅរដ្ឋាភិបាលនិងភាគីដទៃទៀតថា យើងមិនបានស្វះស្វែងបង្កគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជាទេ តែយើងស្វះស្វែងជួយប្រទេសនេះឱ្យមានការអភិវឌ្ឍន៍ និងធានាថាប្រជាពលរដ្ឋមានសំឡេង»។
ប៉ុន្តែ លោក Mitchell ទទួលស្គាល់ថាការសម្រេចចិត្តយ៉ាងណានោះ គឺប្រាកដជាអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
«យើងនឹងត្រឡប់ទៅវិញ តែតាមការអញ្ជើញពីរដ្ឋាភិបាលប៉ុណ្ណោះ។ បើរដ្ឋាភិបាលនិយាយថា «ខ្ញុំមិនស្វាគមន៍អ្នកទេ» នោះវាពិបាកឱ្យពួកយើងទៅធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាវិញណាស់»។
វីអូអេ មិនទាន់ទាន់អាចទាក់ទងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំអត្ថាធិប្បាយបាននៅឡើយទេ កាលពីថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០២០ ដោយទូរស័ព្ទរបស់លោករោទ៍តែគ្មានអ្នកទទួល។
ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនដែលកំពុងកាន់អំណាច មានប្រសាសន៍ថា លោកមិនទាន់អាចបញ្ជាក់បានទេថាតើរដ្ឋាភិបាលអាចនឹងអនុញ្ញាតឱ្យអង្គការបរទេសណាមួយដែលត្រូវបានបណ្ដេញចេញពីប្រទេស អាចវិលត្រឡប់មកបំពេញការងារក្នុងប្រទេសឡើងវិញបាននៅឡើយទេ។
លោកបន្ថែមថា រដ្ឋាភិបាលអាចនឹងពិនិត្យមើលលទ្ធភាពនេះ តែនៅពេលក្រោយពីសវនាការជំនុំជម្រះក្ដីលោក កឹម សុខា បានចប់សព្វគ្រប់សិន។
«ខ្ញុំយល់ថា ទោះជាអ្នកនាំពាក្យរដ្ឋាភិបាល ក៏ត្រូវរង់ចាំការសម្រេចរបស់តុលាការដែរ។ ដំណើរការក្តីរបស់កឹម សុខា ហ្នឹង វានៅតែមានបន្តបន្ទាប់ទៀតរហូតដល់ចប់ចុងចប់ដើម អាហ្នឹងបានយើងអាចសន្និដ្ឋានបាន។ យើងមិនអាចនិយាយមុនការដំណើរការរឿងក្តីរបស់តុលាការបានទេ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧ កំពុងត្រូវបានជំនុំជម្រះទោសពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស» ក្រោយពីបានជាប់ឃុំជាង២ឆ្នាំ។
ទោះជាយ៉ាងនេះក្តី លោក Derek Mitchell មានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលសម្រេចយ៉ាងណាក៏ដោយ ក៏លោកគិតថា ឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថាពួកគេចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ៕