អង្គការ​អូតង់​បណ្តេញ​អ្នក​ការទូត​រុស្ស៊ី​ដែល​ជាផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប​របស់​អន្តរជាតិ​ដល់​ការ​បំពុល​អតីត​ចារបុរស

លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីស្នាក់ងារ​អង្គការ នៅ​ក្នុង​ក្រុង​ប៊្រុចសែល កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

អង្គការ​អូតង់​បាន​ប្រកាស​ថា ​ខ្លួន​នឹង​បណ្តេញ​អ្នកការទូត​រុស្ស៊ី​៧​នាក់​ហើយ​នឹង​បដិសេធ​ពុំ​ព្រមទទួល​ស្គាល់​ជាផ្លូវការ​៣​នាក់​ទៀត​ដែល​ជាផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប​ដែល​មាន​កា​រសម្រប​សម្រួល​គ្នា​យ៉ាង​ខ្លាំង​ និង​ជា​លក្ខណៈ​អន្តរជាតិ​ដល់​ការ​វាយ​ប្រហារ​ដោយ​ប្រើ​ភ្នាក់​ងារធ្វើ​ឲ្យ​ខូច​សរសៃ​ប្រសាទ​លើ​អតីត​ភ្នាក់​ងារ​មុខ២​របស់​រុស្ស៊ី​ហើយ​និង​កូនស្រី​របស់​លោក​ក្នុង​ចក្រភព​អង់គ្លេស។

​លោក Jens Stoltenberg ​អគ្គ​លេខាធិការ​អង្គការ​អូតង់​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា «​នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ដក​ការ​ទទួល​ស្គាល់​បុគ្គលិក​៧​នាក់​របស់​បេសកកម្ម​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​អូតង់។​ ខ្ញុំក៏នឹង​បដិសេធ​ការ​ព្យួរ​សំណើ​ទទួល​ស្គាល់​បុគ្គលិក​៣​នាក់​ទៀត​ដែរ។ ​ការណ៍​នេះ​នឹង​បញ្ជូន​សារ​យ៉ាង​ច្បាស់​ទៅ​កាន់​រុស្ស៊ី​ថា ​មាន​ការ​ខាត​បង់​ និង​ផលវិបាក​សម្រាប់​ឥរិយាបទ​ដែល​មិន​អាច​ទទួល​យកបាន​របស់​ពួកគេ‍»។

លោក​អគ្គលេខា​ធិការ​អង្គការ​អូតង់ Stoltenberg ​បាន​និយាយ​ទៀត​ថា ក្រុម​ប្រឹក្សា​មហា​សមុទ្រ​អាត្លង់ទិក​ខាង​ជើង ​ក៏​បាន​កាត់​បន្ថយ​ចំនួន​អតិបរមា​របស់​បេសកម្មរុស្ស៊ី​ប្រចាំ​នៅ​អង្គការ​អូតង់​ពី​ចំនួន​ទាំងអស់​២០​នាក់​មក​នៅ​ត្រឹម​១០​នាក់។

ចំណាត់​ការ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ចំណាត់​ការ​ស្រដៀង​គ្នា​ដោយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជាង​២០​ទៀត​បន្ទាប់​ពី​ការ​ដាក់​ថ្នាំ​បំពុល​លោក Sergei Skripal អតីត​ចារ​បុរស​និង​កូនស្រី​របស់​លោក​ឈ្មោះ Yulia ដែល​ត្រូវ​គេ​រកឃើញ​ថា ​បាន​បាត់​បង់​ស្មារតី​នៅ​លើ​កៅអី​នៅ​ឯ​ឧទ្យាន Salisbury នៅ​ដើម​ខែ​នេះ។​ សហរដ្ឋ​អាមេរិក​ ចក្រ​ភព​អង់គ្លេស​ និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត ​បាន​ស្តី​បន្ទោស​រុស្ស៊ី​ចំពោះ​ការ​វាយ​ប្រហារ​នេះ៕