អង្គការ​អូតង់​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​យោបល់​ដល់​លីប៊ី​ពី​បញ្ហា​សន្តិសុខ

លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់​និយាយ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​កំឡុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​នៅ​ទីស្នាក់ការ​សម្ព័ន្ធ​មិត្ត​ក្នុង​ទីក្រុង​ព្រុចសែល (Brussels) កាលពី​ថ្ងៃទី៥ ខែ​កុម្ភៈ ឆ្នាំ២០១៥។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​ឲ្យ​ដឹង​ថា ប្រធាន​អង្គការ​អូតង់​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញថា ​សម្ព័ន្ធ​មិត្ត​បាន​ប្រុង​ខ្លួន​ជាស្រេច​ហើយ​ដើម្បី​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល​ប្រទេស​លីប៊ី​លើ​បញ្ហា​ការពារ​ប្រទេស​ និង​សន្តិសុខ ដោយ​លោក​និយាយ​ថា ​ស្ថានភាព​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើង​នៅ​ក្នុង​ប្រទេស​នោះ ​កំពុង​បណ្តាល​ឲ្យ​មាន​ការ​គំរាម​កំហែង​ខាង​សន្តិសុខថ្មី​ដល់​អឺរ៉ុបដែល​តម្រូវ​ឲ្យ​មាន​ការ​ការពារ​កាន់​តែ​ខ្លាំង​ឡើងៗ។

លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់​ក៏​បាន​ប្រាប់​សន្និសីទ​កាសែត​នៅ​ក្នុង​ទីក្រុង​រ៉ូម​ដែរ​ថា ​សម្ព័ន្ធ​មិត្ត​មាន​ផែនការ​ជម្រុញ​ឲ្យ​មាន​ការ​ស៊ើបការណ៍​សម្ងាត់​នៅ​តំបន់​នោះ​ដោយ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ​ដែល​មាន​ទីតាំង​នៅ​ឯស្ថានីយ​ទ័ព​អាកាសនៅ​ក្នុង​ទីក្រុង Sigonella ​ដោយ​ចាប់​ផ្តើម​នៅ​ឆ្នាំ​ក្រោយ។

​អង្គការ​អូតង់​បាន​ប្រតិបត្តិ​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហ​ប្រជាជាតិដើម្បីការ​ពារ​ជន​ស៊ីវិលហើយ​និង​ពង្រឹង​តំបន់​គ្មាន​យន្តហោះ​ហោះ​ហើរហើយ​និង​ការ​ដាក់​ទណ្ឌកម្ម​ការ​លក់​អាវុធទៅ​ឲ្យ​ប្រទេស​លីប៊ី​ក្នុង​អំឡុង​នៃ​ការ​បណ្តេញ​របប Moammar Gadhafi ចេញ​ពី​តំណែងនៅ​ឆ្នាំ​២០១១។

បេសកម្ម​នោះ​បាន​បញ្ចប់​នៅ​ខែតុលា ​ឆ្នាំ​២០១១ ​ហើយ​ចាប់តាំង​ពី​ពេល​នោះ​មកស្ថានភាព​សន្តិសុខ​លែង​ត្រួតត្រា​បានដោយ​មាន​រដ្ឋាភិបាល​ខុសៗ​គ្នា​២​ហើយ​និង​ក្រុម​ប្រដាប់​អាវុធ​ជា​ច្រើន​ទៀត​ ​រួម​មាន​ក្រុម​ខ្លះ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម។

​លោក Stoltenberg ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា គួរតែ​មាន​វត្តមាន​អន្តរជាតិច្រើន​នៅ​ក្នុង​ប្រទេស​លីប៊ីបន្ទាប់​ពី​កិច្ចប្រតិបត្តិការ​បាន​បញ្ចប់​ ហើយ​លោក​បាន​សន្យា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​អង្គការ​អូតង់​មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​ជួយ៕