កិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំប្រទេសជាសមាជិកអង្គការអូតង់នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ដើម្បីប្រារព្ធខួបទី៧០របស់អង្គការនេះបានចាប់ផ្ដើមដោយរង្គោះរង្គើកាលពីថ្ងៃអង្គារកន្លងទៅនេះ ដោយសារតែមេដឹកនាំសហរដ្ឋអាមេរិក បារាំង និងតួកគី បានប៉ះទង្គិចសម្ដីគ្នា ទាក់ទិននឹងការបែងចែកបន្ទុកនិងទិសដៅទៅអនាគតរបស់អង្គការមួយនេះ។ កិច្ចប្រជុំកំពូលផ្លូវការនេះគ្រោងនឹងពិភាក្សាអំពីការគំរាមកំហែងនានាទៅលើអង្គការអូតង់ ប៉ុន្តែបញ្ហាប្រឈមធំបំផុតអាចជាការបន្ធូរបន្ថយភាពតានតឹងនៅក្នុងអង្គការនេះទៅវិញទេ។
បណ្ដាមេដឹកនាំប្រទេសជាសមាជិកអង្គការអូតង់ ដែលចូលរួមក្នុងពិធីទទួលស្វាគមន៍ដោយម្ចាស់ក្សត្រីយានីអង់គ្លេសនៅឯព្រះបរមរាជវាំង Buckingham បានបិទបញ្ចប់ថ្ងៃទីមួយនៃជំនួបកំពូលរបស់អង្គការនេះ ដែលមានការប៉ះទង្គិចពាក្យសម្ដី។
មុនដំបូង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីបារាំងរបស់លោក គឺលោក Emmanuel Macron បានប៉ះទង្គិចពាក្យសម្ដីគ្នាទាក់ទិននឹងជោគវាសនារបស់ក្រុមយុទ្ធជនបរទេសរដ្ឋឥស្លាម ដែលជាប់នៅក្នុងប្រទេសស៊ីរី។
លោកប្រធានាធិបតី ត្រាំ បានថ្លែងថា៖ «យុទ្ធជនបរទេសរដ្ឋឥស្លាមជាច្រើនមកពីប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ ពួកគេភាគច្រើនមកពីអឺរ៉ុប ហើយប្រទេសមួយចំនួនយល់ស្រប។ ខ្ញុំមិនទាន់បាននិយាយជាមួយនឹងប្រធានាធិបតីអំពីបញ្ហានេះទេ។ តើអ្នកចង់បានយុទ្ធជនរដ្ឋឥស្លាមជើងខ្លាំងដែរឬទេ? ខ្ញុំអាចផ្ដល់ឲ្យអ្នកបាន។ អ្នកអាចជ្រើសរើសយកនរណាក៏បានដែរ ដែលអ្នកចូលចិត្ត»។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍ថា៖ «សូមនិយាយសាច់ការ! យុទ្ធជនរដ្ឋឥស្លាមភាគច្រើនមកពីប្រទេសស៊ីរី អ៊ីរ៉ាក់ និងនៅក្នុងតំបន់នោះទៅវិញទេ»។
លោក Macron បានលើកឡើងថា លោកការពារអត្ថាធិប្បាយរបស់លោកដែលថា អង្គការអូតង់លែងដំណើរការហើយ ហើយលោកក៏បាននិយាយរិះគន់ប្រទេសតួគីជាថ្មីម្ដងទៀតផងដែរ។
លោក Macron បាននិយាយយ៉ាងដូច្នេះថា៖ «នៅពេលដែលខ្ញុំក្រឡេកមើលប្រទេសតួកគី ពួកគេឥឡូវនេះកំពុងតែប្រយុទ្ធនឹងអ្នកដែលចូលរួមជាមួយនឹងយើងប្រយុទ្ធស្មាកៀកស្មាប្រឆាំងនឹងក្រុមរដ្ឋឥស្លាម។ ប៉ុន្តែពេលខ្លះ ពួកគេសហការជាមួយនឹងកងកម្លាំងរដ្ឋឥស្លាម»។
លោក ត្រាំ បាននិយាយថា សម្ពាធពីសហរដ្ឋអាមេរិកធ្វើឲ្យសមាជិកអង្គការអូតង់ឥឡូវនេះចំណាយច្រើនជាងមុនទៅលើការការពារប្រទេស ហើយអង្គការនេះគួរតែដោះស្រាយបញ្ហានៃការគំរាមកំហែងមួយចំនួន។
លោកប្រធានាធិបតី ត្រាំ បានលើកឡើងថា៖ «មនុស្សជាច្រើននិយាយថា យើងត្រូវផ្ដោតលើសហភាពសូវៀត ដែលឥឡូវនេះគឺជាប្រទេសរុស្ស៊ី។ ប៉ុន្តែយើងក៏ត្រូវមើលទៅលើបញ្ហាផ្សេងទៀតផងដែរ មិនថាជាអំពើភេរវកម្មឥស្លាមជ្រុលនិយម ឬជាកំណើនដ៏ខ្លាំងក្លារបស់ចិននោះទេ»។
ភាពតានតឹងរវាងសមាជិករបស់អង្គការអូតង់អាចបង្កជាបញ្ហាធំ។ កាលពីខែមុន ប្រទេសតួគីមិនបានអើពើនឹងការជំទាស់របស់អង្គការអូតង់ទេ ហើយបានធ្វើការវាយប្រហារទៅលើក្រុមយុទ្ធជនឃឺដនៅប៉ែកខាងជើងប្រទេសស៊ីរី។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានមានប្រសាសន៍ថា លោកនឹងប្រឆាំងនឹងគម្រោងរបស់អង្គការអូតង់ក្នុងការការពារបណ្ដាប្រទេសនៅតំបន់ Baltic ប្រឆាំងនឹងរុស្ស៊ី លុះត្រាណាតែអង្គការនេះទទួលស្គាល់ថា យុទ្ធជនឃឺដគឺជាពួកភេរវជន។
អ្នកវិភាគនិយាយថា អង្គការអូតង់ជួបនឹងវិបត្តិដោយសារតែការប៉ះទង្គិចគ្នាខាងឥរិយាបថបុគ្គល។
អ្នកស្រី Kori Schak នៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្របានថ្លែងថា៖ «កិច្ចប្រជុំកំពូលនេះ មានបញ្ហាដោយសារតែប្រធានាធិបតីបីនាក់ប៉ះទង្គិចពាក្យសម្ដីគ្នា នោះគឺលោកប្រធានាធិបតី ត្រាំ លោកប្រធានាធិបតី Macronនិងលោកប្រធានាធិបតី Erdogan។ ហើយបញ្ហាប្រឈមរបស់អង្គការនេះគឺថា អង្គការនេះត្រូវប្រារព្ធខួបទី៧០ដោយគ្មានប្រធានាធិបតីណាម្នាក់នៃប្រធានាធិបតីទាំងបីរូបនេះធ្វើឲ្យខូចដំណើរការទាំងមូលនោះទេ»។
បន្ថែមពីលើភាពតានតឹងនៅក្នុងអង្គការអូតង់ ឆ្នាំនេះប្រទេសតួគីបានផ្គើននឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន តាមរយៈការទិញប្រព័ន្ធការពារពីមីស៊ីលរបស់រុស្ស៊ីប្រភេទ S-400 និងបានធ្វើការសាកល្បងកាលពីពេលថ្មីៗនេះ ដោយយកមីស៊ីលនេះបាញ់យន្ដហោះចម្បាំងរបស់ខ្លួនប្រភេទ F-16 ដែលផលិតដោយអាមេរិក។
លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់នៅតែទទូចថា អង្គការនេះនៅតែរឹងមាំដដែល។
លោក Stoltenberg បានថ្លែងថា៖ «យើងទើបតែបានពង្រឹងវិស័យការពាររបស់យើងឲ្យរឹងមាំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់បញ្ចប់មក»។
ប៉ុន្តែប្រតិភូជាច្រើននៅក្នុងទីក្រុងឡុងដ៏ចោទសួរថា តើភាពតានតឹងនោះគ្រាន់តែជាការប៉ះទង្គិចគ្នាខាងឥរិយាបថបុគ្គល ឬក៏អង្គការអូតង់មានបញ្ហាធ្ងន់ធ្ងរជាងនេះ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា