អង្គការអូតង់​បង្កើត​កម្លាំង​ឆ្លើយ​តបឆាប់​រហ័ស

  • Al​ Pessin

លោក​រដ្ឋមន្ត្រីការបរទេស​​ស.រ.អា​​.ថ្លែង​ក្នុង​​កិច្ច​ប្រជុំអង្គការ​អូតង់។​​

កិច្ច​ប្រជុំ​កំពូល​របស់​មេ​ដឹកនាំ​អង្គការ​អូតង់​ NATO​ នៅចក្រភព​អង់គ្លេសបាន​សម្រេច​ឲ្យ​បង្កើត​កម្លាំង​ដែល​តំណាង​ឲ្យ​អឺរ៉ុប​ខាងកើត​ ដើម្បី​ទប់ទល់ ​ឬ​ឆ្លើយតប​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី។​

លោក ​Anders Fogh Rasmussen ​ អគ្គ ​លេខាធិការ​អង្គការ​អូតង់​ និយាយ​ថា​ កងកម្លាំង​នេះ​នឹង​ជួយ​កងទ័ព​ជើងគោក​ច្រើន​ពាន់​នាក់ ​ដោយ​មាន​ការ​គាំទ្រ​ពី​កងទ័ព​ជើងទឹក ​និង​កងទ័ព​អាកាស។ ​បុគ្គលិក​នឹង​ផ្លាស់​វេន​គ្នា​រវាង​កងទ័ពនៃ​ប្រទេស​នានា​ ដែល​ជា​សមាជិក​អូតង់​ ហើយ​គេអាច​នឹង​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​បញ្ជូន​កងទ័ព​ក្នុង​ពេល​ពីរ​បី​ ថ្ងៃ។​

កងទ័ព ​ទាំង​នេះ​នឹង​មាន​មូលដ្ឋាន ​ដែល​ត្រៀម​ជាស្រេច​ក្នុង​ប្រទេស​ជាច្រើន​នៃ​សមាជិក​អង្គការ​អូតង់ ​នៅ​អឺរ៉ុប​ខាង​កើត​ ហើយ​រដ្ឋជា​សក្តានុពល​នោះ​គឺ​បណ្តា​រដ្ឋ​នៅ​តំបន់​បាល់ទិក ​ប្រទេស​ប៉ូឡូញ ​និង​ប្រទេសរ៉ូម៉ានី ​ដោយ​មាន​សម្ភារៈ​ និង​គ្រៀង​ឧបត្ថម្ភ​ត្រៀម​ជា​ច្រើន​ ហើយ​មាន​គណៈ​បញ្ជាការ​ទ្រង់ទ្រាយ​តូច​ និង​មាន​បុគ្គលិក​ខាងទំនាក់​ទំនង​ព័ត៌មាននៅ​ប្រចាំ​ការ។ ​ក្រៅពី​នោះ​ក៏​មាន​អ្វី​ដែល​លោក​ហៅ​ថា ​វត្តមាន​របស់​កងកម្លាំង​អូតង់​ប្រចាំការ​ ធ្វើ​សមយុទ្ធ​នៅ​រដ្ឋ​ជា​សមាជិក​អង្គការ​អូតង់​នៅ​ភាគ​ខាង​កើត។​

សកម្មភាព ​នេះ​ធ្វើឡើង​ជា​ការ​ឆ្លើយតប​នឹង​អន្តរាគមន៍​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ ប្រទេស​អ៊ុយក្រែន​ដែល​មិនមែន​ជា​សមាជិក​អង្គការ​អូតង់។ ​លោក​អគ្គលេខាធិការ ​Rasmussen ​និយាយ ​ថា​ កម្លាំង​ថ្មីនេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធានា​ថា ​ប្រទេស​រុស្ស៊ី​នឹង​មិន​ព្យាយាម​ធ្វើដូច​គ្នា​នេះ​ទេ​នៅ​ក្នុង​រដ្ឋ​ដែល​ ពីមុន​នៅ​ក្នុង​អតីត​សហភាព​សូវៀត​ តែ​បច្ចុប្បន្ន​នេះ​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច។​

«ការ ​សម្រេច​ចិត្ត​ដែល​យើង​ធ្វើ​នៅថ្ងៃ​នេះ​ដើម្បី​ត្រៀម​រៀបចំ​ផែនការ​សកម្មភាព ​នេះ​បញ្ជូន​សារ​យ៉ាង​ច្បាស់​ប្រាប់​ប្រទេស​រុស្ស៊ី​ថា យើង​មាន​ការ​តាំងចិត្ត​ដ៏​រឹងមាំ​ដើម្បី​ចាត់​វិធាន​ការ​ទាំងអស់ដែល​ចាំ​ បាច់​ ដើម្បី​ផ្តល់​ការ​ការពារ​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​សម្ព័ន្ធ​មិត្ត​របស់​ យើង»។​

លោក ​Rasmussen​ ហៅ ​ការ​សម្រេច​ចិត្ត​នេះ​ថា​ ជា​ការ​ឆ្លើយតប​សមស្រប​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ ស្ថាន​ការណ៍​អសន្តិសុខ​ប្រែប្រួល​ខ្លាំង​នៅ​អឺរ៉ុប។ ​លោក​បាន​បដិសេធ​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ ​ដែល​អះអាង​ថា ​អង្គការ​អូតង់​មាន​ផែនការ​យូរ​ហើយ​ក្នុងការ​បង្កើន​វត្តមាន​របស់​កង​ កម្លាំង​ខ្លួន​នៅ​អឺរ៉ុប​ខាង​កើត​ ហើយ​ថា ​អង្គការ​អូតង់​គ្រាន់តែ​ប្រើ​វិបត្តិ​នៅ​ប្រទេស​អ៊ុយក្រែន​ជាលេស​ដើម្បី​ ផ្តល់​យុត្តាធិការ​សម្រាប់​សកម្មភាព​នេះ។​

លោក​ Rasmussen​ ក៏ ​បាន​ស្វាគមន៍​កិច្ច​ព្រម​ព្រៀង​ដែល​សម្រេច​កាលពី​ថ្ងៃសុក្រ​ ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន​ដែរ​ តែ​លោក​បាន​បង្ហាញ​ការ​សង្ស័យ​ខ្លះ ​ដោយ​លោក​មិន​ដឹង​ថា ​តើ​កិច្ច​ព្រមព្រៀង​នឹង​មាន​ជាប់​លាប់​ ឬ​យ៉ាង​ណា។​

«ជា ​ការណ៍ពិត ​កិច្ចការ​សំខាន់​ទីមួយ​គឺ​ប្រកាស​បទ​ឈប់បាញ់។​ ហើយ​តាម​ពិត​ទៅ ​ជំហាន​បន្ទាប់​ដែល​ជា​ជំហាន​សំខាន់​គឺ​អនុវត្ត​បទ​ឈប់បាញ់​នោះ​ដោយ​ ស្មោះត្រង់​ ហើយ​ គេត្រូវ​នៅ​ចាំមើល​សិន។ ​តែ​រហូត​មក​ដល់​ពេល​នេះ​ មិនទាន់​មាន​បញ្ហា​អ្វី​ទេ»។​

លោក ​អគ្គលេខាធិការ​និយាយ​ច្បាស់​ថា ​បញ្ហា​រវាង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែន​គឺ​ជា​ប្រធាន​ដែល​មាន​ កិច្ច​ពិភាក្សា​ច្រើន​ជាង​គេ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ ​ដោយ​លោកលើក​ឡើង​ថា ​កង្វល់​អំពី​ជំហរ​ប្រែប្រួល​របស់​រុស្ស៊ី​ក៏​បាន​ញាំង​ឲ្យ​មេ​ដឹកនាំ​នានា​ ព្រម​ព្រៀង​គ្នា​បង្កើន​ការ​ចំណាយ​លើ​ផ្នែក​ការពារ​ជាតិ​ ហើយ​វា​ធ្វើ​ឲ្យ​លោក​មាន​ជំនឿ​ថា ​គេ​នឹង​ធ្វើ។​

«ការ ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​ក្នុង​បរិយាកាស​សន្តិសុខ​ថ្មី​ទាំង​ស្រុង។ ​កាយ​វិការ​គឃ្លើន​របស់​ប្រទេស​រុស្ស៊ី​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន​គឺ​ជា ​ការ​ដាស់តឿន​ស្មារតី​របស់​យើង»។​

អង្គការ​អូតង់​ប្រកាស​ថា ​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​លើក​ក្រោយ​នៅ​ឆ្នាំ​២០១៦​នឹង​រៀបចំ​ដោយ​ប្រទេស​ប៉ូឡូញ ​ដែល​លោក​ Rasmussen​ ហៅ​ថា ​ជា​និមិត្ត​សញ្ញា​នៃ​ការ​តាំង​ចិត្ត​របស់​សម្ព័ន្ធ​មិត្ត​អូតង់​ក្នុង​ការ​ការពារ​សមាជិក​របស់​ខ្លួន​នៅ​អឺរ៉ុប​ខាងកើត។​

លោក ​Rasmussen​ ក៏ ​បាន​និយាយ​ដែរ​ថា ​មេ​ដឹកនាំ​អង្គការ​អូតង់​បាន​ព្រមព្រៀង​គ្នាធ្វើ​កិច្ច​សហ​ប្រតិបត្តិការ ថែម​ទៀត​ទាក់ទង​នឹង​វិបត្តិ​នៅ​ប្រទេស​អ៊ីរ៉ាក់។ ​លោក​បាន​ស្វាគមន៍​ការ​ចូលរួម​របស់​សម្ព័ន្ធ​មិត្ត​ជាច្រើន​ក្នុង​វិស័យ​ កងទ័ព​ និង​មនុស្ស​ធម៌ ​រួម​មាន​ស.រ.អា.​ជា ​ដើម។ ​ហើយ​លោក​ក៏បាន​និយាយ​ដែរ​ថា សម្ព័ន្ធ​ភាព​អូតង់​ក៏​នឹង​អាច​ជួយ​សហការ​ក្នុង​កិច្ចការ​គាំទ្រ​ខ្លះៗ​ ដូច​ជាការ​ដឹក​ជញ្ជូន​តាម​អាកាស។ ​លោក​ Rasmussen ​បាន ​បន្ត​ថា ​អង្គការ​អូតង់​នឹង​មិន​មាន​តួនាទី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ទេ ​លុះត្រាតែ​មាន​ការ​អញ្ជើញ​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ហើយ​ទោះជា​មាន​សំណើ​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​ក្តី អង្គការ​អូតង់​ប្រហែល​ជា​អាច​សហការ​បាន​តែ​ក្នុង​ការ​បណ្តុះ​បណ្តាល​ ប៉ុណ្ណោះ។​

លោក​ Rasmussen ​បាន ​និយាយ​ថា ​មេ​ដឹក​នាំ​អង្គការ​អូតង់​បាន​ព្រមព្រៀង​គ្នា​បែងចែក​ព័ត៌មាន​អំពី​ពលរដ្ឋ​ របស់​ខ្លួន​ ដែល​ទៅ​ប្រទេស​អ៊ីរ៉ាក់​ប្រយុទ្ធ​នឹង​ពួក​សកម្ម​ប្រយុទ្ធ​ ហើយ​បន្ទាប់​មក​ព្យាយាម​វិល​ត្រឡប់​ទៅ​អឺរ៉ុប​ និង​អាមេរិកខាង​ជើង​វិញ។​

នៅ​ឯ​កិច្ចប្រជុំ​នៅ​ប្រទេស ​Wales នេះ​មាន​ការ​ចូល​រួម​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា.​ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ស.រ.អា.​ ហើយ​និង​សមភាគី​របស់​គេ​មក​ពី​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ជា​ច្រើន ​ហើយ​និង​ប្រទេសជា​ដៃ​គូ ​ដ​ទៃ​ទៀត។​ កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​បង្កើត​កងកម្លាំង​ពហុជាតិ។ ​រដ្ឋមន្ត្រី​ទាំង​អស់​ក៏​បាន​ព្រម​ព្រៀង​គ្នា​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ ថ្មី​របស់​ប្រទេស​អ៊ីរ៉ាក់​ដែរ​ នៅ​ពេល​រដ្ឋាភិបាល​នេះ​ចូល​កាន់​តំណែង​ ដើម្បីព្យាយាម​ធ្វើឲ្យ​ស្ថាន​ការណ៍​ប្រសើរ​ឡើង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ អ៊ីរ៉ាក់​ដែល​គេ​មាន​ជំនឿ​ថា ​វា​នឹង​បន្ថយ​ឥទ្ធិពល​ដែល​ជំរុញ​ឲ្យ​ជនជាតិ​អ៊ីរ៉ាក់​ចូល​រួម​ជាមួយ​ពួកសកម្ម​ប្រយុទ្ធ​នោះ៕

លោក​ពិន ស៊ីសុវណ្ណ​សូមជូន​សេចក្តី​ប្រែ​សម្រួល