ប្រទេស​ជិត​២០០​ចាប់​ផ្តើម​កិច្ចប្រជុំ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ប្រទេស​ប៉ូឡូញ

លោក Patricia Espinosa (រូប​កណ្តាល) ធ្វើ​សន្និសីទ​កាសែទ​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​អាកាសធាតុ COP24 ក្នុង​ក្រុង Katowice ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។

គណៈប្រតិភូ​មក​ពី​ជិត​២០០​ប្រទេស​បាន​ចាប់​ផ្តើម​កិច្ចប្រជុំ​ស្តីពី​អាកាសធាតុ​ដែល​មាន​រយៈពេល​ពីរ​សប្តាហ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ប្រទេស ប៉ូឡូញ បី​ឆ្នាំ​បន្ទាប់​ពី​សន្ធិសញ្ញាអាកាសធាតុ​ទីក្រុង​ ប៉ារីស ​លក្ខណៈ​ប្រវត្តិសាស្ត្រ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង ប៉ារីស។

កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល G20 ក្នុង​ប្រទេស​អាហ្សង់ទីន ដែល​មាន​១៩​ប្រទេស​ចូលរួម​បាន​បញ្ចប់​កាល​ពី​សប្តាហ៍​កន្លង​ទៅ ដោយ​ប្តេជ្ញា​គោរព​ទៅ​តាម​សន្ធិសញ្ញា​ទីក្រុង ប៉ារីស របស់​ពួកគេ។ សហរដ្ឋអាមេរិក​គឺ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​មិន​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ដោយ​រដ្ឋបាល​លោក ត្រាំ ប្រកាស​ថា អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​នេះ។

កិច្ចប្រជុំ​ក្នុង​ទីក្រុង Katowice ប្រទេស ប៉ូឡូញ មាន​គោលបំណង​ស្វែងរក​វិធីសាស្ត្រ​នានា​ដើម្បី​ឲ្យ​ប្រទេស​ទាំងអស់​អាច​សម្រេច​នូវ​គោលដៅ​ដែល​បាន​កំណត់​កាល​ពី​ឆ្នាំ​២០១៥​បាន។ គោលដៅ​ទាំង​នោះ​រួម​មាន​ដូចជា​ការ​រក្សា​ការ​កើនឡើងកម្តៅ​សកលលោកឲ្យ​នៅ​ក្រោម​ពីរ​អង្សាសេ ​និង​ធានា​ថា​នឹង​មាន​ដំណើរការ​ផ្លាស់ប្ដូរ​ដ៏​យុត្តិធម៌​មួយ​សម្រាប់​ឧស្សាហកម្ម​ប្រេង​ឥន្ធនៈ​ផូស៊ីល​ដែល​កំពុង​ប្រឈម​នឹង​ការ​បិទទ្វារ​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់៕