យុវជន​ដែល​ចេញ​មុខ​តវ៉ា​រឿង​ចេញ​បណ្ណ​ស្នាក់​នៅ​សម្រាប់​ជនជាតិ​វៀតណាម​ត្រូវ​បាន​ចាប់​ខ្លួន

រូបឯកសារ៖ លោក ធែល ធីលែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ​​ បន្ទាប់ពីបាន​ដាក់​ញត្តិ​​ នៅថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

នៅ​ក្នុង​សំណុំ​រឿង​ដែល​អង្គ​ហេតុ​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ​ យុវជន​ម្នាក់​ដែល​ចេញ​មុខ​កាល​ពី​ពេល​ថ្មីៗ​រិះគន់​ការ​ចេញ​បណ្ណ​ស្នាក់​អចិន្ត្រៃយ៍​សម្រាប់​ជនជាតិ​វៀតណាម ​និង​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​នៅ​កម្ពុជា​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ។ ​ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា ​ជា​ការ​បំភិត​បំភ័យ​យុវជន​ផ្សេង​ទៀត ​ដែល​សកម្ម​នឹង​បញ្ហា​សង្គម។​

បើ​តាម​ដីកា​បង្គាប់​ឱ្យចាប់​ខ្លួន​ ចុះ​ថ្ងៃ​ទី​៤ ​ខែ​តុលា ​ឆ្នាំ​២០២២ ​ ដែល​វីអូអេ​ទទួល​បាន ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កណ្តាល​ លោក​ ប្លុង វិសាល​ បាន​បង្គាប់​ឱ្យចាប់​ខ្លួន ​លោក ​ធែល ធីលែន ​អាយុ​៣២​ឆ្នាំ ​ហើយ​សកម្មជន​រូប​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន ​កាល​ពី​ថ្ងៃ​អង្គារ។​

ដីកា​របស់​តុលាការ​បញ្ជាក់​ថា ​ជន​នេះ​«ត្រូវ​ដាក់​ឱ្យស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​លួច​លក់​អចលន​ទ្រព្យ​របស់​អ្នក​ដទៃ​ដែល​មិន​មែន​ជា​របស់​ខ្លួន»​ ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ដូនហែម ​ឃុំ​ព្រែក​អំពិល​ ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​កណ្តាល​ កាល​ពី​អំឡុង​ឆ្នាំ​២០១៦​ ហើយ​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​២៥៥​នៃ​ច្បាប់​ភូមិបាល។​

មាត្រា​២៥៥​នៃ​ច្បាប់​ភូមិ​បាល​ចែង​ថា ជន​ណា​ដែល​បាន​លួច​លក់ ​ឬ​លួច​បញ្ចាំ​អចលន​វត្ថុ ​ដែល​មិន​មែន​ជា​របស់​ខ្លួន​ ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ដល់​៣​ឆ្នាំ​ ដោយ​មិន​គិត​ដល់​ព្យសន​កម្ម ​ដែលបណ្ដាល​មក​ពី​អំពើ​របស់​ខ្លួន។​

លោក ​អ៊ំ ឈុម ​អាយុ​៤១​ឆ្នាំ ​ដែល​ជា​សមាជិក​ក្នុង​ក្រុម​យុវជន​ជាមួយ​លោក ​ធែល ធីលែន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ លោក​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​ចាប់​ដាក់​ក្នុង​រថយន្ត​ជាមួយ​គ្នា​ដែរ ​កាល​ពី​ព្រឹកថ្ងៃ​អង្គារ​ ម៉ោង​ជាង​១១​ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​បាន​ទម្លាក់​រូប​លោក​ចុះ​ពី​រថយន្ត​វិញ ​ប៉ុន្តែ​លោក​ ធែល ធីលែន ​ត្រូវ​បាន​នាំ​ខ្លួន​បន្ត​ទៀត។​

លោក​បន្ថែម​ថា​ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​យុវជន​បាន​ស្នើ​សុំ​ធ្វើ​បាតុកម្ម​សម្តែង​មតិ​ទាក់​ទង​នឹង​ការ​ចេញ​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​សម្រាប់​ជន​ជាតិ​វៀតណាម​ ប៉ុន្តែ​ការ​ស្នើ​សុំ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​សាលា​រាជធានី​ភ្នំពេញ​ឡើយ។​

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​លើក​ឡើង​ថា ​ការ​ចាប់​ខ្លួន​នេះ​មិន​ខុស​ពី​ការ​ចាប់​ខ្លួន​យុវជន​បរិស្ថាន​ផ្សេង​ទៀត ​នៅ​ពេល​ដែល​ពួកគេ​ចូល​រួម​សកម្មភាព​ក្នុង​ការងារ​សង្គម។ ​លោក​ចាត់​ទុក​ថា​ នេះ​ជា​ទម្រង់​មួយ​នៃ​ការ​គំរាម​កំហែង។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ករណី​នេះ ​គេ​មើល​ឃើញ​គាត់ ​ដោយ​សារ​តែ​គាត់​ចូលរួម​សកម្ម​នៅ​ក្នុង​ការងារ​សង្គម​ហ្នឹង ​បាន​មាន​ការ​ចាប់​ខ្លួន​ម្សិល​មិញ​នេះ។ ​អ៊ីចឹងបើ​មើល​ទៅ ​ វា​ជា​ការ​គំរាម​កំហែង ​ការ​បំភិត​បំភ័យ ​បន្ទុច​បង្អាក់​នៃ​សកម្ម​ភាព​សង្គម​របស់​យុវជន​រូប​នេះ ​ក៏​ដូច​ជា​យុវជន​ដែល​ចូលរួម​ជាមួយ​គាត់»។​

កាល​ពី​កន្លង​ទៅ ​លោក ​ធែល ធីលែន ​ក៏​បាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​ការបង្កើតដេប៉ាតឺម៉ង់ភាសា​វៀតណាមនៅកម្ពុជា​ផង​ដែរ។​

លោក​ សូ សារិន​ អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​ខេត្ត​កណ្តាល​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​លោក ​ធែល ធីលែន ​ត្រូវ​បាន​ឃាត់​ខ្លួន ​និង​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​តុលា ​ឆ្នាំ​២០២២ ​ក្នុង​សំណុំ​រឿង​ដែល​ប្តឹង​ដោយ​ភាគី​ដើម​បណ្តឹង​ ចុះ​ថ្ងៃ​ទី​២៨ ​ខែ​តុលា ​ឆ្នាំ​២០២០។​ លោក​បន្ថែម​ថា​ សំណុំ​រឿង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​សួរ​នៅ​ឡើយ។​

នៅ​ពេល​សួរ​ថា​ តើ​ហេតុ​អ្វី​យុវជន​រូប​នោះ​ទើប​ត្រូវ​បាន​ចាប់​ខ្លួននា​ពេល​នេះ ​ លោក សូ សារិន ​បាន​ថ្លែង​ថា៖​ «សម្រាប់​ខ្ញុំ​មិន​ដឹង​ថា ​យ៉ាងណា​ទេ​បង ​សំខាន់​បទ​ល្មើស​ដែល​មាន​ការ​ចោទ​ប្រកាន់​មក​នេះ​ គឺ​ជា​បទ​ល្មើស​លួច​លក់​អចលន​វត្ថុ​របស់​អ្នក​ដទៃ​ដែល​មិន​មែន​ជា​របស់​ខ្លួន។​ អ្វី​ដែល​ខ្ញុំ​អាច​ផ្តល់​ព័ត៌មាន​ជូន​បង​បាន ​គឺ​ប៉ុណ្ណឹង»។

លោក ​ផៃ ធែល ​អាយុ​៥៤​ឆ្នាំ ​ជា​ឪពុក​របស់​លោក​ ធែល ធីលែន ​ប្រាប់​វីអូអេ​ថា​ លោក​បាន​ផ្តល់​ដី​ឱ្យ​កូន​ប្រុស​ និង​កូន​ប្រសា ​ដែល​មាន​ទទឹង​១៦,៥​ម៉ែត្រ ​និង​បណ្តោយ​៥០​ម៉ែត្រ ​ដែល​ជា​ដីកេរ​របស់​ម្តាយ​ឪពុក។​ លោក​បន្ថែម​ថា​ ដី​នោះ​នៅ​មាន​ជម្លោះ​រវាង​រូប​លោក ​និង​បងស្រី​បង្កើត​របស់​លោក ​ដែល​បាន​ប្តឹង​លោក ​ធែល ធីលែន ​រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​មក​ដល់​ពេល​នេះ។ ​លោក​បន្ថែម​ថា ​ដី​នោះ​បច្ចុប្បន្ន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ម្ចាស់​បំណុល​ម្នាក់ ​ដែល​កូន​ប្រុស​របស់​លោក​បាន​ជំពាក់​លុយ​គេ។​

ទោះ​ជាយ៉ាងណា ​លោក​បញ្ជាក់​ថា​ ការ​ចាប់​ខ្លួន​កូន​ប្រុស​របស់​លោក​ប្រហែល​ជា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចេញ​មុខ​តវ៉ា​របស់​កូន​ប្រុស ​កាល​ពី​ពេល​ថ្មីៗ។ ​លោក​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​កូន​ប្រុស​ដើម្បី​លោក​អាច​មក​ជួប​ជុំ​គ្រួសារ​ ដែល​មាន​កូន​៣​នាក់​ក្នុង​បន្ទុក។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«វា​ប្រហែល ​វា​អាច​ពាក់​ព័ន្ធ​ខ្លះ​ហើយ​លោក​គ្រូ។​ វា​មិន​អត់​ទេ។ វា​ឱកាស​និយម​រឿង​ហ្នឹង។ វា​មិន​មែនតែរឿង​ដី​ធ្លី​ប៉ុណ្ណឹង​ទេ។ ​ខ្ញុំ​សូម​ឱ្យ​តុលាការ​ហ្នឹង​ឈរ​លើ​អព្យាក្រឹត តុលាការ​ហ្នឹង​ចេញ​ពី​ក្រសួង​យុត្តិធម៌​ដែល​មាន​ដង​ជញ្ជីង»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​១៩ ​ខែ​កញ្ញា ​ឆ្នាំ​២០២២ ​ យុវជន​មួយ​ក្រុម​ដែល​បាន​លោក ធែល ធីលែន ​ដែរ ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ​ប្រឆាំង​នឹង​ការ​ផ្តល់​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ឱ្យ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​នៅ​កម្ពុជា។ ​ពួកគេ​បាន​ស្នើ​ឱ្យ​ក្រសួង​បញ្ឈប់​ការ​ផ្តល់​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ឱ្យ​ជនជាតិ​វៀតណាម៕