ការប្រកួតប្រជែងថ្នាក់ជាតិមួយតាមរយៈការធ្វើ Robot ឬរូបយន្តក្នុងទឹក ដោយសិស្សវិទ្យាល័យកម្ពុជា នឹងប្រារព្ធឡើងជាលើកដំបូងនាដើមខែមីនានេះ។
ការប្រកួត robot ឬរូបយន្តថ្នាក់ជាតិនេះគឺជាផ្នែកមួយនៃមហោស្រពលើកទីបួននៅកម្ពុជាស្តីពីវិទ្យាសាស្ត្រ និងវិស្វកម្ម ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា នាពហុកីឡាដ្ឋានជាតិអូឡាំពិក។
សិស្សានុសិស្ស ដែលចូលរួមប្រកួត មកពីវិទ្យាល័យរដ្ឋ និងឯកជន ហើយក្រុមនីមួយៗមានសមាជិក៣នាក់។
ថ្វីបើការប្រកួតនេះតម្រូវឲ្យមានការធ្វើ robot ឬរូបយន្ត ដែលដំណើរការក្នុងទឹក ដែលអាចជំរុញឲ្យសិស្សានុសិស្សមានគំនិតច្នៃប្រឌិតខាងបច្ចេកវិទ្យាក៏ដោយ ក៏គោលបំណងសំខាន់បំផុតនៃការប្រកួតនេះគឺផ្តោតលើការធ្វើការងារជាក្រុមដើម្បីដោះស្រាយបញ្ហា។ នេះបើតាមការឲ្យដឹងពីលោក តាន់ អេលែន (Allen Tan) ជានាយកគ្រប់គ្រងអង្គការស្ទែមកម្ពុជា ដែលជាអង្គការរៀបចំមហោស្រពវិទ្យាសាស្ត្រនិងវិស្វកម្មនៅកម្ពុជា។
លោក តាន់ អេលែន បានឲ្យដឹងថា ៖
«គោលបំណងនៃការប្រកួតនេះគឺមិនមែនបង្រៀនផ្នែកបច្ចេកទេសនោះទេ តែវាជាការបង្រៀនអំពីការធ្វើការងារជាក្រុម និងការប្រើប្រាស់សមត្ថភាពដោះស្រាយបញ្ហា ដោយប្រើប្រាស់មុខវិជ្ជាស្ទែម»។
អង្គការស្ទែមកម្ពុជាបានឧបត្ថម្ភឧបករណ៍សម្រាប់ធ្វើ robot ឬរូបយន្ត ដល់សិស្សវិទ្យាល័យរដ្ឋចំនួន១៥ និងបណ្តុះបណ្តាលពីរបៀបធ្វើ robot ឬរូបយន្ត តាមរយៈគ្រូនិងអ្នកណែនាំ (mentors) មកពីមហាវិទ្យាល័យ មុននឹងធ្វើការប្រកួតនៅឯមហោស្រពវិទ្យាសាស្ត្រនោះ។
ការប្រកួតប្រជែងនេះគឺពឹងផ្អែកលើមូលដ្ឋាននៃការប្រកួតមួយនៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា Marine Advanced Technology Education (MATE) Remotely Operated Vehicles (ROV) Competition ឬប្រែសម្រួលជាភាសាខ្មែរថា ការប្រកួតធ្វើឧបករណ៍បញ្ជាពីចង្ងាយដោយប្រើប្រាស់ការអប់រំបច្ចេកវិទ្យាជាន់ខ្ពស់ដើម្បីសិក្សាពីសមុទ្រ។
លោក អាំង លី ដែលជាអ្នកស្ម័គ្រចិត្តនៃអង្គការស្ទែមកម្ពុជា និងជាអ្នកណែនាំ (mentor) ឲ្យក្រុមសិស្សមកពីវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងការប្រកួតកូនសិស្សនឹងទទួលបាន scenario (បញ្ហា)មួយ ដែលពួកគេត្រូវធ្វើការរួមគ្នាដោះស្រាយ។
លោក អាំង លីបានលើកឧទាហរណ៍ថា៖
«ឧទារហរណ៍ថា មាន aircraft (យន្តយោះ) មួយធ្លាក់នៅតំបន់ឈូងសមុទ្រមួយ។ តើវានៅប្រវែងណា ជម្រៅប៉ុន្មាន ហើយឲ្យកូនសិស្សគណនាទីតាំងដែលធ្លាក់ហ្នឹង ហើយបានយក robot (ឬរូបយន្ត) ខ្លួនឯងហ្នឹង ទៅចុះក្នុងទឹកដើម្បីរក ក៏ប៉ុន្តែ robot (ឬរូបយន្ត) របស់កូនសិស្សហ្នឹងមិនមែនខ្លាំងរហូតទៅចុះយកឥវ៉ាន់អីបានទេ គ្រាន់តែជា basic robot (ឬរូបយន្ត)មួយ»។
ការធ្វើ robot ឬរូបយន្តនេះគឺមានលក្ខណៈសាមញ្ញ ដោយប្រើប្រាស់ម៉ូទ័រចំនួន៣ អាចធ្វើចលនាឡើងចុះ ទៅមុខ ទៅក្រោយ និងបត់ឆ្វេង បត់ស្តាំបាន។
អ្នកឈ្នះការប្រកួតលើកនេះនឹងអាចត្រូវបានបញ្ជូនទៅប្រកួតបន្តនៅសហរដ្ឋអាមេរិក ឬប្រកួតក្នុងកម្រិតតំបន់បន្ថែមទៀត អាស្រ័យលើមូលនិធិ ដែលរៃអង្គាសបាននាពេលបន្ទាប់។
ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជំរុញគោលនយោបាយអប់រំលើមុខជំនាញ STEM និងបង្កើតឲ្យមានមហោស្រពជាតិស្តីអំពីវិទ្យាសាស្ត្រ និងវិស្វកម្មដំបូងបំផុតនៅឆ្នាំ២០១៥មកដល់ឆ្នាំ២០១៨នេះ អ្នកជំនាញលើវិស័យ STEM មើលឃើញថា វាគឺជាពេលវេលាដែលកម្ពុជាត្រូវបង្កើនបន្ថែមនូវប្រសិទ្ធភាពធនធានមនុស្សចេញជំនាញ STEM ប្រកបដោយវិជ្ជាជីវៈដើម្បីបំពេញទីផ្សារការងារ។
លោក តាន់ អេលែន បាននិយាយថា៖
«យើងបានឃើញការផ្លាស់ប្តូរជាច្រើន ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្នុងទិសដៅត្រឹមត្រូវមួយ។ យើងគិតថា យើងបានសម្រេចការលើកកម្ពស់ការយល់ដឹងកម្រិតថ្នាក់ជាតិ ហើយជំហានបន្ទាប់គឺការអនុវត្ត។ យើងត្រូវធ្វើឲ្យប្រាកដថា យើងត្រូវប្រែការយល់ដឹងអំពីស្ទែម ហើយឲ្យមានសន្ទុះសិស្សរៀនចប់ជំនាញនេះ ទាំងនៅថ្នាក់បរិញ្ញាប័ត្រ និងវគ្គជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់មកចូលទៅក្នុងវិស័យការងារ»។
ក្រៅពីការប្រកួតធ្វើ robot ឬរូបយន្តក្នុងទឹក និងពិព័រណ៍នានាទាក់ទងនឹងជំនាញស្ទែម មហោស្រពនេះក៏ធ្វើការសម្ពោធយុទ្ធនាការ «ស្ទែមដើម្បីអនាគតខ្ញុំ» អមដោយបទចម្រៀងនិពន្ធផ្ទាល់ ការប្រគុំតន្ត្រី និងសហការរួមជាមួយ YSEALI ស្តីពីសិក្ខាសិលាថ្នាក់តំបន់អាស៊ាន ទាក់ទងនឹងស្ទែមផងដែរ៕