នគរបាលជាតិ​ប្រកាស​បង្រ្កាប​អ្នក​បង្ក​ចលាចល​នយោបាយ​តាម​បណ្តាញ​សង្គម

​សមត្ថកិច្ច​កម្ពុជាអះអាងថា នឹង​បង្រ្កាប​ភ្លាមៗ​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​បំពាន​ច្បាប់ ​ដើម្បី​បង្កា​កុំ​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម។

រដ្ឋាភិបាល​ប្រកាស​ពង្រឹង​ការ​តាមដាន​ និង​ក្តាប់​ព័ត៌មាន​របស់​អង្គការ​សង្គម​ស៊ីវិល ​និង​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​ ព្រមទាំង​បញ្ជា​ឲ្យ​ចាត់​វិធានការ​ភ្លាមៗ​តាម​ផ្លូវច្បាប់​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ចេតនា​បំពុល​បរិយាកាស​សង្គម​ បង្កើត​ឲ្យមាន​ភាព​ច្របូក​ច្របល់​ខាង​នយោបាយ​គ្រប់​រូបភាព។​

របាយ​ការណ៍​បូក​សរុប​សភាព​ការណ៍​ការងារ​រក្សា​សន្តិសុខ ​សណ្ដាប់​ធ្នាប់​សង្គម​ ប្រចាំ​ឆមាស​ទី​១ ​និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ​ឆ្នាំ​២០១៧​ របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ ​បង្ហាញ​ថា ​រយៈពេល​៦ខែ​កន្លង​ទៅ​ ​កម្ពុជា​បាន​ទប់ស្កាត់ និង​បន្សាប​ឥទ្ធិពល​នៃ​សកម្មភាព​ប៉ុនប៉ង​បង្ក​ចលាចល ​និង​អសន្តិសុខ​ផ្ទៃក្នុង​ជាតិ ​សកម្មភាព​ញុះញង់​តាម​រយៈ​ការ​សាប​ព្រោះ​មនោគម​វិជ្ជា​ជ្រុល​និយម​តាម​បែប​បដិវត្តន៍​ពណ៌ ​និ​ងបា​ន​ទប់ស្កាត់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ ដែល​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​«ជា​ពួក​អមិត្ត»។​

របាយ​ការណ៍​នោះ​បាន​បន្តថា ​ឆមាស​ទី២ ​ឆ្នាំ​២០១៧​ ជា​ពេល​វេលា​សំខាន់​ក្នុងការ​ត្រៀម​ខ្លួន​សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨ ​ដូច្នេះ​ដើម្បី​ធ្វើឲ្យ​ព្រឹត្តិ​ការណ៍​ប្រជា​ធិបតេយ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សុវត្ថិភាព ​និង​ទទួល​បាន​ជោគ​ជ័យ​ដូច​ការ​គ្រោង​ទុក​ វិធានការ​ពង្រឹង​សន្តិសុខ​ សណ្តាប់ធ្នាប់​គឺជា​ការងារ​ចាំបាច់។​

របាយ​ការណ៍​ដដែល​នោះ​បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ពង្រឹង​វិធានការ​ជំនាញ​គ្រប់គ្រង ​និង​ក្តាប់​ព័ត៌​មាន​គ្រប់​សមាសភាព​នៃ​អង្គការ​សង្គម​ស៊ីវិល ​ពិសេស​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង ​(ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស)​ សំដៅ​រក​ឲ្យ​ឃើញ ​និង​ចាត់​វិធានការ​បន្សាប​ឥទ្ធិពល ​ឬ​លុប​នូវ​ឧបាយ​កល​ញុះញង់​បំបែក​បំបាក់​សាមគ្គីភា​ព​ប្រជាជាតិ ​ការ​ប៉ុនប៉ង​បង្ក​អស្ថិរភាព​សង្គម ​និង​បង្កើត​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​ខាង​នយោបាយ​គ្រប់​រូបភាព។ ​លើក​កម្ពស់​គុណភាព​ការងារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​ពិសេស​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​បំពុល​បរិយាកាស​សន្តិសុខ ​ក្នុង​ចេតនា​បង្ក​ចលាចល​សង្គម។​ ជាមួយ​នោះ​ត្រូវ​ជំរុញ​ការ​គ្រប់គ្រង​មុខ​សញ្ញា​គោលដៅ​ដែល​មាន​និន្នាការ​ប្រឆាំង​រាជរដ្ឋាភិបាល ​ដើម្បី​មាន​វិធានការ​បង្កា​ ទប់ស្កាត់ ​និង​បង្រ្កាប​ក្នុង​ករណី​ចាំបាច់»។​

នាយ​ឧត្តម​សេនីយ៍​ គៀត ច័ន្ទថារិទ្ធ​ ជា​អ្នកនាំពាក្យ​ និង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ ​ប្រាប់​អ្នក​សារព័ត៌​មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​បូក​សរុប​សភាព​ការណ៍​«លទ្ធផល​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ ​សណ្តាប់​ធ្នាប់​សង្គម ​ប្រចាំ​ឆមាស​ទី១ ​និង​លើក​ទិសដៅ​ឆមាស​ទី២ ​ឆ្នាំ​២០១៧»​ កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា​ អគ្គស្នងការ​នគរ​បាល​ជាតិ​នឹង​បង្កើន​សមត្ថភាព​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​ ដើម្បី​ចាត់​វិធានការ​តាមដាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ​លោក​បន្ថែម​ថា ​សមត្ថកិច្ច​នឹង​បង្រ្កាប​ភ្លាមៗ​ ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​បំពាន​ច្បាប់ ​ដើម្បី​បង្កា​កុំ​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម។​

«ភារកិច្ច​នគរបាល​គឺ​ត្រូវ​តែធ្វើ​ម៉េចរក្សា​សន្តិសុខ ​សង្គម​ មាន​ន័យ​ថា​ កុំ​ឲ្យ​គេ​ប្រើ​អាហ្នឹង​ទៅ​ប្រព្រឹត្ត​បទល្មើស ​កុំឲ្យ​គេ​ប្រើ​អាហ្នឹង​ទៅ​បំពុល​បរិយាកាស​ដែល​បង្ក​ឡើង​នូវ​អសន្តិ​សុខ​ ឬ​ក៏​ធ្វើ​បាប​ប្រជា​ពលរដ្ឋ។ ​អីចឹង​សំខាន់​បំផុត ​នគរបាល​ជា​អ្នក​អនុវត្ត​ច្បាប់ ​អីចឹង​នគរបាល​មើល​អ្វីៗ​ទាំង​អស់ ​និង​ផ្ទៀងផ្ទាត់​ជាមួយ​ច្បាប់។​ បើ​ការ​បង្ហោះ ​ការ​ប្រើប្រាស់​ហ្នឹង​វា​សមស្រប​ វា​មាន​ផល​ប្រយោជន៍​ដល់​សង្គម​ អាហ្នឹង​វា​មិន​បញ្ហា​ទេ។​ ប៉ុន្តែ​បើ​ការ​បង្ហោះ​ហ្នឹង​ វា​ប៉ះពាល់​ និយាយ​រួម​គឺ​បំពានច្បាប់​ ឲ្យ​តែ​បំពាន​ច្បាប់​នគរបាល​ចាត់ចែង​អនុវត្ត​ហើយ»។​

លោក សំ ចាន់គា​ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក​ បាន​សារទរ​ចំពោះ​ចំណាត់​ការ​លើអ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ ដែល​មាន​ចេតនា​បង្ក​អសន្តិសុខ​សង្គម។​ ប៉ុន្តែ​លោ​កថា​ ការ​អនុវត្ត​លើស​ពី​វិធានការ​ដែល​បាន​ចែង​នោះ​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។​

លោក​ សំ ចាន់គា ​បាន​បន្ថែម​ប្រាប់ ​VOA​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​ប្រកាស​ពី​វិធានការ​ស៊ើប​អង្កេត ​និង​ឃ្លាំ​មើល​គ្រប់​សកម្មភាព​របស់​សង្គម​ស៊ីវិល​ គឺជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​លើ​ការ​អនុវត្ត​ការងារ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល។​

«អគ្គស្នងការ​នគរបាល​ជាតិ​ដាក់​បញ្ជា​ឲ្យ​ធ្វើការ​ស៊ើប​អង្កេត​ទៅលើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ ហើយ​យក​លេស​ដែល​គេ​រិះគន់ ​គេ​បញ្ចេញ​មតិ​ហ្នឹង ​ទៅ​ជា​ការ​ញុះញង់​ បង្ក​អសន្តិសុខ។​ នេះ​ជាការ​គំរាមកំហែង​មួយ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល»។​

ជា​ទូទៅ​ ​គេ​ឃើញ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ រួមទាំង​ក្រុម​អ្នក​នយោបាយ​ស្ទើរ​គ្រប់​គណបក្ស ​តែង​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ឃោសនា​នយោបាយ​ ស្វែង​រក​ប្រជាប្រិយភាព​ និង​សម្តែង​មតិ ​ឬ​រិះគន់​បញ្ហា​ផ្សេងៗ។ ​ក្នុងនោះ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ក៏បាន​រងការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​សកម្មភាព​មួយ​ចំនួន​តាម​រយៈ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​នេះ​ផង​ដែរ។​

VOA ​មិនអាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ក្រុម​មន្រ្តី​ជាន់​ខ្ពស់ ​និង​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ ​រហូត​មកដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

ថ្មីៗ​នេះ សមត្ថកិច្ច​ទើប​តែ​ឃាត់​ខ្លួន​យុវជន​ចំនួន​២​នាក់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ប៉ះពាល់​ដល់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។ ​ក្នុង​នោះ​ស្រ្តី​ម្នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួនពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ​បន្ទាប់ពី​ស្រ្តី​នោះ​បង្ហោះ​សារ​ដែល​ថា ​លោក ​ហ៊ុន សែន ​និង​ក្រុម​គ្រួសារ​របស់​លោក​ជាអ្នក​នៅ​ពីក្រោយ​ការ​ស្លាប់​លោក​ កែម ឡី​ អ្នក​វិភាគ​នយោបាយ។​ រីឯ​យុវជនម្នាក់​ទៀត​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​និង​ឃុំ​ខ្លួន​ពី​បទ​គំរាម​កំហែង​ថា ​សម្លាប់​ បន្ទាប់ពី​យុវជន​រូប​នោះ​បង្ហោះ​សារ​គំរាម​សម្លាប់​លោក ​ហ៊ុន សែន ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ក្រៅពី​ពួកគេ​ទាំង​ពីរ​នាក់​នេះ​ ក៏​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​មកសួរ​នាំ​ពាក់ព័ន្ធ​នឹង​ករណី​ស្រដៀង​គ្នា​នេះ​ដែរ៕