នាយក​ទីភ្នាក់ងារ​ឧទ្យាន​ជាតិ​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​ការ​៤០ឆ្នាំ​របស់​លោក

ជា​រៀងរាល់​ឆ្នាំ មាន​មនុស្ស​ប្រមាណ​ជា ៥លាន ទៅ​ទស្សនា​ជញ្ជាំង​ថ្ម​ធម្មជាតិ Grand Canyon ដែល​មាន​ជម្រៅ​១.៦០០ម៉ែត្រ នៅ​ឧទ្យាន​ជាតិ Canyon National Park ក្នុងរដ្ឋអារីហ្សូណា។

ជារៀងរាល់​ឆ្នាំ​ មនុស្ស​ច្រើន​ជាង​៣០០លាន​នាក់​មក​ពី​ជុំ​វិញ​ពិភពលោក​បាន​ទៅ​ទស្សនា​ឧទ្យានជាតិ​របស់​អាមេរិក។

សម្បត្តិ​ធម្មជាតិ​របស់​អាមេរិក

ពួកគេ​មក​ទី​នេះ​ដើម្បី​ទស្សនា​ទេសភាព​ដ៏​អស្ចារ្យ​ដូចជា​ឧទ្យានជាតិ Grand Canyon និង​ឧទ្យានជាតិ Yosemite ហើយ​ដើរ​កម្សាន្ត​នៅ​តំបន់​ដែល​មាន​ដើមឈើ​ sequoia ដែល​មាន​ទំហំ​ធំ​មហាសាល និង​ទៅ​មើល​សត្វ​ចចក ក្របី​ព្រៃ Bison និងខ្លា​ឃ្មុំ​នៅ​ក្នុង​ជម្រក​ធម្មជាតិ​របស់​ពួកគេ។​

សម្បត្តិ​ធម្មជាតិ​ទាំង​នេះ រួម​ជាមួយ​នឹង​អគារ​ប្រវត្តិសាស្ត្រ​ វិមាន​ប្រធានាធិបតី រូប​សំណាក និង​ទីលាន​សមរភូមិ​សង្គ្រាម​ស៊ីវិល​ចំនួន​រាប់​ពាន់​កន្លែង ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រដ្ឋ​នីមួយៗ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​៣២លាន​ហិចតា​ រាប់​ចាប់​ពី​តំបន់ Guam ដល់​តំបន់ Virgin Islands និង​រដ្ឋ Alaska ដែល​មាន​ចំនួន​សរុប​៤១២​កន្លែង។ តំបន់​ទាំង​នេះ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ទីភ្នាក់ងារ​ឧទ្យានជាតិ​របស់​អាមេរិក ដែល​ប្រារព្ធ​ខួប​១០០ឆ្នាំ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៧នេះ។

លោក Jonathan Jarvis ដែល​ជា​នាយក​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា៖

«សម្រាប់​១០០ឆ្នាំ​ចុងក្រោយ​នេះ ទីភ្នាក់ងារ​ឧទ្យានជាតិ​ត្រូវ​បាន​ចាត់​តាំង​ដោយ​រដ្ឋាភិបាល​អាមេរិក​ដើម្បី​គ្រប់គ្រង​តំបន់​ល្អៗ​បំផុត​របស់​អាមេរិក ដែល​តំណាង​ឲ្យ​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ​របស់​យើង។ ដូច្នេះ ការ​បម្រើ​ការ​នៅ​ទីភ្នាក់ងារ​នេះ​និង​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​នេះ​គឺ​ជា​ក្តី​សុបិន្ត​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ»។

លោក Jonathan Jarvis នាយក​ទីភ្នាក់ងារ​ឧទ្យាន​ជាតិ ក្នុង​អំឡុង​ពេល​ដើរ​កាត់​ក្នុង​ព្រៃ នៃ ឧទ្យានជាតិ Prince William Forest Park ក្នុងរដ្ឋវីជីញ៉ា។

លោក Jarvis បាន​ធ្វើ​ការ​នៅ​ទីភ្នាក់ងារ​ឧទ្យានជាតិ​អស់​រយៈពេល​៤០ឆ្នាំ និង​ជា​នាយក​ទីភ្នាក់ងារ​តាំង​ពី​ឆ្នាំ២០០៩​មក។ លោក​បាន​និយាយ​ថា៖«ខ្ញុំ​ចង់​និយាយ​ថា ទីភ្នាក់ងារ​ឧទ្យានជាតិ​នេះ​គឺ​ជា​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​តែ​មួយ​គត់​ ដែល​ទទួលខុសត្រូវ​ក្នុង​ការធានា​ថា​សាធារណជន​ពិត​ជា​ទទួល​បាន​ភាព​រីករាយ។ ដូច្នេះ យើង​មាន​កន្លែងកម្សាន្តជាច្រើន​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប​ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​មក​ពី​ជុំ​វិញ​ពិភពលោក​»។

មេរៀន​ប្រវត្តិសាស្ត្រ

លោក Jarvis និយាយ​ថា វា​ក៏​មាន​សារៈសំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ការ​ «រៀន​អ្វី​ម្យ៉ាង មិន​ថា​រៀន​ពី​ធម្មជាតិ​ ឬ​សិក្សា​ពី​សណ្ឋាន​ដី​ ឬ​បម្រែ​បម្រួល​អាកាសធាតុ ប៉ុន្តែ​ក៏​អាច​រៀន​ពី​ប្រវត្តិសាស្ត្រ​ផង​ដែរ»។

ប្រវត្តិសាស្ត្រ​នេះ​រួម​មាន​កន្លែង​នានា​ដែល​រៀបរាប់​ពី​រឿងរ៉ាវ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​របស់​អាមេរិក។

អស់​រយៈពេល​៤០ ឆ្នាំ​ហើយ ដែល​ការដើរក្បួន​ដង្ហែ​ប្រចាំឆ្នាំ​ទៅ​ឧទ្យាន ​ប្រវត្តិសាស្រ្ត Manzanar National Historic ត្រូវ​បាន​ធ្វើ​ឡើង។ ឧទ្យាន​នេះ ធ្លាប់​ជា​ជំរំ​ឃុំឃាំង​មួយ​ក្នុង​ចំណោម​ជំរំ​ទាំង១០ ដែល​ពលរដ្ឋ​អាមេកាំង​ដែល​មាន​ដូនតា​ជា​ជន​ជាតិ​ជប៉ុន​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី២។

លោក​បាន​ផ្តល់​ឧទាហរណ៍​អំពី​តំបន់​ប្រវត្តិសាស្ត្រ Manzanar National Historic Site នៅ​ក្នុង​រដ្ឋ California ទី​កន្លែង​ដែល​រៀបរាប់​ពី​ការ​បង្ខាំង​ទុ​ និង​ការ​ចាប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ជប៉ុន​ជា​ចំណាប់ខ្មាំង​ ក្នុង​សង្គ្រាម​លោក​លើក​ទី២ នៅ​ក្រោម​បទបញ្ជា​នីតិប្រតិបត្តិ​របស់​លោក​ប្រធានាធិបតី Franklin Delano Roosevelt។

លោក Jarvis បាន​ពន្យល់​ថា៖«ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ជប៉ុន​ជាង​១០០.០០០នាក់​ត្រូវ​បាន​គេ​ផ្ជង់​នឹង​ដង​កាំបិត​និង​ចាប់​ដាក់​ជំរំ​ពន្ធនាគារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​សម័យ​សង្គ្រាម​ ដោយសារ​តែ​បញ្ហា​ជាតិ​សាសន៍​របស់​ពួកគេ។ ទីភ្នាក់ងារ​ឧទ្យានជាតិ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​រៀប​រាប់​ពី​រឿង​រ៉ាវ​ទាំង​នេះ​ផង​ដែរ»។

ទីភ្នាក់ងារ​ឧទ្យានជាតិ​គ្មាន​ថ្ងៃ​បញ្ចប់​នោះ​ទេ

លោក Jarvis បាន​និយាយ​ថា ការ​ងារ​ជា​នាយក​ទីភ្នាក់ងារ​ឧទ្យានជាតិ​គឺជា​ការងារ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​មួយ​ ប៉ុន្តែវា​ក៏​ជា​ «កិត្តិយស» ​មួយ​ផង​ដែរ។

Your browser doesn’t support HTML5

នាយក​ទីភ្នាក់ងារ​សេវា​ឧទ្យានជាតិ ចែក​រំលែក​ចំណេះដឹង​រយៈពេល​៤០​ឆ្នាំ​នៃ​ការធ្វើការ​ជាមួយ​ទីភ្នាក់ងារ​សេវាកម្ម​ឧទ្យាន​ជាតិ

«វា​ជា​ការងារ​ដ៏​ល្អ​បំផុត​មួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ ក្នុង​ការបម្រើ​ដល់​ពលរដ្ឋ​អាមេរិកាំង មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ ហើយ​និង​ការ​គ្រប់គ្រង​កន្លែង​ដ៏​អស្ចារ្យ​ទាំង​អស់​នេះ»។ លោក​មាន​បុគ្គលិក​ចំនួន​២២.០០០នាក់ និង​មាន​បុគ្គលិក​ស្ម័គ្រ​ចិត្ត​ចំនួន​៤០០.០០០នាក់​ ហើយ​និងត្រូវ​ទទួល​ភ្ញៀវទេសចរ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

លោក​បាន​លើក​ឡើង​ថា មាន​ភ្លើង​ឆេះ​ព្រៃ ការ​ផ្ទុះ​ភ្នំភ្លើង​ និង​ទឹក​ជំនន់។ ការ​ធ្វើ​វិសោធនកម្មច្បាប់​លើក​ទី១​ដែល​មាន​ការ​តវ៉ា​ប្រឆាំងដើម្បី​សេរីភាព​បញ្ចេញ​មតិ ការ​ធ្វើ​បាតុកម្ម ការ​ដើរ​ក្បួន និង​សកម្មភាព​និមិត្តរូប​នានាជុំ​វិញ​បញ្ហា​នានា ​ដូចជាការ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ទង់ជាតិ​សម្រាប់​បណ្តា​រដ្ឋភាគ​ខាង​ត្បូង​ដែល​ប្រើប្រាស់​ក្នុង​សង្គ្រាម​ស៊ីវិល ឬ​ហៅ​ថា (Confederate flag) និង​ការ​ទាម​ទារ​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ឬ​ច្បាប់ LGBT។

លោក​បាន​ថ្លែង​បន្ត​ថា៖«យើង​ចូលរួម​នៅ​ក្នុង​សកម្មភាព​ទាំង​អស់​នោះ ដើម្បី​ឲ្យ​យើង​អាច​មាន​លទ្ធភាព​ជួយ​ជាតិ​ឲ្យ​ឡើង​ដល់​កម្រិត​កំពូល»។

បញ្ហា​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​មាន​ពិត​មែន

លោក Jarvis បាន​និយាយ​ថា ទំនួល​ខុសត្រូវ​មួយ​ទៀត​ដែល​លោក​ត្រូវ​ដោះស្រាយ​គេ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។

ទោះ​បី​ជា​ឧទ្យានជាតិ​របស់​អាមេរិក​ទាំង​អស់​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​ក៏​ដោយ​ក្តី​ ក៏​ពួកគេ​មិន​មាន​អាច​ធន់​នឹង​ឥទ្ធិពល​នៃ​ការ​ឡើង​កម្តៅបាន​នោះ​ទេ។

ឧទ្យាន Glacier National Park ស្ថិត​នៅ​ជាប់​ព្រំប្រទល់​នឹង​ឧទ្យាន Waterton Lakes National Park របស់​ប្រទេស​កាណាដា ។ ឧទ្យាន​ទាំងពីរ ត្រូវ​បាន​គេ​កំណត់​ថា ជា​ឧទ្យាន​សន្តិភាព​អន្តរជាតិ​ទី១ ក្នុង​ពិភពលោក​ នៅ​ឆ្នាំ ១៩៣២។

លោកJarvis បាន​ទស្សន៍ទាយ​ថា ទឹកកក​នៅ​ក្នុង​ឧទ្យានជាតិ Glacier National Park «នឹង​បាត់​បង់​ក្នុង​រយៈពេល​២០ទៅ២៥​ឆ្នាំ» ហើយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ឧទ្យានជាតិ​និង​ដី​សាធារណៈ​ផ្សេងៗ​នឹង​កើត​ឡើង «មិន​តិច​ជាង​មួយ​ខែ​ទេ» ដែល​ជា​រយៈ​ពេល​យូរ​ជាង​កាលពី​ឆ្នាំ​មុនៗ។ លោក​និយាយ​ថា ដោយសារ​តែ​បញ្ហា​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ «ព្រៃ​ឈើ​ទាំង​នោះ​មិន​បាន​ដុះ​ឡើង​វិញ​បាន​ដូច​ដើម​នោះ​ទេ»។​

លើស​ពី​នេះ​ទៅ​ទៀត «យើង​កំពុង​ពិនិត្យ​មើល​ពពូជ​សត្វ​ដែល​ត្រូវ​ផ្លាស់ទី​លំនៅ​ ហើយ​និង​មិន​មាន​ផ្លូវ​តភ្ជាប់​រវាង​ឧទ្យាន​ជាតិ​និង​តំបន់​ការពារ»។

កន្លែង​ពិសិដ្ឋ​របស់​អាមេរិក

លោក Jarvis មាន​ការ​គាំទ្រ​ជា​ច្រើន​ក្នុង​ការ​ជួយ​ការពារ​ឧទ្យានជាតិ​ទាំង​នេះ ហើយ​ក៏​មាន​ការ​គាំទ្រ​ពី​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែល​នា​ពេល​ថ្មីៗ​នេះ​បាន​ថ្លែង​សុន្ទរកថា​នៅ​ឧទ្យានជាតិ Yosemite។

ថ្លែង​នៅខាង​មុខ​ទឹកជ្រោះ​នៃ​ឧទ្យានជាតិ Yosemite លោក​ប្រធានាធិបតី​បាន​និយាយ​ពី​សម្រស់​ធម្មជាតិ​នៅ​ជុំ​វិញ​លោក។ លោក​បាន​ថ្លែង​ថា៖

«ចូរ​ក្រឡេក​មើល​ទេសភាព​នេះ អ្នក​មិន​អាច​ថត​ទេសភាព​ទាំង​នេះ​ជាមួយ​នឹង iPad ឬ​ឧបករណ៍​ទំនើប​នានា ឬ​ជាមួយ​នឹង​ផ្ទាំង​គំនូរ​បាន​នោះ​ទេ។ អ្នក​ត្រូវ​តែ​មក​ទី​នេះ​ដើម្បី​ទស្សនា​វា​ដោយ​ផ្ទាល់​នឹង​ភ្នែក»។​

លោក​បាន​ថ្លែង​បន្ត​ថា៖

«មាន​អ្វី​ម្យ៉ាង​ដែល​ពិសិដ្ឋ​អំពី​កន្លែង​នេះ ហើយ​ខ្ញុំ​ជឿ​ថា នេះ​ជា​មូលហេតុ​ដែល​ជញ្ជាំង​នៃ​ជ្រលង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ជញ្ជាំង​ព្រះ​វិហារ​ឬ​ជញ្ជាំង​ដ៏​ពិសិដ្ឋ ដោយសារ​តែ​នៅ​ឧទ្យាន Yosemite នេះ​ យើង​មិន​ត្រឹម​តែ​ភ្ជាប់​ជាមួយ​នឹង​ព្រលឹង​របស់​យើង​ទេ ប៉ុន្តែ​ភ្ជាប់​ទៅ​នឹង​អ្វី​ម្យ៉ាង​ដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត។ វា​ស្ទើរ​តែ​ជា​ដួង​ព្រលឹង​របស់​អាមេរិកាំង​តែ​ម្តង​ ហើយ​វា​នៅ​ទី​នោះ»។​

ឧទ្យាន​ជាតិ Yosemite National Park នៅ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា មាន​ឈ្មោះ​ល្បី​ដោយសារ​មាន​ទស្សនីយភាព​ជា​និម្មិតរូប​ដូចជា ទឹកជ្រោះ​ធ្លាក់​ពី​ទី​ដ៏​ខ្ពស់ Bridalveil Fall ជញ្ជាំង​ថ្ម​ម៉ាប El Capitan និង​ផ្ទាំងថ្ម​ដែល​មាន​រាង​ដូច​កំពូល​រាង​មូល​ពាក់កណ្តាល។

អតីតប្រធានាធិបតី​រូប​នេះ​ បាន​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ក្រើនរំឭក​ដល់​គ្រប់​គ្នា​អំពី​បញ្ហា​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ។

លោក​បាន​ថ្លែង​បន្ថែម​ថា៖«ដូច្នេះ​ នៅ​ពេល​យើង​មើល​ទៅ​កាលពី​១០០ឆ្នាំ​មុន មាន​ការ​ប្រារព្ធ​ពិធី​ជាច្រើន​ទាក់ទង​នឹងឧទ្យានជាតិ​ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ច្រណែន​នោះ។ ប៉ុន្តែ​នៅ​ពេល​យើង​ក្រឡេក​មើល​ទៅ​សតវត្សរ៍​បន្ទាប់​ គឺ​១០០​ឆ្នាំ​ទៅ​មុខ​ទៀត ការងារ​ការពារ​កន្លែង​ដ៏​ពិសិដ្ឋ​របស់​យើង​គឺ​រឹត​តែ​សំខាន់។ ហើយ​បញ្ហា​ប្រឈម​ធំ​បំផុត​ក្នុង​ការ​ការពារ​កន្លែង​ពិសិដ្ឋ​ទាំង​នេះ​គឺ​បញ្ហា​នៃ​ការ​ប្រែ​ប្រួលអាកាសធាតុ»។

«មិន​ត្រូវ​ធ្វើ​ខុស​នោះ​ទេ។ បញ្ហា​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​មិន​មែន​ជា​ការ​គំរាម​កំហែង​ទៀត​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​ដែល​កំពុង​កើតឡើង​ពិត​ប្រាកដ»។

ពី​សង្គ្រាម​ស៊ីវិល​ទៅ​សិទ្ធិ​ស៊ីវិល

ខណៈ​ដែល​ទីភ្នាក់ងារ​ឧទ្យានជាតិ​បោះ​ជំហាន​ចូល​សតវត្សរ៍​ទី​២​របស់​ខ្លួន លោក Jarvis និយាយ​ថា លោក​មាន​គម្រោង​បង្កើត​ឧទ្យានជាតិ​ថ្មីៗ​បន្ថែម​ទៀត ដែល «តំណាង​ដល់​ការ​រួម​ចំណែក​របស់​ស្ត្រី និង​ជនជាតិ​ភាគ​តិច» នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ច្រើន​ជាង​មុន។

លោក​ថ្លែង​ថា៖«ដូច្នេះ យើង​នឹង​បង្កើត​ឧទ្យាន​ថ្មីៗ​ដែល​រៀបរាប់​ពី​ប្រវត្តិ​របស់​លោកស្រី Harriet Tubman រៀបរាប់​អំពី​ចលនា​ទាមទារ​សិទ្ធិ​ស្ត្រី អំពី​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អំពី​លោក​វរសេនីយ៍​ឯក Charles Young និង​អំពី​លោក Cesar Chavez នៃ​ក្រុម​ទាហាន Buffalo Soldiers។ ហើយ​យើង​កំពុង​ស្វែង​រក​កន្លែង​ថ្មីៗ​ដែល​រៀបរាប់​ពី​រឿងរ៉ាវ​នៃ​ការ​ស្តារឡើង​វិញ​នូវ​ចលនា​សិទ្ធិ​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​នេះ»។​

នាយក​ទីភ្នាក់ងារ​នេះ​បាន​រៀបរាប់​ពី​គោលបំណង​សំខាន់ៗ​សម្រាប់​ពេល​អនាគត។ លោក​ថ្លែង​ថា៖«គោល​បំណង​ទាំង​នោះ​រួម​មាន ការ​ពង្រីក​ការ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​របស់​យើង ការ​ស្វែង​យល់​អំពី​រឿងរ៉ាវ​ទាំង​នោះ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​និង​ការ​ធ្វើ​ឲ្យរឿង​រ៉ាវ​ទាំង​នោះ​កាន់​តែ​តំណាង​ឲ្យ​អាមេរិក និង​ការ​ប្រយុទ្ធ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​សំខាន់ៗ​ទាំង​នោះ»។

លោក​និយាយ​ថា «ខ្ញុំ​សង្ឃឹម​ថា ទីភ្នាក់ងារ​ឧទ្យានជាតិ​នឹង​មាន​ភាព​រីកចម្រើន​នៅ​សតវត្សរ៍​ទី២​របស់​ខ្លួន ដែល​ទីភ្នាក់ងារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​មួយ។ ប៉ុន្តែ​គន្លឹះ​សំខាន់​គឺ​ការ​គាំទ្រ​ពី​សាធារណជន ពោល​គឺ​ថា ឲ្យ​តែ​សាធារណជន​នៅ​តែ​យល់​ថា ទីភ្នាក់ងារ​ឧទ្យាន​ជាតិ​នៅ​តែ​សំខាន់»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ