លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន និងមន្ត្រីជាន់ខ្ពស់រដ្ឋសភាជាតិបានអះអាងកាលពីព្រឹកថ្ងៃពុធនេះថា រដ្ឋសភាជាតិនឹងប្រកាសសមាជិកថ្មី៩រូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅពាក់កណ្តាលខែមេសាខាងមុខនេះ។
ការអះអាងនេះគឺមួយថ្ងៃមុនពេលដែលរដ្ឋសភានៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនឹងត្រូវប្រជុំពិភាក្សាដើម្បីអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរគឺសេចក្តីព្រាងសេចក្តីស្នើច្បាប់«ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»និងសេចក្តីព្រាងសេចក្តីស្នើច្បាប់«ស្តីពីការបោះឆ្នាតជ្រើសតាំងតំណាងរាស្រ្ត»។
ថ្លែងទៅកាន់ប្រជារាស្ត្រនៅខេត្តបន្ទាយមានជ័យកាលពីព្រឹកមិញនេះ លោក ហ៊ុន សែន បានប្រកាសថា គណបក្សទាំងពីរបានឯកភាពគ្នារួចរាល់ហើយលើការកែទម្រង់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយសមាជិកថ្មីទាំង៩រូបរបស់គណៈកម្មាធិការនឹងត្រូវប្រកាសនាថ្ងៃទី១៣ខែមេសា។
«ស្អែកនេះគឺជាថ្ងៃប្រជុំរដ្ឋសភាអនុម័តច្បាប់ពីរ គណបក្សទាំងពីរគឺស្រុះស្រួលគ្នាឯកឧត្តម សម រង្ស៊ីគាត់ថាគាត់ពេញចិត្ត។ ប៉ុន្តែយ៉ាងណា ក៏ត្រូវតែចេញដែរប្រជុំទាល់តែចប់នឹង វេចបាយទៅប្រជុំ»។
សេចក្តីព្រាងច្បាប់ទាំងពីរទទួលរងការរិះគន់ពីសង្គមស៊ីវិលជាតិនិងអន្តរជាតិរួមទាំងការរិះគន់ពីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សផងដែរ។
លោក ឈាង វុន សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជានិងអ្នកនាំពាក្យសភាជាតិបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃពុធនេះដែរថាសភាជាតិនឹងអាចអនុម័តសេចក្តីព្រាងច្បាប់ដែលមាន២៣ទំព័រនេះក្នុងពេលឆាប់ៗដើម្បីធានាស្ថិរភាពនយោបាយ ការបោះឆ្នោតដោយសេរី និង យុត្តិធ៌មនៅកម្ពុជា។
លោកបានបន្ថែមទៀតថាសមាជិកគណៈអចិន្ត្រៃយ៍នៃរដ្ឋសភាទំនងអាចនឹងប្រកាសជ្រើសរើសបេក្ខភាព ៨នាក់របស់សមាជិកគណៈកម្មាធិការថ្មីនេះនាថ្ងៃទី២៧ខែមិនាខាងមុខនេះបន្ទាប់ពីសេចក្តីព្រាងច្បាប់នេះចូលជាធរមាន ក្រោយពីព្រះមហាក្សត្រ ឡាយព្រះហស្ថលេខានិងប្រថាប់ត្រា។
«ថ្ងៃទី២៧ហ្នឹងគឺគណៈកម្មាធិកាអចិន្ត្រៃយ៍ត្រូវប្រជុំចុងក្រោយពីរឿងពិនិត្យនីតិវិធីនៃការប្រកាសនិងការជ្រើសរើសបេក្ខភាពនិងបេក្ខជនអ្នកចង់ធ្វើសមាជិកគណៈកម្មាធិការនៃការបោះឆ្នោត»។
សេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមាន៧ជំពូកនឹង៦៦មាត្រា។ ច្បាប់នេះរួមមានការដាក់គជបឲ្យជាស្ថាប័នឯករាជ្យ ស្របតាមច្បាប់វិសោធនកម្មថ្មីរបស់រដ្ឋធម្មនុញ្ញ និងកំណត់កញ្ចប់ថវិកាដាច់ដោយឡែកមួយ។
សមាជិកគណៈកម្មាធិការនេះមានសមាសភាព៩រូបដែលក្នុងនោះមាន៤រូបជ្រើសតាំងដោយបក្សកាន់អំណាច ៤រូបផ្សេងទៀតត្រូវជ្រើសតាំងដោយបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភាហើយមួយរូបផ្សេងទៀតត្រូវជ្រើសរើសដោយមានការឯកភាពពីគណបក្សទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភា។ ក៏ប៉ុន្តែច្បាប់ដដែលនេះបានតម្រូវឲ្យសមាជិកនៃគណៈកម្មាធិការមួយនេះមានសញ្ជាតិខ្មែរតែមួយគត់។
គណបក្សទាំងពីរបានឯកភាពរួចហើយថានឹងទទួលយកលោកស្រី ពុង ឈីវកេកដែលជាអ្នកការពារសិទ្ធិមនុស្សដ៏ល្បីល្បាញមួយនៅកម្ពុជាមកធ្វើជាសមាជិកឯករាជ្យទី៩របស់ គណៈកម្មាធិការនេះ។ នេះបើតាមការអះអាងរបស់លោកឈាង វុននិង អ្នកនាំពាក្សគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ។ មន្ត្រីរបស់គណបក្សទាំងពីរនេះបានប្រាប់ VOA ខេមរភាសាថា គណបក្សរបស់ពួកគាត់មិនទាន់សម្រេចចិត្តថានឹងយកបេក្ខភាពណានៅឡើយទេសម្រាប់សមាជិក៨រូបផ្សេងទៀតនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនេះ។
ទោះជាយ៉ាងណាលោក អ៊ូ វីរៈ អ្នកវិភាគនយោបាយកម្ពុជាមួយរូបយល់ថា សមាសភាពគជបអាចនឹងត្រូវរៀបចំរួចរាល់ហើយប៉ុន្តែគណបក្សទាំងពីរមិនហ៊ានបញ្ចេញជាសាធារណៈនៅពេលនេះ។
«ហើយប្រសិនជាចូលជាធរមានហើយ គ.ជ.ប បង្កើតហ្នឹងបានន័យថាគ្មានដំណើរការប្រជាធិបតេយ្យនិងដំណើរការបើកចំហរអីទេគឺគេរើសទុកមុនហើយសមាជិកទាំងអស់ហ្នឹងណា។ គេរើសទុកអស់ហើយ មិនមានដំណើរការ ដាក់ពាក្យ ដូចប្រកាសនោះទេ។ ខ្ញុំជឿជាក់ថាសមាជិកគណបក្សប្រឆាំងក៏មិនប្រកាសដែរ»។
គេដឹងថាលោកស្រី ពុង ឈីវកេក មានសញ្ជាតិពីរគឺបារាំងនិងខ្មែរ ហើយការណ៍នេះវាខុសនិងច្បាប់ថ្មីនេះ។
លោកស្រី ពុង ឈីវកេក ដែលជាស្ថាបនិករបស់អង្គការ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស ហៅកាត់ថា LICADHO មិនអាចទំនាក់ទំនងសុំការអត្ថាធិប្បាយបានទេដោយអ្នកលើកទូរស័ព្ទរបស់លោកស្រីឆ្លើយថាគាត់ជាប់រវល់ប្រជុំ៕