រដ្ឋសភានៅព្រឹកថ្ងៃសុក្រនេះ បានអនុម័តជាឯកច្ឆ័ន្ទលើការផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងអធិការកិច្ចមកធ្វើជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំនួសលោក សុខ សូកេន ស្របពេលដែលវិស័យទេសចរណ៍នៅកម្ពុជាកំពុងរងការរិះគន់។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាជាតិ ចេញនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បញ្ជាក់ថា អង្គប្រជុំរដ្ឋសភាដែលមានប្រធាន និងសមាជិកចំនួន ១០៦ នាក់ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប ដោយទទួលបានសំឡេងយល់ព្រមទាំង ១០៦ រូប។ សមាសភាពដែលបានកែសម្រួលគឺ លោក ហួត ហាក់ ដែលជាអតីតរដ្ឋមន្រ្តីក្រសួងអធិការកិច្ច មកជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ហើយលោក សុខ សូកេន ទៅជំនួសតំណែងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចវិញ។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង អំពីមូលហេតុនៃការផ្លាស់ប្តូរនេះ ប៉ុន្តែលោកមិនទទួលទូរស័ព្ទ។
វីអូអេក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ហួត ហាក់ និងលោក សុខ សូកេន បានដែរនៅថ្ងៃសុក្រនេះ។
លោក សុខ សូកេន ជាកូនប្រុសរបស់លោក សុខ អាន អតីតរដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។ លោកត្រូវបានតែងតាំងធ្វើជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ក្នុងអាណត្តិនៃការរៀបចំក្បាលម៉ាស៊ីនរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ហើយក្នុងរយៈពេលជាងមួយឆ្នាំនៃការដឹកនាំរបស់លោក សុខ សូកេន វិស័យទេសចរណ៍រងការរិះគន់ជាបន្តបន្ទាប់។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អប្រាប់វីអូអេជាសារអក្សរតាមបណ្តាញសង្គមតេឡេក្រាមថា ការផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងទេសចរណ៍គឺជាការចាំបាច់ ដោយសារតែមូលហេតុសំខាន់ៗចំនួនពីរ។
លោកបញ្ជាក់ក្នុងន័យដើមថា៖ «ការថយចុះយ៉ាងខ្លាំងនៃចំនួនអ្នកទេសចរ ស្របពេលដែលមានការការរិះគន់យ៉ាងខ្លាំងពីភ្ញៀវទេសចរទៅលើអាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប និងលើប្រភេទសេវាកម្មផ្សេងៗទៀតនិងទីពីរ បញ្ហាដ៏ធ្ងន់ធ្ងរពាក់ព័ន្ធនឹងអភិបាលកិច្ចល្អពីក្នុងក្រសួងទេសចរណ៍ខ្លួនឯង»។
អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អរូបនេះបន្ថែមថា ការផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងទេសចរណ៍នេះគឺជាសញ្ញាល្អក្នុងការឆ្លើយតបជាវិជ្ជមានចំពោះមតិសាធារណៈ។
ក្រៅពីវិស័យទេសចរណ៍រងការរិះគន់ គេក៏ឃើញសារព័ត៌មាន ដឹ ខេមបូឌា ដេលី ផ្សាយអំពីមន្រ្តីក្រសួងទេសចរណ៍ស្នើឱ្យដកលោក សុខ សូកេន ចេញពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយថា រដ្ឋមន្រ្តីរូបនេះកំពុងធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់ចុះខ្លាំង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់វីអូអេថា មូលហេតុនៃការផ្លាស់ប្តូររដ្ឋមន្រ្តីទាំងពីរនេះ គឺដោយសារជាសំណូមពរចាំបាច់របស់រដ្ឋាភិបាលដើម្បីធ្វើឱ្យការដឹកនាំកាន់តែមានប្រសិទ្ធភាព។ ពាក់ព័ន្ធនឹងការរិះគន់វិស័យទេសចរណ៍ លោក សុខ ឥសាន ថា មិនមែនជាមូលហេតុដែលនាំឱ្យមានការផ្លាស់ប្តូរនោះទេ។
លោកបញ្ជាក់ថា៖ «យើងមិនយកការរិះគន់យកមកធ្វើជាសេចក្តីសម្រេចទេ។ យើងពិនិត្យមើលដំណើរការការងាររបស់រដ្ឋាភិបាលថា តើមានប្រសិទ្ធភាព ឬមួយក៏មិនទាន់មានប្រសិទ្ធភាព។ អាហ្នឹងរាជរដ្ឋាភិបាលលោកគិតអ៊ីចឹង។ ហើយគណបក្សប្រជាជនដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលលោកក៏គិតដែរ។ អ៊ីចឹងទេបានជាគណៈកម្មការអចិន្ត្រៃយ៍គណបក្សលោកសម្រេចឱ្យមានការផ្លាស់ប្តូរ»។
បើតាមលោក សុខ ឥសាន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី លោក ហួត ហាក់ នឹងធ្វើឱ្យវិស័យទេសចរណ៍មានភាពរីកចម្រើន ឬយ៉ាងណានោះ គឺត្រូវរង់ចាំមើលទាំងអស់គ្នា៕