ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគ្រោងទុកនោះ រដ្ឋសភាជាតិកម្ពុជាកាលពីព្រឹកថ្ងៃច័ន្ទនេះបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុងការប្ដូរសមាសភាពមន្ត្រីជាន់ខ្ពស់របស់គណៈរដ្ឋមន្ត្រីចំនួន២៦រូប និងបញ្ចប់មុខងារមន្ត្រីជាន់ខ្ពស់ពីររូបពីរដ្ឋាភិបាល។
តំណាងរាស្ត្រ៧០រូបនៃចំនួន១០៧ ដែលមានវត្តមានក្នុងកិច្ចប្រជុំរដ្ឋសភាបានបោះឆ្នោតគាំទ្រដល់ការសម្រេចរបស់រដ្ឋាភិបាលដែលទទួលការរិះគន់ជាច្រើននោះ ខណៈពេលតំណាងរាស្ត្រ២៤រូប ជ្រើសយកការមិនយល់ព្រម និង១៣នាក់ផ្សេងទៀត បោះឆ្នោតអនុប្បវាទ។
ក្រោយពីការបោះឆ្នោតសម្ងាត់ដែលមានរយៈពេលមិនដល់មួយម៉ោង ដោយមិនអនុញ្ញាតឲ្យមានការបញ្ចេញមតិនោះ លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសនៃគណបក្សកាន់អំណាចបានប្រកាសថា៖«អនុលោមទៅតាមការបោះឆ្នោតទុកចិត្តអម្បាញ់មិញនេះ ខ្ញុំសូមប្រកាសជាឱឡារិកថា សមាសភាពសមាជិករបស់រាជរដ្ឋាភិបាលដែលមានឈ្មោះខាងលើនេះ ត្រូវបានអង្គសភាបោះឆ្នោតជាប់ជាស្ថាពរនាសម័យប្រជុំសភាលើកទី៦ នីតិការទី៥ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦»។
នៅក្នុងការប្រកាសនេះ លោក ហេង សំរិន បានឲ្យដឹងផងដែរថា សមាសភាពមន្ត្រីជាន់ខ្ពស់ទាំង២៦រូប ដែលសភាគាំទ្រ រួមមានការបញ្ចប់តួនាទីរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ដោយរក្សាទុកងារជាឧបនាយករដ្ឋមន្ត្រី ហើយតែងតាំងលោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសលោក ហោ ណាំហុង។
ការតែងតាំងនេះរួមបញ្ចូលផងដែរ លោក អូន ព័ន្ធមុនីរ័ត្ន ជាទេសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ការប្ដូរលោក ត្រំា អ៊ីវតឹក អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅគ្រប់គ្រងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍វិញ ហើយតែងតាំង លោក ជា សុផារ៉ា អតីតចៅហ្វាយក្រុងភ្នំពេញ ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំនួសលោក អ៊ឹម ឈុនលឹម ដែលលាលែងពីតំណែងជាដើម។
គម្រោងនៃការផ្លាស់ប្ដូរគណៈរដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន ទទួលរងការរិះគន់ជាច្រើនពីអ្នកវិភាគ និងអ្នកឃ្លាំមើលការវិវឌ្ឍនយោបាយកម្ពុជា ចំពោះការដឹកនាំរបស់មន្ត្រីដដែលៗក្នុងជួររដ្ឋាភិបាល។
ក្នុងនោះ ក៏មានការប្រដូចការប្ដូរគណៈរដ្ឋមន្ត្រីនេះទៅនឹង«ស្រាក្រហមចាស់ដែលច្រកក្នុងដបថ្មីដូច្នោះឯង» ដែលផ្ទុយពីការរុះរើគណៈរដ្ឋមន្ត្រីក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ាក្បែរខាងនោះ។
មុនពេលធ្វើការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានឥទ្ធិពលបានថ្លែងការពារចំណាត់ការនៃការផ្លាស់ប្តូរនេះ ដោយបានអះអាងថា វានឹងអាចជួយពន្លឿនការងាររបស់រដ្ឋបាលលោកឲ្យបានកាន់តែមានប្រសិទ្ធភាព។
លើសពីនេះទៀតលោក ហ៊ុន សែន ថ្លែងថា ការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក គឺស្របតាមសំណើបញ្ចប់មុខងាររបស់សាមីខ្លួន ភាពចាំបាច់ក្នុងការផ្ដល់មុខងារមួយចំនួនដល់សមាជិករដ្ឋាភិបាលបន្ថែមទៀត ការកែសម្រួលរបស់សមាជិកមួយចំនួនរបស់រដ្ឋាភិបាល ឲ្យទទួលបន្ទុកនៅស្ថាប័នដែលសាកសមនឹងសមត្ថភាពរបស់មន្ត្រីទាំងនោះ ភាពចាំបាច់ក្នុងការប្រមូល និងរក្សា និងប្រើប្រាស់ឲ្យអស់លទ្ធភាពនៃធនធាន ហើយនិងមន្ត្រីសំខាន់ៗមួយចំនួន ដែលមានបទពិសោធ និងមានសុខភាពមាំមួន និងការផ្ទេរការងារដល់មន្ត្រីវ័យក្មេងដែលមានសមត្ថភាពខ្ពស់ក្នុងការអនុវត្តការងារជាដើម។
ទាក់ទិននឹងការរិះគន់នោះដែរ លោក ហ៊ុន សែន ក៏បានថ្លែងថា សមាជិករដ្ឋសភាចំនួន៦៨រូប គឺគ្រប់គ្រាន់ក្នុងការបោះឆ្នោតគាំទ្រគម្រោងរបស់លោកនេះ។
«ខ្ញុំសូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណដល់សមាជិក សមាជិកានៃគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា នឹងមិនបោះឆ្នោតគាំទ្រនោះទេ។ សូមអរគុណណាស់ ព្រោះថា គណបក្សប្រជាជនមិនត្រូវការសំឡេងរបស់អស់លោកអ្នកនោះទេ ហើយប្រសិនបើបោះឆ្នោត នាំតែគណបក្សប្រជាជនជំពាក់គុណរបស់ឯកឧត្ដម លោកជំទាវ។ អញ្ចឹង សូមមេត្តា កុំបោះឆ្នោតឲ្យសោះ ហើយថ្ងៃក្រោយ យើងខ្ញុំក៏នឹងយកវិធានដូចគ្នានេះផងដែរ។ សូមអរគុណណាស់។»។
ក្រៅពីនេះលោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ ក៏បានថ្លែងឲ្យដឹងផងដែរថា ការបញ្ចប់តំណែង គាត ឈន់ លោក ហោ ណាំហុង និងលោក អ៊ឹម ឈុនលឹម គឺស្របតាមសំណើរបស់ពួកលោក ហើយលោក អ៊ឹម ឈុនលឹម ក៏ត្រូវបានតែងតាំងជាសមាជិកនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមផងដែរ។
យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ ដែលមានសំឡេងភាគតិចក្នុងរដ្ឋសភាថ្លែងប្រាប់ VOA ក្រោយពីការបោះឆ្នោតនាព្រឹកថ្ងៃច័ន្ទនេះថា៖
«ខ្ញុំអត់មានការសោកស្ដាយអីទេ ពីព្រោះជាការពិត យើងស៊ីសងលើប្រជារាស្ត្រទេ។ បើគាត់ចង់ធ្វើការកែទម្រង់ឲ្យបានល្អប្រសើរជាងនេះ អាហ្នឹងជាឆន្ទៈរបស់គាត់ តែបើប្រជាពលរដ្ឋចង់បានយ៉ាងម៉ិច ហើយគាត់ធ្វើតាមឆន្ទៈ ឬមិនតាមឆន្ទៈ អាហ្នឹងជារឿងរបស់គាត់។ សំខាន់បំផុត នៅក្នុងការបោះឆ្នោតអាណត្តិក្រោយនេះ តើប្រជាពលរដ្ឋ យល់ឃើញយ៉ាងម៉ិច។ ប្រសិនបើការងាររបស់គាត់ អត់ប្រសិទ្ធភាព កែទម្រង់ទៅវាមិនមានភាពវិជ្ជមាន ល្អប្រសើរជាងអ្វីដែលបានធ្វើពីមុន អាហ្នឹងប្រជាពលរដ្ឋ វិនិច្ឆ័យទៅតាមហ្នឹងទៅ»។
លោកបន្តថា លោកមិនមានការភ្ញាក់ផ្អើលអ្វីនោះទេ ដែលរដ្ឋសភាជាតិគ្រប់គ្រងដោយគណបក្សកាន់អំណាច មិនអនុញ្ញាតឲ្យមានបញ្ចេញមតិលើការរៀបចំផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីរបស់រដ្ឋបាលលោក ហ៊ុន សែន នេះ៕