រដ្ឋសភា និងព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិក្នុងប្រទេសកម្ពុជា បានបង្ហាញការគាំទ្រជាសាធារណៈលើសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងការកំហិតសិទ្ធិឈរឈ្មោះរបស់សមាជិកគណបក្សជំទាស់។
ក្រោយការថ្លែងរបស់លោក ហ៊ុន សែន កាលពីថ្ងៃអង្គារ អំពីសំណើវិសោធនកម្មច្បាប់បោះឆ្នោត សភាទាំងពីរថ្នាក់ គឺរដ្ឋសភា និងព្រឹទ្ធសភា បានចេញញត្តិគាំទ្រលើសំណើនេះ ដែលមានគោលដៅប្រឆាំងនឹងអ្នកដែលមិនទៅបោះឆ្នោតនាពេលខាងមុខ។
ក្នុងញត្តិមួយចុះថ្ងៃទី១៣ ខែមិថុនា ព្រឹទ្ធសភាបានបង្ហាញការគាំទ្រលើសំណើរបស់លោក ហ៊ុន សែន។
ព្រឹទ្ធសភាបញ្ជាក់ថា៖ «ការកែទម្រង់នេះ ដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្ដើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ»។
ញត្តិដដែលបញ្ជាក់ថា៖ «ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រទាំងស្រុងចំពោះប្រសាសន៍ និងការផ្តួចផ្ដើមគំនិតដ៏ខ្ពង់ខ្ពស់បំផុតនេះ គឺដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាពនយោបាយ នីតិរដ្ឋ និងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការចេញញត្តិគាំទ្រនេះ តំណាងឱ្យស្ថាប័នព្រឹទ្ធសភាទាំងមូល ដែលលោកថាជាការឯកភាពចំពោះស្មារតីផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកថ្លែងថា៖ «យើងគាំទ្រគំនិតផ្តួចផ្តើមទេ។ យើងមិនទាន់គាំទ្រដល់ច្បាប់ទេ ព្រោះច្បាប់អត់ទាន់បានធ្វើវិសោធនកម្មនៅឡើយទេ គ្រាន់តែជាគំនិតផ្តួចផ្តើម។ យើងគាំទ្រលោក ដើម្បីឱ្យរៀបចំវិសោធនកម្មច្បាប់ហ្នឹង»។
ក្នុងញត្តិដាច់ដោយឡែកមួយ ប៉ុន្តែមានអត្ថន័យដូចគ្នា រដ្ឋសភាកម្ពុជាបានបង្ហាញការគាំទ្រគំនិតរបស់លោក ហ៊ុន សែន ដែលចង់ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត។
រដ្ឋសភាបញ្ជាក់ថា៖ អ្នកដែលមានបំណងចង់ឈរឈ្មោះបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អ របស់ជាតិក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត។ ក្នុងន័យនេះ អ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថាបានបាត់បង់នូវលក្ខណៈសម្បត្តិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការចេញញត្តិគាំទ្រនេះ គឺតំណាងដោយសមាជិកសភាទាំងអស់ ក្នុងការគាំទ្រសំណើរបស់លោកនាយករដ្ឋមន្រ្តី។
លោកថ្លែងថា៖ «អ៊ីចឹងអ្នកដែលអត់មានចូលរួមកិច្ចការបោះឆ្នោតយ៉ាងអសកម្ម គឺថា យើងមិនគួរអនុញ្ញាតឱ្យឈរឈ្មោះអ៊ីចឹងទេ ព្រោះគាត់មិនចូលរួមយ៉ាងសកម្មផងហ្នឹង! អាហ្នឹងគឺយើងគាំទ្រស្មារតីរបស់សម្តេចតេជោបាទ»។
អ្នកវិភាគនយោបាយលោក សេង សារី លើកឡើងថា បច្ចុប្បន្ននេះ អំណាចស្ថាប័នឯករាជ្យទាំងអស់កំពុងស្ថិតក្រោមការសម្រេចរបស់បុគ្គលតែម្នាក់ ដែលជាបញ្ហាប្រឈមសម្រាប់កម្ពុជាក្នុងការអនុវត្តនីតិរដ្ឋ។
លោកថ្លែងថា៖ «យើងឃើញហើយថា តុលាការក្ដី សភាក្ដី កងកម្លាំងប្រដាប់អាវុធក្ដី មន្រ្តីរាជការក្ដី គឺតែងតែចេញញត្តិគាំទ្រនូវអ្វីដែលជាសេចក្ដីថ្លែង ឬក៏ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រប់ដំណើរលោកនាយករដ្ឋមន្រ្តីចង់បាន»។
អ្នកវិភាគនយោបាយរូបនេះបន្ដថាច្បាប់គួរតែត្រូវបានបង្កើតឡើង ដើម្បីបម្រើនូវផលប្រយោជន៍រួម ជាជាងសម្រាប់ក្រុម ឬបុគ្គលណាមួយ៕