គណបក្សកម្លាំងជាតិ ដែលជាគណបក្សនយោបាយថ្មីមួយបង្កើតឡើងដោយអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ បានចោទប្រកាន់ថា ក្រុមមេដឹកនាំគណបក្សភ្លើងទៀនសព្វថ្ងៃ បានប្តូរជំហរផ្ទុយពីស្មារតីដើម ដោយបានបោះបង់គោលការណ៍ប្រជាធិបតេយ្យ សេរី និងចាប់យកជម្រើសផ្ដាច់ការ បង្ខិតបង្ខំ គំរាមកំហែង ព្រមទាំងរំលោភលើសិទ្ធិសម្រេចចិត្តជាសម្ងាត់របស់អង្គបោះឆ្នោត និងបានបណ្តេញសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតចេញពីតួនាទីជាច្រើននាក់នៅទូទាំងប្រទេស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សរបស់គណបក្សកម្លាំងជាតិ។
សេចក្តីថ្លែងការណ៍នេះដែលចេញផ្សាយនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ បានបញ្ជាក់ថា ក្រុមមេដឹកនាំគណបក្សភ្លើងទៀនបានប្រព្រឹត្តទង្វើផ្តាច់ការមួយចំនួនដែលអនុវត្តដោយក្រុមមេដឹកនាំគណបក្សភ្លើងទៀនទៅលើសកម្មជនតស៊ូ លះបង់ ស្មោះត្រង់ នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំគឺការបណ្តេញចេញពីតួនាទីសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតចំនួន ៥ រូប កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤។
សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិបញ្ជាក់ក្នុងន័យដើមថា៖ «ទង្វើផ្តាច់ការរបស់ក្រុមមេដឹកនាំគណបក្សភ្លើងទៀននៅពេលនេះគឺបានបង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុតដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតនៅទូទាំងប្រទេស ហើយគណបក្សកម្លាំងជាតិត្រូវតែចេញមុខការពារយុត្តិធម៌ជូនអ្នកដែលកំពុងរងគ្រោះដោយទង្វើផ្ដាច់ការនេះ និងជំរុញឲ្យក្រុមមេដឹកនាំគណបក្សភ្លើងទៀនងាកមកអនុវត្តតាមគន្លងគោលការណ៍ប្រជាធិបតេយ្យ សេរីឡើងវិញ ស្របតាមស្មារតីដើមរបស់អតីតស្ថាបនិកគណបក្សភ្លើងទៀន»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតអនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ប្រាប់វីអូអេថា ជាគោលការណ៍របស់គណបក្សកម្លាំងជាតិគឺការពារយុត្តិធម៌ ហើយលោកថា រឿងដែលគណបក្សភ្លើងទៀនបណ្តេញសមាជិកខ្លួនមិនមែនជារឿងថ្មីនោះទេ។ ជាក់ស្តែងនៅក្នុងឃុំសម្បូរ ខេត្តកំពង់ធំ គណបក្សជំទាស់មួយនេះបានបណ្តេញក្រុមប្រឹក្សាឃុំចំនួន៥រូបផងដែរ។ លោកបន្តថា សកម្មភាពនេះបង្ហាញពីភាពអយុត្តិធម៌ទៅលើក្រុមប្រឹក្សាឃុំសង្កាត់ទាំង ៥ នាក់នោះ ដោយពួកគេមិនបានប្រព្រឹត្តកំហុសណាមួយឡើយ។
លោកថ្លែងថា៖ «ដូច្នេះយើងឃើញថា ការបញ្ឈប់និងលុបឈ្មោះពួកគាត់ចេញពីក្រុមប្រឹក្សាឃុំ យើងឃើញវាជារឿងមួយអយុត្តិធម៌ចំពោះពួកគាត់ណាស់ ចំពោះទង្វើក្រុមមេដឹកនាំគណបក្សភ្លើងទៀនដែលធ្វើមកលើពួកគាត់បែបនេះ»។
លោក រ៉ុង ឈុន បានសង្កត់ធ្ងន់ថា គណបក្សភ្លើងទៀនបានបញ្ឈប់សមាជិក និងក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនដោយមិនមានហេតុផល និងមិនគោរពតាមគោលការណ៍របស់គណបក្សឡើយ ពោលគឺចាប់តាំងពីមានការចាកចេញជាបន្តបន្ទាប់របស់អតីតមេដឹកនាំគណបក្សភ្លើងទៀនទៅគណបក្សកម្លាំងជាតិ ។
លោកក៏ស្នើសុំឲ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបញ្ឈប់ទង្វើនៃការបណ្តេញសមាជិកនៃក្រុមប្រឹក្សាឃុំសង្កាត់ដែលបានជាប់ឆ្នោត និងគោរពតាមគោលការណ៍នីតិវីធីបក្ស ព្រមទាំងគោរពតាមស្មារតីដើមនៃប្រជាធិបតេយ្យសេរីឡើងវិញ។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់គណបក្សកម្លាំងជាតិ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា ការដក ឬការផ្លាស់ប្តូរក្រុមប្រឹក្សាឃុំសង្កាត់គឺសម្រាប់តែសមាជិកមួយចំនួនតូច ដែលបានប្រព្រឹត្តខុសគោលការណ៍គណបក្ស និងបម្រើឲ្យគណបក្សផ្សេងតែប៉ុណ្ណោះ។ លោកថា គណបក្សភ្លើងទៀនមិនដែលបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនឡើយ។ លោកបញ្ជាក់ថា នេះជាការលាបពណ៌ក្នុងចេតនាអាក្រក់មកលើថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ក្នុងគោលបំណងបង្ខូចដើម្បីកេងចំណេញយកផលប្រយោជន៍នយោបាយ។
លោកថ្លែងថា៖ «ការផ្លាស់ប្តូរគឺសម្រាប់តែមន្រ្តីគណបក្សខ្លះ ដែលបានដើរខុសពីគោលការណ៍គណបក្ស មិនគោរពលក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង រួមនឹងសេចក្តីណែនាំផ្សេងៗរបស់គណបក្ស ដែលពួកគាត់បានទៅបម្រើសកម្មភាពនយោបាយឲ្យគណបក្សផ្សេង ដែលប្រាសចាកពីច្បាប់ស្តីពីគណបក្សនយោបាយដែលមិនតម្រូវឲ្យមនុស្សម្នាក់ជាសមាជិករបស់គណបក្សនយោបាយ ២ ក្នុងពេលតែមួយឡើយ។ គណបក្សមានសិទ្ធិដោះដូរ ឬផ្លាស់ប្តូរអ្នកណាម្នាក់ដែលបានដើរខុសពីមាគ៌ា ឬបន្ទាត់នយោបាយរបស់គណបក្ស និងផ្ទុយពីគោលការណ៍គណបក្សហើយនឹងលក្ខន្តិកៈគណបក្ស»។
លោក លី សុធារ៉ាយុត្តិ បន្ថែមថា គោលការណ៍របស់គណបក្សភ្លើងទៀនគឺតែងប្រកាន់ខ្ជាប់នូវយុត្តិធម៌ និងមិនអនុវត្ត ឬដឹកនាំបែបផ្តាច់ការ និងបង្កការឈឺចាប់ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួននៅទូទាំងប្រទេសដូចជាគណបក្សកម្លាំងជាតិ និងបុគ្គលមួយក្តាប់តូចបាននិយាយ និងផ្សព្វផ្សាយមួលបង្កាត់នោះឡើយ។
លោកបញ្ជាក់ថា៖ «ផ្ទុយទៅវិញ គណបក្សភ្លើងទៀនលើកតម្កើងគោលការណ៍យុត្តិធម៌ និងការពារសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនជានិច្ច មិនឲ្យរងទទួលនូវការបង្ខិតបង្ខំ និងការគាបសង្កត់ពីបុគ្គលដែលបានចាកចេញពីគណបក្សទៅចូលរួមជាមួយនឹងគណបក្សផ្សេងឡើយ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល គណបក្សកម្លាំងជាតិអំពាវនាវដល់ក្រសួងមហាផ្ទៃ សូមកុំទទួលចាត់ការនូវរាល់សំណុំឯកសារនៃការស្នើសុំផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលស្នើឡើងដោយក្រុមមេដឹកនាំគណបក្សភ្លើងទៀន ពីព្រោះជាទង្វើរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិនយោបាយ និងរំលោភសិទ្ធិពលរដ្ឋម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជ្រើសរើសតំណាងនៅថ្នាក់មូលដ្ឋានឃុំ សង្កាត់ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ៕