ទីភ្នាក់ងារ​អវកាស​​អាមេរិក NASA បាញ់​បង្ហោះ​​រ៉ុក្កែត Artemis​ សាកល្បង​​ដឹក​យាន​ថ្មី​​ទៅ​កាន់​ព្រះចន្ទ

រ៉ុក្កែត Artemis ដែល​គ្មាន​មនុស្ស​បើក​សាកល្បង​ដឹក​យាន​ដ្មី​ទៅ​កាន់ភព​ព្រះចន្ទ នៅ​ក្រុង Cape Canaveral រដ្ឋ​ Florida ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

រ៉ុក្កែត Artemis​ ដែល​ដឹក​យាន​ថ្មីទៅ​ភព​ព្រះចន្ទ​របស់​ទីភ្នាក់ងារ​អវកាសណាសា​ (NASA) របស់​សហរដ្ឋ​អាមេរិក ត្រូវ​បានបាញ់បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស Kennedy នៅ​ក្នុង​រដ្ឋ Florida ដែល​ជាការ​បាញ់​បង្ហោះ​លើក​ដំបូង​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រលឹម​ថ្ងៃ​ពុធ​ម្សិលមិញ។​ ការ​បាញ់​បង្ហោះ​នេះ គឺ​ជា​ជំហាន​ដ៏ធំមួយរបស់​សហរដ្ឋអាមេរិក​ ក្នុង​ការ​ខិត​កាន់តែ​ជិត ទៅ​ដល់​ការបញ្ជូន​ក្រុម​អវកាសយានិក​ត្រឡប់​ទៅ​ឋាន​ព្រះចន្ទ​វិញជា​លើក​ដំបូង​ ចាប់​តាំង​ពី​ការ​បញ្ចប់​កម្មវិធី Apollo (អាប៉ូឡូ) កាល​ពី​៥០​ឆ្នាំ​កន្លង​ទៅ។

ការ​បាញ់​បង្ហោះ​រ៉ុក្កែត​ដឹក​យាន​ទៅ​កាន់​ព្រះចន្ទ​នេះ កើត​មាន​ឡើង​ប្រមាណ​៣​ខែ​ បន្ទាប់​ពី​មាន​ការ​ផ្អាក​ដោយ​សារ​ការលេច​ធ្លាយ​ប្រេង​ ដែល​ធ្វើ​ឱ្យ​រ៉ុក្កែត​នេះ​ មាន​លក្ខណៈឃ្លីងឃ្លោង​នៅ​លើ​ជើង​ទម្រ​បាញ់បង្ហោះ​របស់​វា។​

ប្រសិន​បើ​អ្វីៗ​គ្រប់យ៉ាង​ដំណើរការ​ទៅ​ដោយ​រលូនក្នុង​រយៈ​ពេល​៣​សប្តាហ៍​នោះ​ យាន​នេះ​នឹង​ជំរុញ​យាន​ដែល​គ្មាន​មនុស្ស​ជិះ​ ឱ្យ​ចូល​ទៅក្នុង​គន្លង​តារាវីថី​ (orbit) ​ដែល​ស្ថិត​នៅ​ជុំវិញ​ភព​ព្រះ​ចន្ទ​នោះ។​ ​

​យាន capsule ​ដែល​ត្រូវ​ផ្តាច់​ខ្លួន​ចេញ​នោះ នឹង​វិល​ត្រឡប់​មកកាន់​ភព​ផែនដី​វិញ​ ដោយ​ទម្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​នេះ។​ ​ទីភ្នាក់ងារ​ NASA ​សង្ឃឹម​ថា​ នឹង​បញ្ជូន​អវកាសយានិកចំនួន​៤​រូបទៅ​កាន់​ភព​ព្រះចន្ទ នៅ​ក្នុង​ការ​បាញ់បង្ហោះ​យាន​របស់​ខ្លួន​លើក​ក្រោយ​ក្នុង​ឆ្នាំ​២០២៤ ដើម្បីបញ្ជូន​មនុស្ស​ទៅ​កាន់​ភព​នោះយ៉ាង​ឆាប់​បំផុត​ក៏​ត្រឹម​ឆ្នាំ​២០២៥ខាងមុខ​នេះ​ផង​ដែរ៕​

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​មាន​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP